Thursday, April 9, 2015

សង្គ្រោះ​ជាតិ ឬ​សង្គ្រោះ​ញាតិ និង​មិត្ត?

ដើម្បី​ទទួល​បាន​ជោគជ័យ អ្នកនយោបាយ ជាទូទៅ ត្រូវតែ​ចេះ​ប្រើ​យុទ្ធវិធី​ប្រជាភិថុតិ និង​យុទ្ធសាស្ត្រ​បោកប្រាស់ បង្ខំ ឬ អូស​ទាញ​គូ​បដិបក្ខ​របស់​ខ្លួន ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​ភក់ជ្រាំ​ជាមួយ​គ្នា​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​ប្រកួត​ប្រជែង ដែល​ភាសា​អង់គ្លេស​ហៅថា​ (Level Playing Field)។
តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ប្រជាភិថុតិ?​ ពាក្យ​នេះ បើ​និយាយ​ឲ្យ​ងាយ​យល់​ គឺ​ការបោកប្រាស់​ម្ចាស់​សន្លឹកឆ្នោត ឬ​អ្នកគាំទ្រ ដែល​គេ​និយម និយាយ​ថា «សន្យា​ខ្យល់»។
ចំណែកឯ​ការបោកប្រាស់ ឬ​អូសទាញ​គូបដិបក្ខ​របស់​ខ្លួន​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​ភក់ជ្រាំ ជាមួយ​គ្នា​ ត្រូវ​ធ្វើ​ដោយ​វិធី​ណា​នោះ យើង​នឹង​បកស្រាយ​ឲ្យ​បាន​ពិស្តារ​នៅ​វគ្គ​ខាង​មុខ។ ប៉ុន្តែ មុន​នឹង​យើង​លើក​យក​យុទ្ធសាស្ត្រ​បោកប្រាស់ ឬ​អូសទាញ​គូ​បដិបក្ខ​មក​វែកញែក យើង​សូម​លើក​យក​ពាក្យ​ ប្រជាភិថុតិ មក​លាតត្រដាង​បន្តិច ដើម្បី​ទុក​ជា​ចំណី​ខួរក្បាល​សម្រាប់​មិត្ត​អ្នក​អាន។
នយោបាយ​ គឺជា​សិល្បៈ​ម៉្យាង ដែល​តម្រូវ​ឲ្យ​អ្នកនយោបាយ​គ្រប់​រូប​បត់បែន ទៅ​តាម​កាលៈទេសៈ ផ្អែក​លើ​សម្ពាធ​ពីរ គឺ​ការ​ចង់​បាន​របស់​អ្នកគាំទ្រ​របស់​ខ្លួន និង​ការ​ចង់​បាន​របស់​គូបដិបក្ខ​របស់​ខ្លួន​។ នៅ​ពេល​ដែល​អ្នកនយោបាយ ឬ​គណបក្ស​​នយោបាយ​មួយ បន្ទន់​ឥរិយាបថ ​ដើម្បី​បំពេញ​បំណង​គូ​បដិបក្ខ​របស់​ខ្លួន​នោះ គេ​នឹង​ធ្លាក់​ចូល​ទៅក្នុង​គន្លង​ប្រជាភិថុតិ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ថា គណបក្ស​នយោបាយ ឬ​អ្នកនយោបាយ​តែងតែ​ទាមទារ​យក​អ្វី​ដែល​ផ្ទុយ​អំពី​ឆន្ទៈ​អ្នកគាំទ្រ ឬ​ក៏​ឆន្ទៈ​របស់​គូ​បដិបក្ខ​របស់​ខ្លួន​។
ដូច្នេះ សរុប​សេចក្តី​ឲ្យ​ខ្លី​ទៅ​ប្រជាភិថុតិ និង​នយោបាយ​ គឺ​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បាន​ឡើយ។
ចំណុច​មួយ​ទៀត​ដែល​ទាក់ទង​នឹង​ប្រជាភិ​ថុតិ គួរ​ឲ្យ​កត់សម្គាល់​ដែរ​នោះ​គឺ​បញ្ហា ជាតិ និង​ញាតិ​។ ជាតិ​នៅ​ទី​នេះ​ គឺ​យើង​សំដៅ​លើ​ពលរដ្ឋ​ទូទៅ ។ ឯ​ញាតិ គឺ​យើង​សំដៅ​ទៅលើ ញាតិពង្ស វង្សសន្តាន​របស់​អ្នកនយោបាយ ឬ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ។
នៅក្នុង​ប្រទេស​​កម្ពុជា ការដឹកនាំ​ប្រទេស​ជា​លក្ខណៈ​គ្រួសារ​ គឺ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​រាប់រយ​ឆ្នាំ​មក​ហើយ​។ កាល​សម័យ​ស្តេច​ដឹកនាំ​ប្រទេស​ មន្ត្រី​ភាគច្រើន​គឺ​មាន​ជាប់​សែស្រឡាយ ជាមួយ​នឹង​ព្រះរាជា។ លុះ​មក​ដល់​សម័យ​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​វិញ​ម្តង​ ការ​ដាក់​ញាតិ​ការ​ឲ្យ​កាន់​កិច្ចការ​រដ្ឋ​គឺ​ហាក់​ដូចជា​នៅ​ដដែល គ្រាន់តែ​ប្តូរ​ពី​ញាតិ​វង្ស​របស់​ស្តេច មក​ញាតិការ​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​វិញ​ប៉ុណ្ណោះ​។
ពុំ​មាន​ស្ថិតិ​ជាក់លាក់​ណា​មួយ​បញ្ជាក់​អំពី​ចំនួន​មន្ត្រី ដែល​ជា​ញាតិ​របស់​លោកនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​យោងតាម​ព័ត៌មាន​ជា​សាធារណៈ​យើង​សង្កេត​ឃើញ​ថា ញាតិ​របស់​នាយករដ្ឋមន្ត្រី និង​​រដ្ឋមន្ត្រី ដែល​កាន់​តួនាទី​សំខាន់ៗ​ នៅក្នុង​ជួរ​រដ្ឋាភិបាល ចាប់ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​គឺ​មាន​ស្ទើរតែ​គ្រប់​ស្រទាប់​ទាំងអស់​។
គ្រាន់តែ​អគ្គលេខាធិការរង​ម្នាក់​នៅក្នុង​រដ្ឋសភា​មាន​ញាតិការ ប្រមាណ​ជា ១០ នាក់​ធ្វើការ​នៅក្នុង​ស្ថាប័ន​នោះ នេះ​បើ​តាម​ព័ត៌មាន​ចុះផ្សាយ​នាពេល​ថ្មីៗ​នេះ​។ ប្រសិន​បើ​អគ្គលេខាធិការរង របស់​រដ្ឋសភា​មាន​សាច់ញាតិ ១០ នាក់​ធ្វើការ​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​ហើយ ចុះ​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នានា​អាច​មាន​ករណី​ដូច​គ្នា​ដែរ​​ ឬ​ទេ​? ចំណុច​នេះ រដ្ឋាភិបាល​ និង​រដ្ឋសភា​កម្ពុជា​ គួរតែ​ចាត់ចែង​ស្រង់​ស្ថិតិ​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ផ្តល់​នូវ​តម្លាភាព​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​បាន​ឃើញ​ និង​បាន​យល់​។
ទាំង​រដ្ឋាភិបាល ទាំង​រដ្ឋសភា មិន​អាច​និយាយ​អំពី​ការគ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព​ ដោយ​មិន​អនុវត្ត​នូវ​អ្វី​ដែល​ជា​កត្តា​បញ្ជាក់​អំពី​តម្លាភាព​នោះ​ទេ។
ការដាក់​ញាតិ​សន្តាន​ឲ្យ​កាន់​កិច្ចការ​នយោបាយ​សំខាន់​ គឺជា​ចំណុច​ដ៏រសើប​បំផុត​សម្រាប់​គណបក្ស​នយោបាយ​ទាំង​ពីរ នៅក្នុង​ប្រទេស​កម្ពុជា។ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​សុទ្ធតែ​មាន​សមាជិក​គ្រួសារ​កាន់​តំណែង​សំខាន់ៗ​។ ឧទាហរណ៍ សម្តេច ហ៊ុន សែន មាន​កូនប្រុស​ម្នាក់​ជា ឧត្តមសេនីយ៍ ម្នាក់​ទៀត​ជា​សមាជិក​សភា បងប្រុស​ម្នាក់​ និង​ប្អូនថ្លៃ​ប្រុស​ម្នាក់​ ក៏​ជា​សមាជិក​សភា​ដែរ ក្មួយប្រុស​ម្នាក់​ជា​អគ្គស្នងការ​នគរបាល​ជាតិ កូនប្រសា​ប្រុស​ម្នាក់ ក៏​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ផង​ដែរ​។ ឯ​ភរិយា​របស់​លោក មាន​តំណែង​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា​។
ចំណែក​​សម្តេច ជា ស៊ីម ក៏​មាន​ប្អូនថ្លៃ​ប្រុស​ម្នាក់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មាន​ក្មួយ​កាន់​តំណែង​នៅក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ។ ចំពោះ​សម្តេច ហេង សំរិន យើង​មិន​ដឹង​ថា​ គាត់​មាន​ញាតិ​ប៉ុន្មាន​នាក់​កាន់​តំណែង​នៅក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ ក្រៅពី​លោក​វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​ជា​កូនប្រសា ពីព្រោះ​មិន​សូវ​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​។
រីឯ​ គណបក្ស​សង្គ្រោះជាតិ​វិញ​ក៏​មើល​ទៅ​ហាក់​ដូចជា​មិន​ណយ​ដែរ​។ សព្វថ្ងៃ គណបក្ស​នេះ​កាន់​តួនាទី​តែ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​ស្ថាប័ន​នេះ យើង​ឃើញ​មាន​ប្តី​ប្រពន្ធ​ពីរ​គូ​រួច​ទៅ​ហើយ គឺ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក (អ្នកស្រី ជូឡុង សូមូរ៉ា) និង​លោក យឹម សុវណ្ណ និង​ភរិយា (លោក ស្រី កែ សុវណ្ណរ័ត្ន)។
ឯលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​កូនស្រី​ម្នាក់​កាន់​កិច្ចការ​សំខាន់​នៅក្នុង​ជួរ​បក្ស​ផង​ដែរ​។ ចំណែក​លោក គង់ គាំ ដែល​ជា​អតីត​អនុប្រធាន​គណបក្ស សម រង្ស៊ី នោះ មាន​កូនប្រុស​ពីរ​រូប​ជា​សមាជិក​សភា​។ នេះ​គ្រាន់តែ​ជា​ទិដ្ឋភាព​នៃ​ជ្រុង​ដ៏តូច​មួយ​នៃ​ប្រព័ន្ធ​គ្រួសារ​និយម​នៅក្នុង​វិស័យ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​។
ការ​លើក​យក​ប្រព័ន្ធ​គ្រួសារ​និយម​មក​លាតត្រដាង​នៅ​ទី​នេះ​គឺ​មិន​មាន​ន័យ​ថា​ ស្មេរ​មាន​ចេតនា​រិះគន់​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ គ្រាន់តែ​ចង់​បង្ហាញ​នូវ​ចំណុច​អវិជ្ជមាន​ដ៏ធ្ងន់ធ្ងរ​ពីរ​ទាក់ទិន​ទៅ​នឹង​ការអនុវត្ត​​របៀប​គ្រប់គ្រង​រដ្ឋ​ តាម​លទ្ធិប្រជាធិបតេយ្យ។
ចំណុច​អវិជ្ជមាន​នេះ​គឺ​តម្លាភាព​ និង​ទំនាស់​ផលប្រយោជន៍ (Transparence and Conflict of Interest) ដែល​យើង​មិន​ទាន់​ឃើញ​មាន​ច្បាប់​ចែង​នៅ​ឡើយ​ទេ បន្ទាប់ពី​ប្រទេស​កម្ពុជា​ អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈពេល ជាង​បី​ទសវត្សរ៍​មក​ហើយ។
ការ​មិន​អើពើ ឬ​ក៏​ធ្វើ​មិន​ដឹង​មិន​ឃើញ​នូវ​អ្វី​ដែល​ជា​សត្វ​ដំរី​នៅក្នុង​បន្ទប់​ (តម្លាភាព និង​ទំនាស់​ផលប្រយោជន៍) នេះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​លូតលាស់​ទៅ​មុខ​នោះ​ទេ ប្រហែល​ជា​អាច​ធ្វើឲ្យ​គណបក្ស​នយោបាយ​បាត់បង់​ការគាំទ្រ​ និង​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​នា​ពេល​អនាគត​ទៀត​ផង​។
ផ្អែក​លើ​សន្ទុះ​នៃ​ការយល់ដឹង​របស់​ពលរដ្ឋ​ខ្មែរ អំពី​អំណាច​នៃ​សន្លឹកឆ្នោត​របស់​​ខ្លួន​នោះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា តម្លាភាព​និង​ទំនាស់​ផលប្រយោជន៍​នឹង​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការបោះឆ្នោត​នៅពេល​អនាគត​ជាក់​ជា​មិន​ខាន​។
យោង​លើ​ចំណុច​នេះ​ យើង​សូម​ទាញ​យក​យុទ្ធសាស្ត្រ​​របស់​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​តែ​ប្រកួត​ប្រជែង​យក​ប្រៀប​លើ​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ មក​វិភាគ​ថា តើ​អ្នក​ណា​កំពុង​អូសទាញ​អ្នក​ណា​ឲ្យ​ដើរ​លើ​ផ្លូវ​ណា​?
នៅ​ដើម​អត្ថបទ​នេះ យើង​បាន​និយាយ​អំពី​យុទ្ធសាស្ត្រ​អូសទាញ​គូ​បដិបក្ខ​នយោបាយ​ឲ្យ​ធ្លាក់​ចុះ​ទៅក្នុង​ភក់ជ្រាំ​ជាមួយ​គ្នា ដើម្បី​កុំឲ្យ​គេ​មាន​ប្រៀប​ជាង​ខ្លួន។ និយាយ​ឲ្យ​ងាយ​យល់​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គូបដិបក្ខ​នយោបាយ​បាត់បង់​ប្រជាប្រិយភាព ឬ​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព​អវិជ្ជមាន​ដូច​គ្នា។ គ្រួសារ​និយម គឺជា​ស្ថានភាព​អវិជ្ជមាន​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រឈម​។
ដូច្នេះ​ហើយ​នៅពេល​​ថ្មីៗ​នេះ​ គណបក្ស​ប្រជាជន​មិន​បាន​បោះឆ្នោត​គាំទ្រ លោកស្រី មូរ សុខហួរ និង​ លោក យឹម សុវណ្ណ ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​នៅក្នុង​រដ្ឋសភា ដូច​ដែល​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន​នោះ​ទេ ក៏​ប៉ុន្តែ ពួកគេ​បែរ​ជា​បោះឆ្នោត​គាំទ្រ លោក​ ហូរ វ៉ាន់ និង​លោកស្រី កែសុវណ្ណរ័ត្ន ដែល​មិនមែន​ជា​ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះជាតិ ឲ្យ​កាន់​តំណែង​ទាំងនោះ​ទៅ​វិញ​។
ទង្វើ​នេះ​គឺជា​យុទ្ធសាស្ត្រ បាញ់​ព្រួញ​មួយ​ត្រូវ​ចាប​ពីរ ព្រោះ​ថា លោក ហូរ វ៉ាន់ និង​លោកស្រី​ កែ សុវណ្ណរ័ត្ន មិន​សូវ​មាន​ប្រជាប្រិយភាព (មិន​សូវ​មាន​គេ​ស្គាល់​ច្រើន​) ដូចជា​លោកស្រី មូរ សុខហួរ​ និង​លោក យឹម សុវណ្ណ ឡើយ​។
ម៉្យាងទៀត ការ​ដាក់​ឲ្យ​មាន​សមាជិក​គ្រួសារ​កាន់​តំណែង​ខ្ពស់​នៅក្នុង​រដ្ឋសភា វា​នឹង​ធ្វើឲ្យ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះជាតិ ខិត​រឹតតែ​ជិត​គ្នា​ទាក់ទិន​ទៅ​នឹង​បញ្ហា​គ្រួសារ​និយម​។ តាមពិត​ទៅ គ្រួសារ​និយម​ នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ​វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ថ្មី​នោះ​គឺ​បញ្ហា​គ្រួសារ​និយម​កំពុង​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ជា​សាធារណៈ ​​។
ចំណុច​នេះ យើង​គួរ​ឲ្យ​ពិន្ទុ​ដល់​លោក សុន ឆ័យ សមាជិក​សភា​​មកពី​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​តែ​ដុតដៃ​ដុតជើង​លាតត្រដាង​បញ្ហា​គ្រួសារ​និយម នៅក្នុង​ស្ថាប័ន​រដ្ឋសភា។ ក៏​ប៉ុន្តែ ការ​ដុតដៃ​ដុតជើង​របស់​លោក សុន ឆ័យ នេះ​គឺ​ប្រហែល​ជា​បាន​ត្រឹមតែ​រលាក​ដៃជើង​ខ្លួនឯង​តែ​ប៉ុណ្ណោះ ព្រោះ​ថា តើ​ឲ្យ​រដ្ឋសភា​​បោសសម្អាត​បញ្ហា​គ្រួសារ​និយម​ដូចម្តេច​ទៅ បើ​រដ្ឋសភា​ខ្លួនឯង ពោរពេញ​ទៅ​ដោយ​សមាជិក​គ្រួសារ​ធ្វើការ​នៅ​ទី​នោះ ទាំង​គណបក្ស​ប្រជាជន ទាំង​គណបក្ស​សង្គ្រោះជាតិ?
កាលពី​ជាង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ ខ្ញុំ​ធ្លាប់​បាន​ឮ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​ទីមួយ​រដ្ឋសភា​សព្វថ្ងៃ និយាយ​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ​ថា​ «វា​មិន​ខុស​អ្វី​អំពី​ប្រើ​ចោរ​ឲ្យ​ទៅ​រក​ចាប់​ចោរ​នោះ​ទេ»។
ទោះជា​យ៉ាងណា​ក៏ដោយ ចំណុច​ដ៏រសើប​មួយ​នេះ ចាំបាច់​ត្រូវតែ​ដោះស្រាយ ព្រោះ​ថា ប្រសិន​បើ​អ្នកនយោបាយ​ខ្មែរ មិន​ព្រម​ងាក​ពី​ការសង្គ្រោះ​ញាតិ មក​សង្គ្រោះ​ជាតិ​វិញ​ទេ នោះ​ជាតិ​ប្រាកដ​ជា​សង្គ្រោះ​ពួកគាត់​ឲ្យ​រួច​ផុត​ពី​គុកច្រវាក់​នៃ​អាសនៈ​អំណាច​ប្រមូលផ្តុំ​គ្រួសារ​និយម​ជា​មិន​ខាន ៕ ប្រភព៖​ ភ្នំពេញប៉ុស្តិ៍
ដោយ ឆ ចិន្តា

Washington, DC

No comments:

Post a Comment