Tuesday, June 23, 2015

ផែនការវាយចូលភ្នំពេញរបស់សោ ភឹម ដើម្បីចាប់ និងផ្តួលរំលំ ប៉ុល ពត និងនួន ជា ឆ្នាំ១៩៧៨

ខ្ញុំសូមគោរពបក្សជាទីគោរព
ខ្ញុំសូមរាយ​ការណ៍ជូនបក្សបន្ថែម​លើសេចក្តីរាយការណ៍ទី១ ថែមទៀត។
បន្ទាប់ពីមានការប្រជុំម្តង នាពីខែ២ ឆ្នាំ១៩៧៨ រំលេងបានប្រហែលមួយអាទិត្យ ឈ្មោះ ក បានហៅមិត្តប្រាង មិត្តរិត និងខ្ញុំទៅ​ជួបវា​នៅ​មន្ទីរ​សេដ្ឋកិច្ចអស់មួយព្រឹកពេញ។ ជួបជុំគ្នា ហើយ វាបានសួរនាំពីការងារតាមអង្គ​ភាព​រៀងខ្លួនអស់ហើយ ឈ្មោះក វាបានមានមតិ​បន្ថែម ពីគម្រោងសម្រាប់រដូវប្រំាងខាងមុខ បានល្អិតជាងមុន ឲ្យខ្ញុំទំាងអស់គ្នា ដឹងពីសភាពការណ៍នេះ។
១. ឈ្មោះ ក បានឲ្យដឹងពីកម្លាំងដែលត្រៀមសម្រាប់រដូវប្រាំង។

.ខាងបូព៌ា មាន៣កងពលពេញ
.ខាងបស្ចឹម មាន១កងពលពេញ
.ខាងពាយព្យ មាន៣កងពលពេញ
.ខាង ឧត្តរមាន១កងពលពេញ
ក្រៅពីនេះ មានកម្លាំងនៅតាមតំបន់និងមន្ទីរក្រសួងផ្សេងៗ នៅគ្រប់ភូមិភាគជំនួយបន្ថែមទៀត។ ដូចនេះ សរុបមក កម្លាំងនេះ អាចសម្រេចបានហើយ គ្រប់មុខសញ្ញាដែលត្រូវត្រៀម និងអនុវត្តជាក់ស្តែង។ នៅរដូវប្រំាងខាងមុខនេះ កងទ័ពរបស់មជ្ឈឹមកាន់ផ្ទាល់នោះ គឺនៅព្រំដែនអស់ហើយ ខាងក្រោយស្តើង ដូចនេះ គ្មានកម្លាំងណាមកទប់ទល់ទេ ឲ្យតែយើងរៀបឲ្យបានស្ងាត់ល្អ។ នៅក្រុងភ្នំពេញគ្មានកងទ័ពទេ កងទ័ពមានតែនៅពោធិចិនតុង មួយចំនួនណាដែរ គ្មានកម្លាំងប្រមូលផ្តុំ​ទេ។
២.ឈ្មោះ ក ឲ្យដឹងអំពីគម្រោងប្រើកម្លាំងតាមមុខសញ្ញានីមួយៗ
.ចូលក្រុង១កងពល គឺខាងបូព៌ា ២ វរសេនាធំ និងបស្ចឹម១វរសេនាធំ។
បស្ចឹម១វរសេនាធំ និងពាយព្យ៣កងពល ទប់ខាងនិរតី វាលយន្តហោះ ពោធិចិនតុង។ កងពលខាងពាយព្យ ប្រគល់ឲ្យបស្ចឹមកាន់ផ្ទាល់ ឯពាយព្យកាន់តែ១កងពល។

.ខាងបស្ចឹម២កងពល គឺចាំទប់ទល់កងរបស់អង្គភាព តាមដងផ្លូវលេខ១ នៅម្តុំអ្នកលឿង ហើយរាយតាមដងទន្លេមេគង្គទំាងពីរ។
.ឧត្តរ១កងពល ចុះទៅកំពង់ចាម ទន្លេបិទ រួមជាមួយកងពលចំការកៅស៊ូ ទប់ជាមួយ កងអង្គការនៅទីនោះ កុំឲ្យបកក្រោយរួច។ ទន្ទឹមនឹងនេះ កាន់កាប់នៅមេគង្គលើ ដល់ក្រចេះឲ្យជាប់ និងជមរុញទៅមុខបណ្តើរៗតាមសភាពជាក់ស្តែង។
.នៅភូមិភាគកណ្តាល គ្មានកងទ័ពទេ ឥតបញ្ហាអ្វីទំាងអស់ បើមានកម្រិតណា មិនហ៊ានទប់ទល់ទេ។
.ខាងបូព៌ា១វរសេនាធំទៀត ចុះទៅត្បូងភ្នំពេញ គឺតំបន់២៥។
ឯមុខសញ្ញាចូលភ្នំពេញគឺ បុកយកប៉ុស្តិវិទ្យុ ទំាងពីរកន្លែងភ្លាម ហើយបុកចាប់បងទំាងពីរ ( ប៉ុល ពត និងនួន ជា) ឲ្យបាន។ បើមិនបានទំាងពីរ បានមួយណាក៏បានដែរ ទុកជាជ័យជម្នះភ្នំពេញហើយ។ យើងបានវិទ្យុហើយ ប្រើប្រាស់ភ្លាម តាមសភាពជាក់ស្តែង។
ដូច្នេះ បើចាប់បងទំាងពីរ ឬបងមួយណា និងវិទ្យុបានហើយ ប្រកាសភ្លាមនោះ ប្រជា ជន និងកងទ័ពទំាងអស់ខាងមុខ មួយភាគធំ នឹងបែកមុខជាពីរហើយ ហើយភាគទៀត ច្បាស់ ជាមកខាងយើងហើយ។ ឯប្រជាជនគ្រប់កន្លែង មិនចោទ តែរដ្ឋអំណាចខាងណាក្តាប់ហើយ មុខជាងាកទៅខាងនោះហើយ។
ដកស្រង់ពីចម្លើយសារភាពរបស់ ចេង អន ថ្ងៃទី០៥ ខែ១២ ឆ្នាំ១៩៧៨

No comments:

Post a Comment