Wednesday, June 3, 2015

វិភាគ៖ តំបន់អាស៊ីអាគ្នេយ៌ទំនងនឹងផ្ទុះសង្គ្រាម ដោយសារជម្លោះសមុទ្រចិនភាគខាងត្បូង

បទអត្ថាធិប្បាយសម្រាប់វិភាគ
ក្រុមចារកម្មអាមេរិក បានឲ្យដឹងថា ចិនបានស្ថាបនារួចរាល់ហើយ មូលដ្ឋានយោធានៅតំបន់ជម្លោះសមុទ្រចិនភាគខាងត្បូង ដោយការបូបខ្សាច់សមុទ្រធ្វើកោះសិប្បនិម្មិត ទំហំ៨០០០ហិចតា ហើយកោះនេះ អាចងាយចុះចតយន្តហោះចម្បាំងទៀតផង ។
របាយការណ៍ចារកម្ម អាមេរិកឲ្យដឹងថា បន្ថែមលើនេះ ចិនបានបញ្ជូនកាំភ្លើងត្បាល់ទៅកាន់កោះ ដែលខ្លួនស្ថាបនាដើម្បីធ្វើឲ្យងាយស្រួលសម្រាប់សកម្មភាពយោធា ។
ទង្វើរបស់ប្រទេសមហាអំណាចចិន បានធ្វើឲ្យប្រទេសជិតខាងដែលមានជម្លោះជាមួយចិន ករណីសមុទ្រចិនភាគខាងត្បូង ព្រួយបារម្ភពីការកើតមានជម្លោះយោធា ដែលនាំទៅរកការពង្រឹងឥទ្ធិពលកងទ័ព ហើយ ជាសញ្ញានៃការបង្កសង្គ្រាម ។



ជុំវិញរបាយការណ៍នេះ ចិនបានទទួលស្គាល់ថា ខ្លួនពិតជាបញ្ចូនកាំភ្លើងធំដាក់ពង្រាយលើកោះនោះមែន ប៉ុន្តែចិនអះអាងថា កោះនោះវាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួនប៉ុណ្ណោះ ។
ទំនងដោយសារភ័យខ្លាចចិន អាចវាយលុកយកប្រជុំកោះទាំងនោះ បានជាវៀតណាមចាប់ស្រវាឱបអាមេរិក
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Ash Carter បានជួបសមភាគីវៀតណាម Phung Quang Thanh ដោយពួកគេចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដើម្បីពង្រឹងសហប្រតិបត្តិការផ្នែកយោធា រវាងប្រទេសអតីតគូសត្រូវនឹងគ្នាក្នុងសង្គ្រាមត្រជាក់ឆ្នាំ១៩៥៥-១៩៧៥ ហើយទើបតែបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ កាលពី២០ឆ្នាំមុននេះ ។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកប្រកាសថា អាមេរិកនឹងជួយប្រទេសវៀតណាមស្ថាបនាកន្លែងហ្វឹកហ្វឺនកងទ័ព ។
ជំនួបរវាងប្រមុខកងទ័ពនៃប្រទេសទាំងពីរនេះ បានធ្វើឡើងដោយសហរដ្ឋអាមេរិក សន្យាផ្ដល់ប្រាក់ជំនួយ១៨លានដុល្លារទៅឲ្យប្រទេសវៀតណាម ដើម្បីជួយហ្វឹកហ្វឺនកងទ័ពជើងទឹកវៀតណាមល្បាតព្រំដែនសមុទ្រ ។
តែទោះយ៉ាងនេះក្ដី កិច្ចសហប្រតិបត្តិការរបស់អតីតគូសត្រូវទាំងពីរនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍ជម្លោះនៅសមុទ្រចិនភាគខាងត្បូង រវាងប្រទេសចិនជាមួយវៀតណាម និងរវាងចិនជាមួយប្រទេសហ្វីលីពីនឡើងកម្ដៅជាខ្លាំង ហើយថ្មីៗនេះ ប្រទេសវៀតណាមបានអំពាវនាវឲ្យអាមេរិកជួយបន្ថយឥទ្ធិពលចិននៅក្នុងតំបន់ជម្លោះនេះ ។
សហរដ្ឋអាមេរិកបានពិពណ៌នាសកម្មភាពក្រុងប៉េកាំងបច្ចុប្បន្នថា ជាការគំរាមកំហែងសន្តិសុខ និងធ្វើឲ្យបញ្ហាជម្លោះកាន់តែឡើងកម្ដៅ ។


ជាមួយគ្នានេះ ព្រឹទ្ធសភាអាមេរិក គឺលោក John McCain ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងសព្វាវុធ ជំរុញឲ្យលោកប្រធានាធិបតីអូបាម៉ាអនុញ្ញាតលក់អាវុធទៅឲ្យប្រទេសវៀតណាម ខណៈប្រទេសសង្គមនិយមនេះ ខកខានទិញអាវុធពីអាមេរិកតាំងពីពិភពលោកធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ នៅ ទសវត្ស១៩៥០ ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ មកពីវិទ្យាស្ថានយុទ្ធសាស្ត្រអន្តរជាតិ លោក Alex Neill និយាយថា ទង្វើរបស់ចិនជាការបង្កឲ្យការបាត់បង់ទំនុកចិត្ត ជុំវិញជម្លោះជាប្រវតិ្តសាស្ត្រនេះ ហើយវាធ្វើឲ្យប្រទេសវៀតណាមនិងហ្វីលីពីន ដែលជាប្រទេសតូចជាងចិនត្រូវឱបក្រសោបអាមេរិក ជាជាងបណ្ដោយឲ្យចិនបង្កអស្ថិរភាព តំបន់ ។
វៀតណាម និងហ្វីលីពីន បង្ហាញសាមគ្គីភាពជាមួយគ្នា ដើម្បីឆ្លើយតបឥទ្ធិពលប្រទេសចិន
ជាការពិតប្រទេសទាំងពីរនេះ គឺជាសមាជិកអាស៊ាន ប៉ុន្តែពួកគេតែងតែនិយាយប្រឆាំងក្រុងប៉េកាំងខ្លាំងជាងគេ ក្នុងជម្លោះដែនទឹកសមុទ្រចិនខាងត្បូងនេះ ហើយប្រាកដណាស់ ពួកគេបង្ហាញអារម្មណ៍ភ័យខ្លាចនៅពេលដែលចិនបញ្ជូនកាំភ្លើងត្បាល់ ដាក់ពង្រាយនៅលើកោះជម្លោះនេះ ។
កាលពីសប្ដាហ៏មុននេះ កងទ័ពហ្វីលីពីន និងវៀតណាម បានលេងបាល់ទះ និងច្រៀង Karaoke ជាមួយគ្នា ដែលបង្ហាញថា ពួកគេរឹតចំណងសាមគ្គីភាពដើម្បីជាកម្លាំងរួមមួយទប់ទល់នឹងចិន ។ 
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យសប្តាហ៍មុន (រូបថត៖ www.flickr.com)

បន្ថែមលើនេះ ទាំងហ្វីលីពីនឋនិងវៀតណាម ក៏តែងតែបង្ហាញសាមគ្គីភាពជាមួយអាមេរិក ។ ប្រទេសទាំងបីនេះ បានធ្វើសមយុទ្ធយោធាជាមួយគ្នា យ៉ាងញឹកញាប់ហើយសមយុទ្ធនេះ តែងតែធ្វើឡើងនៅក្បែរៗ កោះស្ថាបនាឡើងដោយប្រទេសចិន ។
ស្ថានការណ៍នៅសមុទ្រចិន កាន់តែតានតឹងឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ក្រោយពេលអាមេរិកបង្ហាញរូបភាពរបស់ចិន ដែលញាប់ដៃញាប់ជើងវាតទីក្នុងដែនជម្លោះសមុទ្រចិនភាគខាងត្បូង ។
ប្រធានាធិបតីអាមេរិក Barack Obama កាលពីថ្ងៃចន្ទ នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់ក្រុមមេដឹកនាំយុវជនមកពីប្រទេសសមាគមអាស៊ានថា ចិនត្រូវតែគោរពក្រមប្រតិបត្តិសមុទ្រ ឬច្បាប់សមុទ្រអន្តរជាតិ ដែលនិយាយពីសេរីភាពនាវាចរណ៍អន្តរជាតិ ហើយថាចិនមិនត្រូវគិតថាជារបស់ខ្លួនតែម្នាក់នោះឡើយ ។
តែអ្នកវិភាគទទូចថា មានតែអាមេរិក និងចិនទើបអាចនិយាយគ្នាបានហើយ ត្រូវស្វែងរកដំណោះស្រាយរួមមួយ ដោយឈរលើសា្មរតីយោគយល់គ្នា តែបើពុំដូចនេះទេ វានឹងនាំទៅរកភាពតានតឹងផ្នែកកងទ័ព ហើយសង្គ្រាមនឹងផ្ទុះឡើងព្រោះ ចិនបានស្ថាបនារួចហើយទីតាំងប្រយុទ្ធរបស់ខ្លួន ក្នុងតបន់ជម្លោះ នៃប្រជុំកោះស្ព្រាតលី នៃសមុទ្រចិនភាគខាងត្បូង ៕

No comments:

Post a Comment