Thursday, May 14, 2015

តើ​អ្វី​ជា «នយោបាយ» ?

YP
Source:ថ្នីៗ

នយោបាយ គឺជា​ពាក្យ​តែមួយ​ម៉ាត់​តែមាន​ទស្សនៈ និង​និយមន័យ​ច្រើន​រាប់មិនអស់​ទៅតាម កម្រិត​នៃ​ការយល់ដឹង និង​បទពិសោធន៍​ជីវិត​ឆ្លងកាត់​ក្នុងសង្គម ព្រមទាំង​អារម្មណ៍​ពី​ធម្មជាតិ របស់​មនុស្ស​គ្រប់រូប ។ ទ​ស្សទ​នយោបាយ​កើតចេញពី​ប្រភេទ​មនុស្សផ្សេងៗគ្នា ដូចជា៖អ្នកនយោបាយ ទស្សនវិទូ​នយោបាយ អ្នកវិទ្យាសាស្ត្រ​នយោបាយ អ្នកវិភាគ​នយោបាយ  សាស្ត្រាចារ្យ​នយោបាយ អ្នកសិក្សា​វិទ្យា​នយោបាយ អ្នកគាំទ្រ​នយោបាយ អ្នកដើរ​តាម​នយោបាយ អ្នកបម្រើ​នយោបាយ អ្នក​មិន​ខ្វល់​ពី​នយោបាយ ។
នយោបាយ«គឺជា​សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកប ដោយ​ភាពភ្លឺស្វាង»ដើម្បី​ឈានទៅដល់​គោលដៅ​នៃ​ភាព​រីកចម្រើនទាំង​ផ្នែក​លោក​សម្ភារ និង​សីល ធម៌​ របស់​មនុស្ស ដែលជា​ផល​នាំមក​នូវ​សុភមង្គល​ដល់​ប្រជាជន​ទាំងអស់​ក្នុងសង្គម។
   ចុះ​ដូចម្តេច​ដែល​ហៅថា សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង ? ហើយ​កត្តា​អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​មាន«ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង» ?
សិល្បៈ​នៃ​ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង​គឺជា​របៀប​នៃ​ការដឹកនាំ​ប្រទេស​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​ប្រកបទៅដោយ​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់​និង​ទស្សនវិស័យ​ដ៏​ភ្លឺ​ថ្លា ដែល​ក្នុងនាម​ជា​អ្នកដឹកនាំ​ដឹង​យ៉ាងច្បាស់​ថា ផ្ទៃដី​ប្រទេស​មាន​ទំហំ​ប៉ុណ្ណឹង ប្រជាជនមាន​ចំនួន​ប៉ុណ្ណឹង តើ​ត្រូវ​រៀបចំ​ការអភិវឌ្ឍ​យ៉ាងដូចម្តេច?តើ​អ្វី​ជា​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍ​ប្រទេស? សង្គម​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបនេះ អត្តចរិត​និង​វប្បធម៌​នៃ​ការគិត​ក្នុង​រឿង​នយោបាយ​របស់​ប្រជាពលរដ្ឋ​បែបនេះ ហើយ​កម្រិត​នៃ​ការអប់រំ​របស់​ប្រជាជន​ប៉ុណ្ណឹង តើ​ត្រូវ​រៀបចំ​ប្រ​ព័​ន្ឋ​ច្បាប់​និង​គោលនយោបាយ​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅរក​ភាព​រី​ចម្រើន?

ដើម្បី​ឲ្យ​មាន «ការដឹកនាំ​រដ្ឋ​ប្រកបដោយ​ភាពភ្លឺស្វាង»គឺ​ត្រូវ​ទាមទារ​ធាតុ​មួយចំនួន​ដូចជា៖
•    អ្នកដឹកនាំ​ត្រូវតែ​ជា​មនុស្ស​មាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន ហ៊ាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ជា​បុគ្គល​មានចំណេះដឹង​ខ្ពស់​ខ្ពស់ មាន​អត្តចរិត​បែប​ទស្សនវិទូ។

•    ប្រជាពលរដ្ឋ​មានការ​អប់រំ​ខ្ពស់ ចេះ​ខ្វល់ខ្វាយ និង​ចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​រឿង​នយោបាយ។

•    រៀបចំ​ប្រ​ព័​ន្ឋ​ច្បាប់​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ ដែលជា​ហេតុ​នាំ​ឲ្យ​មនុស្ស​គ្រប់​វណ្ណៈ​ក្នុងសង្គម​រស់នៅ​ក្រោម​ច្បាប់​ទាំងអស់គ្នា មាន​ភាពស្មើគ្នា​ក្នុងនាម​ជា​មនុស្សជាតិ រស់​នៅមាន​សេរីភាព និង​ទទួលបាន​យុត្តិធម៌​ទាំងអស់គ្នា។

•    រៀបចំ​ស្ថាប័ន​នយោបាយកំពូលៗ (ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​នីតិ​វិនិច្ឆ័យ) ឲ្យ​មាន​តុល្យភាព​អំណាច​នយោបាយ ដើម្បី​ឲ្យ​មានការ​គោរព និង​ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​រវាង​អ្នកនយោបាយ និង​មាន​សិទ្ធិ​ក្នុងការ​ត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​ទាំងនេះ ដែល​នាំ​ឲ្យ​ការងារ​នយោបាយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

•    ការរៀបចំ​គោលនយោបាយ ប្រព័ន្ធ​នយោបាយ និង​ការបែងចែក​តួនាទី​នយោបាយ ក្នុង​ស្ថាប័នរដ្ឋ​ឲ្យ​មាន​សមធម៌​ទៅតាម​វិធាន​នៃ​ច្បាប់​ដើម្បី​ឲ្យ​បុគ្គល​គ្រប់រូប​ដឹង​តួនាទី​របស់ខ្លួន​យ៉ាងច្បាស់ ហើយ​អនុវត្តតាម​គោ​លក​រណ៍​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ ។

នយោបាយ​គឺជា​រឿង​របស់​អ្នក ហើយ​និង​ខ្ញុំ ។ ដើម្បី​ឲ្យ​ប្រទេសជាតិ​មាន «ការដឹកនាំ ប្រកបដោយ​ភាពភ្លឺស្វាង»ជាហេតុ​នាំ​ឲ្យ​មានការ​រីកចម្រើន យើង​ត្រូវតែ​ចូលរួម​គិតគូរ​រឿង​នយោបាយ និង​បញ្ហា​សង្គម ដោយ​ការយល់ដឹង​ទាំងអស់គ្នា ។កុំ​ស្រែ​ករក​ការរីកចម្រើន ប្រសិនបើ​អ្នក​មិន​ចូលរួម!

No comments:

Post a Comment