Tuesday, June 30, 2015

លោកសេនាប្រមុខលន់ នល់


លោកលន់ នល់ និងប៉ុលពត សុទ្ធតែមានការព្រួយបារម្ភ ខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូចគ្នា ប៉ុន្តែ ពួកគាត់មិនបានរួមគ្នា ដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកល ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិ និងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះ ចាកចេញពីភ្នំពេញ លោកលន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់ទឹកភ្នែក សម្លឹង មើលទឹកដី ជាទិស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យទឹកដីជាទីបំផុត។ ក្នុងបទសម្ភាសជាមួយលោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​(បច្ចុប្បន្ន​ក្រសួងព័ត៌មាន) លោកលន់ នល់ និយាយថា ធ្វើនយោបាយ គ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើត​ឡើងទាំងអស់គ្នា។ លោកបញ្ជាក់ថា អាវុធនេះមួយ បើកាលណា តែដកចេញពីស្រោមហើយ មិន​ងាយដាក់ចូលវិញទេ។ លោកលន់នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណា កុំឲ្យអាវុធដកចេញពីស្រោមឲ្យ សោះ។ នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពីប៉ុលពតទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ ទី១ គឺការត្រូវប្រឈមតទល់ជាមួយ កងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះ។ ចំណែកប៉ុល ពត ត្រូវប្រឈមនឹង សត្រូវរបស់ខ្លួន គឺកងទ័ពលន់នល់ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។ លោកសេនាប្រមុខលន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុន​ពេលពួកខ្មែរក្រ​ហម​វាយ លុកចូលកាន់កាប់ភ្នំពេញ ប៉ុន្មានថ្ងៃបាន​ឲ្យគេបើកយន្តហោះ(អេឡេកូ ឬកន្ទុំរុយ)​ដឹកលោកជាមួយព្រះសង្ឃ ដើម្បីបាចដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។យោងតាមឯកសាររបស់លោករស់ ចន្រ្តាបុត្របញ្ជាក់ថា លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច​តានរោត្តមសីហនុទេ ប៉ុន្តែ គឺលោកលន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោកលន់ ណុន ជាប្អូនប្រុសបង្កើតរបស់លោកលន់ នល់។ លោក ក៏មានគម្រោង ចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាងពីរមិនព្រមសហការ រឿងរដ្ឋប្រហារនេះ។

No comments:

Post a Comment