Tuesday, June 30, 2015

"ភាពជាអ្នកដឹកនាំផ្តល់គំរូល្អដែលកម្ពុជាត្រូវការ" 'លី ក្វាន់យ៉ូ '


“លី ក្វាន់យ៉ូៈ ដើម្បីរីកលូតលាស់ សឹង្ហបុរីត្រូវតែមានសារៈប្រយោជន៍ចំពោះពិភពលោក”
ប្រជាពលរដ្ឋឈរតជួរគ្នារង់ចាំរាប់ម៉ោង ដើម្បីបានចូលសម្តែងការគោរពដ៏ខ្ពស់ខ្ពស់នៅក្នុងវិមានរដ្ឋ។ ពួកគេឈរហាលភ្លៀងរង់ចាំរថយន្តដឹកសាកសព្វមកដល់ ដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ។ មេដឹកនាំល្បីៗក្នុងពិភពលោកបានចូលរួមគោរពវិញ្ញាណខ័ន្ធដល់ទីកន្លែង។ ពួកគេបានផ្តល់ការគោរព និងដឹងគុណដល់បុគ្គលមួយរូបដែលទើបនឹងលាចាកលោកនេះទៅ។ បុគ្គលម្នាក់នេះបានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍប្រទេសដ៏គួរឲ្យស្ញប់ស្ញែង និងកេរ្តិ៍មរតកនៃភាពជាអ្នកដឹកនាំជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ ប្រជាពលរដ្ឋសឹង្ហបុរី និងពិភពលោកធ្វើគារវកិច្ចគោរពដល់លោក លី ក្វាន់យ៉ូ ដែលជាបិតាស្ថាបនិកសឹង្ហបុរី។

Mr Lee
ក្នុងកំឡុងឆ្នាំ ១៩៥៩ នៅពេលលោក លី ក្វាន់យ៉ូ ក្លាយជានាយករដ្ឋមន្រ្តី សឹង្ហបុរីជាប្រទេសក្រីក្របំផុតមួយក្នុងលោក ដែលទើបនឹងទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ សង្គមសឹង្ហបុរីគ្របដណ្តប់ដោយអំពើពុករលួយ ភាពអត់ការងារធ្វើ និងខ្វះខាតទីជម្រករស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ សឹង្ហបុរីជាកូនកោះតូចមួយដែលគ្មានធនធានធម្មជាតិ និងមានហានិភ័យខ្ពស់នៃជម្លោះជាតិសាសន៍ផ្សេងៗដែលរស់នៅជាមួយគ្នា។ ក្នុងរយះពេលតែ ៣០ឆ្នាំប៉ុណ្ណោះ លោក លី ក្វាន់យ៉ូ បានធ្វើឲ្យសឹង្ហបុរីបម្លែងខ្លួនពីប្រទេសក្រីក្រមួយ ឲ្យទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ក្នុងលំដាប់ប្រទេសអភិវឌ្ឍចំបងនៅលើពិភពលោក ។ ចំណូលប្រចាំឆ្នាំជាមធ្យមក្នុងមួយនាក់ បានកើនពី ៤០០ដុល្លា នាឆ្នាំ ១៩៥៩ មកដល់ ៥៦.០០០ដុល្លា នាពេលបច្ចុប្បន្ន ដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ ទីក្រុងសឹង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏រស់រវើកនៅក្នុងពិភពសេដ្ឋកិច្ចសកលលោក។
ប្រទេសសឹង្ហបុរីស្ថិតក្នុងចំណោមប្រទេសល្អប្រសើរបំផុតទាំងប្រាំក្នុងពិភពលោកទាក់ទងនឹងការបំបាត់អំពើពុករលួយ។ សឹង្ហបុរីជាទីក្រុងមួយដែលស្អាត មានរបៀប មានសុវត្ថិភាព និងខ្យល់អាកាសល្អបរិសុទ្ធ។ នេះហើយជាស្នាដៃដឹកនាំរបស់ លោក លី ក្វាន់យ៉ូ ដែលធ្វើឲ្យប្រជាពលរដ្ឋសឹង្ហបុរីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ហើយពិភពលោកកោតសរសើរនិងគោរព។

អ្វីដែលលោក លី ក្វាន់យ៉ូ មានគឺបេះដូងដែលស្រលាញ់ប្រទេសជាតិពិតប្រាកដ និង ខួរក្បាលប្រកបដោយទស្សនវិស្ស័យច្បាស់លាស់ ដូចដែលគាត់និយាយថា៖ "បើមិនធ្វើតាមខ្ញុំ ម្លេះ សឹង្ហបុរី មិនដូចសព្វថ្ងៃនេះទេ"។





No comments:

Post a Comment