ប្រភព៖ RFA
សកម្មជនសិទ្ធិមនុស្សអន្តរជាតិអោយដឹងថា កិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា គឺជាកិច្ចព្រមព្រៀងមួយដែលមិនអាចជួយអោយមានការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាពនៅកម្ពុជា នៅថ្ងៃអនាគត ដូចដែលពលរដ្ឋកម្ពុជា ទន្ទឹងរង់ចាំនោះឡើយ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងជាអតីតមន្ត្រីច្បាប់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មានសេចក្តីដូចតទៅ៖
ជី វិតា៖ តើលោកយល់ឃើញយ៉ាងណាចំពោះកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា ដែលធ្វើអោយភាពតានតឹងនយោបាយនៅកម្ពុជា បានធូស្រាលនោះ?
ប៊្រែដ អាដាម៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីនេះ នឹងមានបញ្ហាដដែលដូចនឹង គ.ជ.ប មុនៗដែរ។ ពីព្រោះកិច្ចព្រមព្រៀងនេះ ផ្តល់លទ្ធភាពអោយគណបក្សប្រជាជនកម្ពុជា អាចបង្កើនសំឡេងភាគច្រើនរបស់ខ្លួនបានក្នុង គ.ជ.ប ដោយជ្រើសរើសមនុស្សរបស់ខ្លួនសម្រាប់សមាជិកទី៩។ ពីព្រោះកិច្ចព្រមព្រៀងតម្រូវអោយមានសំឡេងយល់ព្រមទាំងអស់គ្នាពីសមាជិកទាំង ៨ រូបពីបក្សទាំងពីរដើម្បីរើសយកសមាជិកទី៩ ប៉ុន្តែបញ្ហាត្រង់ថា បើគណបក្សសង្គ្រោះជាតិ ដាក់មនុស្សណាម្នាក់ដែលខ្លួនពេញចិត្តជាបេក្ខជនសមាជិកទី៩ តែគណបក្សប្រជាជនកម្ពុជា មិនពេញចិត្ត គ.ជ.ប ចាស់ដែលគ្របដណ្តប់ដោយគណបក្សប្រជាជនកម្ពុជានោះ នឹងនៅបន្តការងារទៅមុខទៀតដោយស្វ័យប្រវត្តិ។ ដូច្នេះគណបក្សប្រជាជនកម្ពុជា សប្បាយចិត្តណាស់ចំពោះកិច្ចព្រមព្រៀងបង្កើតសមាសភាព គ.ជ.ប ថ្មីនេះពីព្រោះទី១ គណបក្សនេះអាចនឹងរក្សាទុក គ.ជ.ប ចាស់របស់ខ្លួនក៏បាន ឬបើគណបក្សសង្គ្រោះជាតិ មិនចង់ឃើញ គ.ជ.ប ចាស់បន្តអាណាត្តិទៅមុខទៀតទេនោះ គណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវតែបង្ខំចិត្តទទួលយកសមាជិកបេក្ខជនសមាជិកទី៩ ដែលគណបក្សប្រជាជនកម្ពុជា ដាក់សមាជិកគ.ជ.ប ដំបូង មុនការបោះឆ្នោតឆ្នាំ១៩៩៨ មានគ្នា ៥នាក់។ ២នាក់តែងតាំងដោយគណបក្សហ៊្វុនស៊ិនប៉ិច និង ៣នាក់ តែងតាំងដោយគណបក្សប្រជាជនកម្ពុជា។ ពេលនោះ គ.ជ.ប ត្រូវបានចាត់ចែងដោយអគ្គលេខាធិការម្នាក់ គឺលោក អ៊ឹម សួស្តី ហើយលោកជាប្រធាន គ.ជ.ប បច្ចុប្បន្ន។
លោក អ៊ឹម សួស្តី គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ដូច្នេះមនុស្សគ្រប់គ្រង និងចាត់ចែងផ្នែកខាងក្រោមៗ សុទ្ធតែជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ទាំងអស់។ ហេតុដូច្នេះហើយ រូបមន្តបែបនោះ ធ្វើអោយគណបក្សប្រឆាំងបរាជ័យក្នុងការធ្វើកំណែទម្រង់គ្រប់បែបយ៉ាង។
ខ្ញុំមិនខ្វល់នឹងគណបក្សប្រឆាំងមានអំណាច ឬមិនមានអំណាចនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំខ្វាយខ្វល់នោះ គឺប្រជាជនកម្ពុជា ដែលចាប់តាំងពីឆ្នាំ១៩៩៣ មក មិនដែលមានឱកាសបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ដោយសារតែគណបក្សនយោបាយត្រួតត្រា គ្រប់គ្រង គ.ជ.ប ហើយបញ្ហាបែបនេះនឹងកើតមានទៀត ពីព្រោះប្រព័ន្ធរៀបចំដែលបានព្រមព្រៀងគ្នាក្រោយការបោះឆ្នោត ឆ្នាំ២០១៣ នេះ ខ្ញុំមិនឃើញមានអ្វីខុសប្លែកទេ។
ជី វិតា៖ ប៉ុន្តែតើគណបក្សប្រឆាំងអាចធ្វើអ្វីបានទៀត? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបដិសេធចោលនូវរាល់សំណើថ្មីៗរបស់គណបក្សប្រឆាំង។ ដោយសារតែដូច្នេះហើយ ទើបវិបត្តិជាប់គាំងខាងនយោបាយអូសបន្លាយជិតមួយឆ្នាំក្រោយការបោះឆ្នោត។ ដូច្នេះលោកមានអនុសាសន៍អ្វី?
ប៊្រែដ អាដាម៖ ខ្ញុំគិតថា បក្សប្រឆាំងគួរប្រកាន់ខ្ជាប់លើគោលការណ៍របស់ខ្លួនជាគោលការណ៍សម្រាប់ពលរដ្ឋ។ ម្តងទៀត ខ្ញុំមិនយកចិត្កទុកដាក់នឹងគណបក្សប្រឆាំងស្អីទេ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់នោះ គឺប្រជាពលរដ្ឋកម្ពុជា ថាតើពួកគេនឹងមានឱកាសបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឬអត់? ខ្ញុំនិយាយនេះមិនមែនចង់ថា បក្សប្រឆាំងមិនត្រូវមានការព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជាទេ។ ប៉ុន្តែការព្រមព្រៀងមួយនេះមិនល្អទេពីព្រោះវានឹងមិននាំមកនូវការផ្លាស់ប្តូរឡើយ។
មើលពីសំបកក្រៅទៅ ប្រហែលវាជារឿងល្អដែរសម្រាប់បក្សប្រឆាំងចូលរដ្ឋសភា និងដឹកនាំគណៈកម្មការខ្លះៗ ដែលគ្មានអំណាច។ ប្រហែសជាការល្អមើលដែរនៅពេលសរសេរចែងក្នុងរដ្ឋធម្មនុញ្ញថា សមាជិកទី៩ នៃ គ.ជ.ប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងពីគណបក្សទាំងពីរ។ ប៉ុន្តែការអនុវត្តជាក់ស្ដែងទំនងជាមិនអាចទៅរួចដូចនៅលើក្រដាសនោះទេ។
ដូច្នេះ ទើបខ្ញុំនិយាយថា បក្សប្រឆាំងត្រូវតែរក្សានូវគោលជំហរទាមទាររបស់ខ្លួន។ លើសពីនេះទៀត នៅក្នុងកិច្ចព្រមព្រៀងនេះ ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាបក្សសង្គ្រោះជាតិ មិនទាមទារអោយជាក់លាក់នូវការបញ្ចប់បម្រាមហាមឃាត់ការធ្វើបាតុកម្ម? ហេតុអ្វីបានមិនទាមទារការលើកលែងនូវការចោទប្រកាន់តំណាងរាស្ត្រទាំងអស់? ហេតុអ្វីបានមិនទាមទារអោយបក្សប្រជាជនកម្ពុជា បញ្ឈប់ប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ?ឥឡូវនេះ ពួកគេគ្រាន់តែត្រូវបានដោះលែងចេញពីពន្ធនាគារបណ្ដោះអាសន្នប៉ុណ្ណោះ។
ជី វិតា៖ ប៉ុន្តែលោក ព្រុំ សុខា ប្រធានក្រុមចរចានយោបាយពីគណបក្សប្រជាជនកម្ពុជា និយាយាថា រឿងដោះលែងតំណាងរាស្ត្រទាំងនោះជាកិច្ចការរបស់តុលាការ។
ប៊្រែដ អាដាម៖ នេះគ្រាន់តែជាសម្ដីនិយាយដោះសាតែប៉ុណ្ណោះ។ គេឯងដឹងគ្រប់គ្នាហើយថា តុលាការកម្ពុជា គឺជាឧបករណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ទាំងប្រទេសម្ចាស់ជំនួយ ទាំងតំណាងអង្គការសហប្រជាជាតិ ទាំងគណបក្សប្រឆាំងខ្លួនឯង និងមន្ត្រីរដ្ឋាភិបាល សុទ្ធតែដឹងរឿងនេះ ហើយម្នាក់ៗនិយាយដដែលៗថា កំណែរទម្រង់តុលាការត្រូវតែធ្វើឡើង ប៉ុន្តែរហូតមកដល់ពេលនេះ យើងឃើញគ្មានការកែទម្រង់ស្អីនោះទេ។ ខ្ញុំឮតែម្នាក់ៗនិយាយថា តុលាការត្រូវបានប្រើប្រាស់សម្រាប់ហេតុផលនយោបាយ។
យើងនៅតែឃើញតុលាការជាស្ថាប័នចាំតែបោះត្រាអោយរដ្ឋាភិបាល នៅពេលរដ្ឋាភិបាលចង់ចាប់អ្នកណាម្នាក់ដាក់គុក ឬដោះលែងអ្នកណាម្នាក់។ បញ្ជារបស់រដ្ឋាភិបាល តុលាការធ្វើតាមភ្លាមៗ ដូចជាករណីដោះលែងតំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៨រូបនោះ កាលពីថ្ងៃទី២២កក្កដា ជាឧទាហរណ៍ស្រាប់ គឺនៅពេលការចរចានយោបាយត្រូវរ៉ូវគ្នាភ្លាម ក៏ដោះលែងភ្លាមដែរ។ វាមានន័យថា ការចាប់ខ្លួនតំណាងរាស្ត្រទាំងនោះ គឺជាហេតុផលនយោបាយ ហើយនៅពេលដែលលោក ហ៊ុន សែន បញ្ជាអោយតុលាការដោះលែង តុលាការក៏ដោះលែងភ្លាម។ នៅពេលលោក ហ៊ុន សែន បញ្ជាអោយចេញសេចក្ដីសម្រេចដាក់គុក តុលាការក៏ធ្វើតាមភ្លាម។ គ្មានអ្វីជាក់ស្តែងជាងនេះទៀតទេដែលថា រដ្ឋាភិបាលគ្រប់គ្រងលើតុលាការនោះ។ ដូច្នេះ កុំនិយាយយកលេសថា ស្រេចតែលើនីតិវិធីរបស់តុលាការស្អីនោះ។
ជី វិតា៖ លោកយល់ឃើញយ៉ាងណាដែរចំពោះគណៈកម្មការរដ្ឋសភាបង្កើតថ្មីមួយឈ្មោះថា គណៈកម្មការស៊ើបអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដែលនឹងដឹកនាំដោយតំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ។ តើនោះជារឿងល្អទេសម្រាប់បក្សប្រឆាំង?
ប៊្រែដ អាដាម៖ វាគ្មានន័យអ្វីទេ។ តួនាទីដឹកនាំគណៈកម្មការនោះ គ្រាន់តែវាំងននសម្រាប់តាំងលំអមាត់បង្អួចតែប៉ុណ្ណោះ។ ពួកគេមិនអាចធ្វើអ្វីបានពីគណៈកម្មការទាំងនោះទេ ពីព្រោះគណៈកម្មការរដ្ឋសភាទាំងអស់នោះត្រូវរាយការណ៍ទៅគណៈកម្មាធិការអចិន្ត្រៃយរដ្ឋសភា ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅតែគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ហើយប្រធានរដ្ឋសភា ក៏ជាគណបក្សប្រជាជនកម្ពុជា។ មកដល់ឥឡូវនេះ ក៏មានគណៈកម្មការរដ្ឋសភាប្រឆាំងអំពើពុករលួយដែរ ប៉ុន្តែពុំមានលទ្ធផលផ្លែផ្កាអ្វីឡើយ។ ខ្ញុំគិតថា វានឹងគ្មានការផ្លាស់ប្ដូរអ្វីឡើយ ពីព្រោះបញ្ហាចម្បងនោះគឺមិនមែនស្ថិតនៅលើគណៈកម្មការរដ្ឋសភារឹងមាំ ឬអត់នោះទេ។ អ្វីដែលជាបញ្ហានោះ គឺច្បាប់មិនល្អ និងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមិនមានចេតនាអនុវត្តច្បាប់។ ដូច្នេះ ការដែលគណបក្សសង្គ្រោះជាតិ ដឹកនាំគណៈកម្មការរដ្ឋសភាប្រឆាំងអំពើពុករលួយ វាគ្មានគួរអោយរំភើបទេ។
ជី វិតា៖ លោកគិតថា នឹងមិនអាចជួយធ្វើអោយមានភាពប្រសើរឡើងខ្លះទេ?
ប៊្រែដ អាដាម៖ ទេ! វានឹងមិនអាចជួយធ្វើអោយប្រសើរឡើងទេ។ រដ្ឋាភិបាលនឹងប្រាប់ទៅពិភពលោកថា មើលទៅ យើងមានគណបក្សប្រឆាំងគ្រប់គ្រងគណៈកម្មការរដ្ឋសភាប្រឆាំងអំពើពុករលួយ។ បន្ទាប់មក រដ្ឋាភិបាលអាចយកលេសស្ដីបន្ទោសគណបក្សប្រឆាំងថា ធ្វើការមិនមានប្រសិទ្ធភាពនៅពេលខ្លួនគ្រប់គ្រងលើគណៈកម្មការរដ្ឋសភាមួយនេះ ដែលមិនមានអំណាចពិតប្រាកដនោះ។ កន្លងមក បើទោះជារដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបានមកឆ្លើយបំភ្លឺនៅរដ្ឋសភាអំពីបញ្ហាអ្វីមួយ គឺគ្រាន់តែធ្វើឡើងអោយល្អមើលតែប៉ុណ្ណោះ គ្មានការបើកអនុញ្ញាតអោយសួរជជែកដេញដោលឡើយ។ ដើម្បីអោយមានប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួននោះ គណៈកម្មការរដ្ឋសភាប្រឆាំងអំពើពុករលួយ ត្រូវមានច្បាប់ល្អ និងមានសិទ្ធិអំណាចដើម្បីកោះហៅ ស៊ើបអង្កេត និងចោទប្រកាន់មន្ត្រីពុករលួយ។
ជី វិតា៖ គណបក្សសង្គ្រោះជាតិ ស្ថិតក្រោមការគាបសង្កត់ខ្លាំងណាស់ តាមរូបភាពផ្សេងៗ។ ធ្វើបាតុកម្មត្រូវរងការបង្ក្រាប អ្នកគាំទ្រត្រូវបានបាញ់សម្លាប់ និងចាប់ដាក់គុក ហើយសូម្បីតែតំណាងរាស្ត្រក៏ត្រូវចាប់ដាក់គុក ព្រមទាំងត្រូវគំរាមថា នឹងចាប់ដាក់គុកថែមទៀត បើមិនឈប់ធ្វើបាតុកម្មហើយចូលរដ្ឋសភាទេនោះ។ ម្យ៉ាងទៀត តាមការប្រកាសរបស់ គ.ជ.ប គណបក្សប្រឆាំងមួយនេះជាអ្នកចាញ់ឆ្នោតទៀតផង។ ដូច្នេះ តើគណបក្សសង្គ្រោះជាតិ អាចធ្វើអ្វីបានទៀតក្នុងស្ថានការណ៍នយោបាយគាបសង្កត់មកខ្លួនបែបនេះ?
ប៊្រែដ អាដាម៖ ទេ! គណបក្សសង្គ្រោះជាតិ មិនបានចាញ់ឆ្នោតទេ គឺការបោះឆ្នោតនោះទៅវិញទេដែលមិនបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។យើងមិនដឹងថា អ្នកណាឈ្នះឆ្នោតទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនឈ្នះឆ្នោតហើយដោយសារគណបក្សកាន់អំណាចមួយនេះជាអ្នកត្រួតត្រាយន្តការបោះឆ្នោត ដូច្នេះក៏ប្រកាសថា ខ្លួនឈ្នះទៅ។ យើងមិនមានហេតុផលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះ ឬគណបក្សសង្គ្រោះជាតិ នោះទេ។ ប៉ុន្តែយើងដឹងថា វាជាការបោះឆ្នោតមួយដែលមានភាពមិនប្រក្រតី មិនត្រឹមត្រូវតាមស្តង់ដារ និងមានការលួចបន្លំ។
អ្នកដឹងទេ? នៅពេលលោក ហ៊ុន សែន ចាប់តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ ដាក់គុក គឺគាត់ច្រឡំធំណាស់។ ពេលនោះ គណបក្សសង្គ្រោះជាតិ គួរតែមានសេចក្ដីក្លាហានក្រោកឈរកាន់តែខ្លាំងថែមទៀត ប៉ុន្តែបែរជាទន់ជង្គង់ដួលគ្រឹបតែម្ដង។ សហគមន៍ជាតិនិងអន្តរជាតិ បានប្រឆាំនឹងលោក ហ៊ុន សែន ដែលបានចាប់តំណាងរាស្ត្របក្សប្រឆាំង។ ពួកគេគ្មានការពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យឡើយ។ តាមរយៈខ្សែវីដេអូ គេអាចមើលឃើញថា តំណាងរាស្ត្រខ្លះបានខំព្យាយាមហាមឃាត់មិនអោយមានអំពើហិង្សាទៀតផង។ ចំណែកអ្នកស្រី មូរ សុខហួរ ដែលល្បីល្បាញខាងតវ៉ាដោយអហិង្សា ក៏ត្រូវចាប់ខ្លួនទៀត។ ដូច្នេះ ជារឿងគួរអស់សំណើចណាស់។ ខ្ញុំតែងមានជំនឿថា បក្សប្រជាជនកម្ពុជា នឹងមិនអាចទុកពួកគេនៅក្នុងពន្ធនាគារយូរបានទេ ពីព្រោះនឹងមានការគាបសង្កត់ធ្ងន់ណាស់។ ហេតុដូចនេះហើយ ខ្ញុំមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាបក្សប្រឆាំងបែរជាដួលគ្រឹបតែម្តងទៅវិញ។
ជី វិតា៖ ទោះជាយ៉ាងណា ទាក់ទងនឹងការទម្រង់ស្ថាប័នធំៗ ក្នុងកិច្ចព្រមព្រៀង ៧ចំណុចរវាងគណបក្សទាំងពីរបញ្ជាក់ថា គណបក្សទាំងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសេស្ថាប័នឯករាជ្យនានា អោយអាចបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋ។ តើនេះជាការល្អទេ?
ប៊្រែដ អាដាម៖ អ្នកអាចមើលឃើញច្រើនទៀតនៅលើក្រដាសដែលនិយាយអំពីការកែទម្រង់។ រយៈពេល ២០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បាននិយាយប្រាប់ប្រទេសម្ចាស់ជំនួយអំពីការកែទម្រង់ទាំងនេះ ហើយគាត់និយាយតែដដែលៗ បែបនេះនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្តង។
អ្វីដែលគណបក្សប្រឆាំងគួរធ្វើនោះ គឺការបញ្ជាក់អោយបានច្បាស់លាស់ជាងនេះ គឺត្រូវមានការព្រមព្រៀងគ្នាយ៉ាងជាក់លាក់ដែលអាចអនុវត្តទៅបានហើយពេលដាក់ចេញទៅ គណបក្សប្រជាជនកម្ពុជា គ្មានជម្រើសផ្សេងក្រៅតែពីទទួលយកទៅអនុវត្ត។ ឧទាហរណ៍៖ ត្រូវមាន គ.ជ.ប ដែលឯករាជ្យត្រូវមានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលឯករាជ្យសម្រាប់តែងតាំងចៅក្រម ត្រូវមានស្នងការនគរបាលឯករាជ្យសម្រាប់ទទួលពាក្យបណ្ដឹងដែលពលរដ្ឋប្តឹងប៉ូលិស ឬក្រុមសន្តិសុខ។ មានចំណុចច្រើនទៀតដែលអាចដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងខាងនយោបាយ។
ជាការពិតណាស់ គណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលខុសត្រូវចម្បងលើបញ្ហាជាតិធំៗ ដោយសារគណបក្សនេះជាបក្សកាន់អំណាច ៣៥ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា បរាជ័យក្នុងការអភិវឌ្ឍប្រទេសអោយបានត្រឹមត្រូវ គណបក្សនេះបរាជ័យក្នុងការគោរពសិទ្ធិមនុស្ស បរាជ័យក្នុងការធ្វើអោយតុលាការឯករាជ្យ។ ដូច្នេះ ខ្ញុំមិនមែនមានន័យថា វាជាកំហុសរបស់បក្សសង្គ្រោះជាតិទេ តែបក្សសង្គ្រោះជាតិ មានឱកាសពីដំបូងដៃនេះដើម្បីចាប់ផ្ដើមធ្វើការផ្លាស់ប្តូរ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ហាក់ដូចជាក្តាប់ឱកាសនេះមិនបាន។
ជី វិតា៖ លោកហាក់បន្ទោលថា គណបក្សសង្គ្រោះជាតិគួរតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួន ប៉ុន្តែរយៈពេលជិតមួយឆ្នាំហើយដែលគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលប្រជុំរដ្ឋសភា ដើម្បីដាក់សម្ពាធលើបក្សប្រជាជនកម្ពុជា អោយធ្វើតាមការទាមទាររបស់ខ្លួន។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនខ្វាយខ្វល់អំពីរឿងខុសច្បាប់ទេ គឺចេះតែបន្តប្រជុំរដ្ឋសភាដោយឯកបក្ស អនុម័តច្បាប់សំខាន់ៗមួយចំនួន ដែលច្បាប់ទាំងនោះត្រូវអ្នកច្បាប់ជាតិ និងអន្តរជាតិ រិៈគន់ថា នឹងប៉ះពាល់ដល់វិស័យយុត្តិធម៌ទៀតផង។ លោកឆ្លើយយ៉ាងម៉េចដែរអ៊ីចឹង?
ប៊្រែដ អាដាម៖ តើអ្នកគិតថា នៅពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលប្រជុំរដ្ឋសភានឹងធ្វើអោយរបៀបធ្វើច្បាប់នៅក្នុងរដ្ឋសភាមានការផ្លាស់ប្តូរ? កន្លងមក តើនៅពេលណាដែលអ្នកបានឃើញសេចក្ដីស្នើច្បាប់ ឬសេចក្ដីស្នើវិសោធនកម្មច្បាប់សំខាន់ៗរបស់គណបក្សប្រឆាំង ត្រូវបានរដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទទួលយកទៅពិចារណាទេ? ២០ឆ្នាំកន្លងមកនេះ បក្សប្រឆាំងក្នុងរដ្ឋសភាមិនមានប្រសិទ្ធភាពទេ។ រដ្ឋសភាគ្រាន់តែជាស្ថាប័នសម្រាប់ប្រថាប់ត្រាអោយរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ដែលជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ វាគួអោយសង្វេគណាស់។ ខ្ញុំសូមបួងសួងអោយមានប្រជាធិបតេយ្យដំណើរការនៅក្នុងរដ្ឋសភាកម្ពុជា ហើយគណបក្សសង្គ្រោះជាតិ អាចបំពេញតួនាទីជាបក្សប្រឆាំងយ៉ាងមានប្រសិទ្ធភាព។
ជី វិតា៖ អរគុណលោក ប៊្រែដ អាដាម៕ សូមតាមដានវិទ្យុអាស៊ីសេរី RFA
No comments:
Post a Comment