Tuesday, June 16, 2015

តោះ​កូន​ខ្មែរ! យើង​នាំ​គ្នា​គិត​រឿង​នយោបាយ

YP

លោក ហារី ទ្រូម៉ាន់ ប្រធានាធិបតី​ទី ៣៣ របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ទ្បើង​ថា «អ្នក​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​​ដោយសារ​តែ​កិច្ចការ​នយោបាយ​បាន​ទេ លុះត្រា​តែ​អ្នក​គឺជា​​មនុស្ស​ទុច្ចរិត»​។ គោលដៅ​នោះ​គឺ​ដើម្បី​​ប្រយោជន៍​រួម​របស់​ជាតិ។ វា​គឺជា​រឿង​ថោក​ទាប​បំផុត​​ដែល​អ្នក​នយោបាយ​​រូប​ណា​មាន​ចិត្ត​ចង់​យក​នយោបាយ​​ធ្វើ​ជា​មធ្យោបាយ​ស្វែងរក​លោកធម៌​គឺ​លាភ យស សរសើរ និង​សុខ។ នៅពេល​ដែល​យើង​និយាយ​ពី​រឿង​នយោបាយ​យើង​អត់​និយាយ​ពី​រឿង​ចង់​ធ្វើ​ ឬ​មិន​ចង់​ធ្វើ ចូលចិត្ដ​ ឬ​មិន​ចូលចិត្ដ​នយោបាយ​​​នោះ​ទេ ប៉ុន្ដែ​រឿង​នយោបាយ​គឺជា​កាតព្វកិច្ច​ដែល​​ពលរដ្ឋ​ក្នុង​សង្គម​​ប្រជាធិបតេយ្យ​​ត្រូវតែ​ចូលរួម​ធ្វើ​តែ​ម្ដង។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រទេស​​យើង​​​ដែល​​កំពុង​​កសាង​​សង្គម​ប្រជាធិបតេយ្យ ការ​ចូលរួម​​ធ្វើ​នយោបាយ​គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ទាំងអស់​គ្នា។ នរណា​ដែល​​គិត​ថា នយោបាយ​គឺជា​កិច្ចការ​ផ្តាច់​មុខ​របស់​អ្នក​នយោបាយ​ទុក​ឲ្យ​​តែ​អ្នក​នយោបាយ​ធ្វើ ឯ​ពលរដ្ឋ​មិន​បាច់​គិត​រឿង​នយោបាយ​ទេ​គិត​តែ​រឿង​ធ្វើការ​រកស៊ី ជន​នោះ​មិន​សម​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​រវល់​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។
តើ​អ្នក​ដឹង​ទេ​ថា ផល​រួម​នៃ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​​មិនមែន​ជា​ផលប្រយោជន៍​ជាតិ​ឡើយ ប៉ុន្តែ​ផលប្រយោជន៍​ជាតិ​ច្បាស់​ណាស់​គឺជា​ផលប្រយោជន៍​របស់​​​ពួកយើង​ទាំងអស់​គ្នា។ ជា​អកុសល សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ត្រូវ​បាន​​អ្នក​នយោបាយ​ទុច្ចរិត​ប្រាប់​ថា បោះឆ្នោត​ឲ្យ​គេ​ទៅ​ចាំ​គេ​ធ្វើ​ប្រជាធិបតេយ្យ​ជូន។ នេះ​ជា​ការ​បន្លប់​ពលរដ្ឋ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​​អសកម្ម​ស្រាប់​កាន់តែ​អសកម្ម និង​ស្ពឹក​ស្រពន់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​​ខ្លួន​ជា​ម្ចាស់​​ប្រទេស​។ ពលរដ្ឋ​ខ្មែរ​ដែល​និយម​​​​ធ្វើ​បុណ្យ​ទាន​ទាំងឡាយ​គប្បី​ដឹង​​រឿង​មួយ​​ដែល​​ទាក់ទង​នឹង​​នយោបាយ​ថា ក្នុង​ចំណោម​ការ​ធ្វើ​បុណ្យ​ទាំងអស់​គ្មាន​ការ​ធ្វើ​បុណ្យ​ណា​ប្រសើរ​ថ្លៃថ្លា​ជាង​ការ​ធ្វើ​នយោបាយ​ដែល​ផ្ដើម​​ចេញ​ពី​ដួងចិត្ត​សង្គ្រោះ​ពលរដ្ឋ​ទាំងអស់​ឡើយ។ គ្មាន​ការ​ធ្វើ​បុណ្យ​ណា​ដែល​​ប្រសើរ​ថ្លៃថ្លា​ជាង​ការ​ធ្វើ​បុណ្យ​​ជួយ​ជាតិ​ឡើយ។ ពេល​អ្នក​ធ្វើ​រោង​បុណ្យ​ដាក់​ទាន មាន​មនុស្ស​តែ​ប៉ុន្មាន​រយ​ពាន់​នាក់​បាន​ហូប​ឆ្អែត​មួយ​ ឬ​ពីរ​ពេល ប៉ុន្ដែ​ការ​ធ្វើ​នយោបាយ​ជួយ​ជាតិ​​ដោយ​បេះដូង​បរិសុទ្ធ​វិញ​អាច​ជួយ​​សង្គ្រោះ​ជន​​រួម​ឈាម​រាប់​លាន​​នាក់​​ឲ្យ​​រស់​ក្នុង​សេចក្ដី​ថ្លៃថ្នូរ។ សួរ​ថា​តើ​មាន​ទង្វើ​ណា​ដែល​ប្រសើរ​ថ្លៃថ្លា​ជាង​ទង្វើ​នេះ​ទៀត​នោះ​?​​ពូជ​សាសន៍​ដែល​​​ថ្លៃថ្នូរ គឺជា​ពូជសាសន៍​ដែល​ចេះ​​​កសាង​​​សង្គម​ដោយ​​កណ្ដាប់​ដៃ​​របស់​ខ្លួន​ផ្ទាល់​។ ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ​តែងតែ​ទទួល​បាន​គំនិត ជំនឿ និង​​មនោគមន៍​វិជ្ជា​នយោបាយ​​តាមរយៈ​ដំណើរការ​មួយ​ដែល​​ហៅថា «សង្គម​នយោបាយ»។ ដំណើរការ​នេះ​បាន​ចាប់ផ្តើម​ដំបូង​តាំងពី​មាន​ជីវិត និង​បន្ត​​រហូត​ដល់​ស្លាប់​​ទៅវិញ។ ភ្នាក់ងារ​សំខាន់ៗ​នានា​មាន​ដូចជា ក្រុម​គ្រួសារ សាលារៀន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បទពិសោធ​ជីវិត​ជាដើម។ ដើម្បី​​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្ដូរ​គំនិត​​អសកម្ម​អំពី​រឿង​នយោបាយ គឺ​ត្រូវ​​ឈាន​​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​​តាម​ផ្លូវ​ចូល​នានា​ខាង​លើ​។​ ដើម្បី​​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​​យើង​​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ការ​យល់​របស់​​មនុស្ស​នោះ​​ជា​មុន​សិន​ទើប​ឈាន​ទៅ​ផ្លាស់ប្តូរ​ទម្លាប់​ធ្វើ​ជា​ក្រោយ​។ ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​មនុស្ស​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។​ ការងារ​​នេះ​ត្រូវការ​ពេលវេលា​យូរ និង​ត្រូវការ​មនុស្ស​មាន​​សមត្ថភាព​ក្នុង​ការ​ពន្យល់​ដោយ​អំណត់​ព្យាយាម។ ពលរដ្ឋ​ខ្មែរ​យើង​មាន​ផ្នត់​ទម្លាប់​មួយ​គឺ​​តែងតែ​ស្ពឹក​ស្រពន់​ខ្ជិល​ច្រអូស​ក្នុង​ការ​បំពេញ​កាតព្វកិច្ច ប៉ុន្តែ​ទាមទារ​ចង់​​បាន​តែ​សិទ្ធិ។ តើ​សិទ្ធិ​ឯណា​នឹង​ទទួល​បាន​នៅពេល​ដែល​​មិន​បាន​បំពេញ​​នូវ​កាតព្វកិច្ច​ដើម្បី​ទទួល​​បាន​សិទ្ធិ​នោះ? ការ​ធ្វើ​បដិវត្ដន៍​ផ្នត់​គំនិត​ដែល​​​ពលរដ្ឋ​ស្អប់ខ្ពើម​នយោបាយ​រួម​នឹង​ផ្នត់​គំនិត​​អសកម្ម​នានា​ក្នុង​​រឿង​ជំនឿ​សាសនា ជា​ការ​ធ្វើ​បដិវត្តន៍​ផ្នត់​គំនិត​ដ៏​លំបាក​​តឹងតែង​ខ្លាំង​ណាស់។ ប៉ុន្តែ​មិនមែន​​មាន​ន័យ​ថា ពេល​យើង​​​ឈប់​ធ្វើ​កិច្ចការ​នេះ​ហើយ យើង​នឹង​បាន​​​ស្រួល​ចិត្ត​ជាង​ពេល​ធ្វើ​នេះ​ទេ​។ ក្រុម​គ្រួសារ គឺជា​​ភ្នាក់ងារ​សំខាន់​បំផុត​នៅក្នុង​សង្គម​នយោបាយ​ពីព្រោះ​វា​គឺជា​ទីកន្លែង​​ដំបូង​ដែល​យើង​បាន​ស្តាប់​ឮ​ការ​សន្ទនា​​អំពី​រឿង​នយោបាយ។ ក្នុង​សង្គម​ខ្មែរ​យើង​ដោយ​ការ​យល់​ខុស ឪពុកម្តាយ​បាន​ពន្យល់​កូនៗ​របស់​ខ្លួន​ថា អាណា​ក៏​ដូចជា​អាណា​ដែរ​ក្នុង​ន័យ​ថា អ្នក​នយោបាយ​ណា​​ក៏​បោក​​ដូច​តែ​គ្នា​ ពីព្រោះ​ពួក​គាត់​ចាញ់​បោក​​ពួក​អ្នក​នយោបាយ​ច្រើន​ជំនាន់​ណាស់​មក​ហើយ។ ការ​បាត់​ជំនឿ​​​ចិត្ដ​រួម​នឹង​ភាព​អាត្មានិយម​ផ្ទាល់​ខ្លួន​ជា​កត្ដា​ឲ្យ​ពលរដ្ឋ​ជាច្រើន​​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​ដឹង​ឮ​រឿង​នយោបាយ​​​ទៅ​នៅ​ក្រៅ​សង្គម​ធ្វើ​ដូច​ខ្លួន​អ្នក​ស្អាតស្អំ​មិន​ប្រឡាក់​នឹង​រឿង​នយោបាយ។ ឪពុកម្ដាយ​ខ្មែរ​យើង​ច្រើន​ប្រាប់​កូនៗ​របស់​គាត់​ថា នយោបាយ​គឺជា​រឿង​បោក​ប្រាស់ និង​តែងតែ​នាំឲ្យ​មាន​គ្រោះថ្នាក់​​ដល់​​ជីវិត។ ដូច្នេះ​ពេល​កូន​ទៅ​រៀន​ដឹង​តែ​​ពី​ប្រឹង​រៀន​ទៅ។ ឪពុក​ម្ដាយ​ខ្លះ​ប្រាប់​កូន​ថា រៀន​ចប់​រក​ការងារ​​ល្អ​ធ្វើ​បាន​​ប្រាក់​ខែ​ខ្ពស់​ទៅ​បាន​ហើយ។ កូន​កុំ​ពិភាក្សា និង​កុំ​ចូលរួម​​រាល់​សកម្មភាព​នយោបាយ​ឲ្យ​សោះ គ្មាន​បាន​ការ​អី​ទេ​នាំតែ​មាន​រឿង​ដល់​ខ្លួន។ រឿង​នយោបាយ​​​មាន​​អ្នក​នយោបាយ​​ជា​អ្នក​ធ្វើ​ហើយ...ការ​ពន្យល់​បែប​នេះ​ធ្វើឲ្យ​កូនៗ​មាន​អារម្មណ៍​ខ្លាច​​នយោបាយ​​តាំងពី​តូច​គឺ​គេ​តែងតែ​ចងចាំ​ថា ម៉ែ​ពុក​បាន​ផ្ដាំផ្ដាច់​ថា​កុំ​សូម្បីតែ​ពិភាក្សា​រឿង​នយោបាយ និង​​កុំ​ចូលរួម​សកម្មភាព​​នយោបាយ​​ឲ្យ​សោះ​គ្មាន​បាន​ការ​​អី​ទេ។ នេះ​ជា​ការ​យល់​ខុស​របស់​ខ្មែរ។ បច្ចុប្បន្ន​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​តម្រូវ​ឲ្យ​មាន​​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ចាំបាច់។ សាលារៀន​ជា​ភ្នាក់ងារ​ដ៏​សំខាន់​​មួយ​ទៀត​បន្ទាប់ពី​ក្រុម​គ្រួសារ​។ ទាំង​គ្រូ ទាំង​សិស្ស​សុទ្ធតែ​មាន​សិទ្ធិ​ពិភាក្សា​រឿង​នយោបាយ និង​បកស្រាយ​ព្រឹត្តិការណ៍​សង្គម​ផ្សេង។ ដោយទ្បែក​នៅ​​ប្រទេស​យើង គ្រូ​និង​សិស្ស​​​មិន​និយម​​ពិភាក្សា​រឿង​នយោបាយ​នៅក្នុង​​សាលារៀន​ដោយ​​​ចំហ​ឡើយ ឬ​បើ​ទោះ​ជា​សាលា​ខ្លះ​​មិន​ហាម ក៏​ទាំង​គ្រូ​និង​សិស្ស​ខ្លាច​រអា​មិន​ហ៊ាន​និយាយ​​ដោយ​​ខ្លួនឯង​តែ​ម្ដង។ សាលារៀន​ជា​កន្លែង​បណ្តុះបណ្តាល​​​មនុស្ស​ដើម្បី​អភិវឌ្ឍ​​​ប្រទេស​ជាតិ។ ទាំង​​អ្នក​ដឹកនាំ​ប្រទេស ទាំង​មន្ដ្រី​រាជការ​សុទ្ធតែ​ទទួល​​ការ​បណ្តុះបណ្តាល​ពី​គ្រូបង្រៀន​ទាំងអស់។ ចុះ​បើ​នៅពេល​ដែល​​គ្រូបង្រៀន​គ្មាន​បច្ចេកទេស​​ប្រកប​ដោយ​វិជ្ជាជីវៈ​ ឬ​ក៏​​គ្មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​វែកញែក​បែប​​​ទស្សនវិជ្ជា​ដោយ​ឈរ​លើ​​ហេតុ​ និង​ផល សួរ​ថា​តើ​​អនាគត​​​ជាតិ​មាតុភូមិ​នឹង​ទៅ​ជា​យ៉ាង​ណា​? សូម​ចាំ​ថា​បើ​យើង​គ្រប់ៗ​គ្នា​ជា​ម្ចាស់​ប្រទេស​មិន​ជួយ​​គិតគូរ​បញ្ហា​​មាតុភូមិ​យើង​​​ទេ នោះ​​គ្មាន​​ជាតិ​សាសន៍​ដទៃ​ណា​លូក​ដៃ​មក​ជួយ​យើង​ដោយ​​ស្មោះស្ម័គ្រ​ឡើយ​។​ ជំនាញ​ពិភាក្សា ទំនាក់ទំនង និង​​ត្រិះរិះ​ពិចារណា​សុទ្ធតែ​ជា​ជំនាញ​ដែល​ពលរដ្ឋ​​ចាំបាច់​​ត្រូវ​មាន​។​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ​និង​បណ្ដាញ​សង្គម គឺជា​​ភ្នាក់ងារ​​មួយ​ទៀត​ដែល​មាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ។ ពលរដ្ឋ​អាច​ស្វែងយល់​រឿងរ៉ាវ​សង្គម​នានា​តាមរយៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ខណៈ​ពេល​ដែល​ប្រទេស​យើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​កសាង​​ប្រជាធិបតេយ្យ ពលរដ្ឋ​ត្រូវការ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ចាំបាច់​ណាស់។ ខ្មែរ​យើង​បាន​បំផ្លាញ​ពេលវេលា​របស់​ខ្លួន​ច្រើន​មើល​​វីដេអូ​ និង​កម្មវិធី​កម្សាន្ត​​នានា ជា​ហេតុផល​ចម្បង​​​ក្នុង​ការ​ធ្វើឲ្យ​​ពលរដ្ឋ​មិន​សកម្ម​​ក្នុង​​កិច្ចការ​ស្រុក​ទេស​។ ជា​ទម្លាប់​អាក្រក់​មួយ​របស់​ខ្មែរ​ដែល​​នាំគ្នា​មើល​រំលង​ចាត់​ទុក​ជា​​​រឿង​កម្សាន្ដ​ធម្មតា គឺ​ទាំង​​ពលរដ្ឋ​ក្រីក្រ អ្នក​មាន មន្ដ្រី​រាជការ​ធំ​តូច​ រាប់​ដល់​​ព្រះសង្ឃ (ទាំង​​​អ្នក​ចូលចិត្ដ អ្នក​មិន​ចូលចិត្ដ​នយោបាយ) បែរ​ជា​នាំ​គ្នា​សម្លាប់​ពេលវេលា​របស់​ខ្លួន​ដោយ​​មើល​តែ​រឿង​កំប្លែង​​​​តាម​ទូរទស្សន៍​ដែល​កំប្លែង​​ទាំងនោះ​សម្ដែង​ដោយ​ប្រើ​​ភាសា​​អាសអាភាស​មិន​​គប្បី​នានា​។ ចម្រៀង​ថ្មីៗ​ភាគច្រើន​បង្ហាញ​​ពី​ភាព​​អាវាសែ​ក្នុង​សង្គម បំពុល​ខួរ​ក្បាល​​យុវជន​តែ​​នឹង​​ស្នេហា​ដាច់​បង្ហៀរ។ វា​ក្លាយ​ទៅ​ជា​​រឿង​ធម្មតា​​ទៅ​ហើយ​ដែល​​គេ​ច្រៀង​រឿង​បាន​ខូច​​ខ្លួន​ប្រាណ​​ជាមួយ​សង្សារ​ក្នុង​វ័យ​សិក្សា។ គេ​ថា​នេះ​​ជា​សិល្បៈ។ វា​ជា​សិល្បៈ! តែ​នេះ​ជា​ប្រភេទ​សិល្បៈ​ដែល​បង្ហាញ​ពី​ភាព​មិន​​ថ្លៃថ្នូរ​​របស់​អ្នក​សម្ដែង​​​ផង និង​​របស់​​អ្នក​អនុញ្ញាត​ឲ្យ​​ចាក់​ផ្សាយ​ផង និង​របស់​អ្នក​ទស្សនា​ផង។ តើ​ខ្មែរ​ពិត​ជា​មើល​រឿង​កំប្លែង​ត្រឹមត្រូវ​លែង​ចូល​​ឬ? បណ្ដាញ​ផ្សព្វផ្សាយ​មាន​នាទី​សំខាន់​ណាស់​ក្រៅពី​ផ្សព្វផ្សាយ​ព័ត៌មាន​នានា គឺ​ជួយ​បណ្ដុះ​ការ​យល់​ដឹង​ដល់​ពលរដ្ឋ។ បទពិសោធ​ពី​ជីវិត គឺជា​ភ្នាក់ងារ​មួយ​ទៀត​ដែល​អាច​ផ្លាស់ប្តូរ​ការ​គិត​រឿង​នយោបាយ។ មាន​​មនុស្ស​ខ្លះ​មាន​បទពិសោធ​ជីវិត​យ៉ាងច្រើន ខណៈ​ដែល​​អ្នក​ខ្លះ​ទៀត​ខ្វះ​បទពិសោធ​ជីវិត។ ប៉ុន្ដែ​ពេល​ខ្លះ​ក៏​ដោយសារ​តែ​បទពិសោធ​ជីវិត​ចាញ់​បោក​អ្នក​នយោបាយ​ច្រើន​ជំនាន់​មក​ហើយ​នេះ​ហើយ​ដែល​រារាំង​ខ្មែរ​ឲ្យ​ឈប់​រវល់​រឿង​នយោបាយ។ គេ​អាង​ថា​ គេ​មាន​បទពិសោធ​ពេញ​ខ្លួន គេ​ក៏​ចង់​សង្កត់​​ក្បាល​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ខ្លាច​រអា​រឿង​នយោបាយ​ដូច​គេ​ដែរ។ នេះ​ជា​ឥរិយាបថ​របស់​ឆ្មា​ដែល​ធ្លាប់​រលាក​ទឹកក្ដៅ ដែល​​ខ្លាច​សូម្បី​តែ​ធុង​ទឹក​ត្រជាក់។ ឲ្យ​តែ​ព្រម​ទទួល​ស្គាល់​នូវ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន គេ​មុខ​ជា​អាច​រៀន​បាន​យ៉ាងច្រើន​ពី​​អ្នក​ដទៃ​ដែល​នេះ​ជា​ទង្វើ​មនុស្ស​ឆ្លាត​​។ ផ្ទុយ​ទៅវិញ មនុស្ស​ល្ងង់​សូម្បី​បទពិសោធ​ខ្លួន​ឯង​ក៏​គេ​រៀន​មិន​ចេះ​ដែរ។ តើ​មិន​គិត​មក​សិក្សា​មើល​ថា​ហេតុអ្វី​ទើប​ខ្លួន​ចាញ់​បោក​គេ​ទេ​ឬ? តិច​ខ្មែរ​ចាញ់​បោក​គេ​ទាល់​តែ​រលត់​ផុត​ពូជសាសន៍​ខ្មែរ​ទៅ?តើ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​យើង​​អាច​រស់នៅ​ក្នុង​សង្គម​ដ៏​អយុត្តិធម៌ ស្មោកគ្រោក ពេញព្រៀប​ដោយ​រឿងរ៉ាវ​អសីលធម៌ ពុករលួយ​ គាប​សង្កត់​ត្រឡប់​ប្រែ​ស ទៅ​ជា​ខ្មៅ​នេះ​កើត? តើ​យើង​​ត្រូវ​ទ្រាំ​រស់​ក្នុង​សង្គម​ដ៏​អាប់អួ​​បែប​នេះ​រហូត​ដល់​ពេល​ណា? មាន​តែ​អ្នក​មិន​ខ្ចី​រវល់​គិត​ទេ​ដែល​​មើល​មិន​ឃើញ​ពី​ភាព​កខ្វក់​ស្មោកគ្រោក​នៃ​សង្គម​នេះ។ យើង​កំពុង​តែ​រស់នៅ​ក្នុង​សង្គម​​មួយ​ដែល​អ្នក​ខ្លាំង​គាប​ស៊ី​អ្នក​ទន់ខ្សោយ​ដូច​សង្គម​សត្វ​ដែល​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​​ធំ សង្គម​មួយ​ដែល​មាន​​អ្នក​អង្គុយ​​លើ​ច្បាប់​សង្គម​មួយ​​ដែល​គ្រូពេទ្យ​ខ្លះ​បាន​​បំផ្លាញ​សុខភាព​មនុស្ស សង្គម​មួយ​ដែល​សារព័ត៌មាន​​ខ្លះ​បំផ្លាញ​ព័ត៌មាន​ត្រឹមត្រូវ សង្គម​​មួយ​ដែល​សាលា​​មួយ​ចំនួន​បំផ្លាញ​ការ​យល់ដឹង​​និស្សិត សង្គម​មួយ​ដែល​បំផ្លាញ​​សេដ្ឋកិច្ច​ជាតិ​ក្រោម​រូបភាព​នៃ​ការ​កសាង​សង្គម​មួយ​ដែល​​សាសនា​បំផ្លាញ​​​​សីលធម៌​ទទួល​ខុសត្រូវ សង្គម​​ដែល​លែង​​ដឹង​អី​ខុស​​​អី​ត្រូវ។ គ្រប់​សរសៃ​សសូង​ទាំងអស់​របស់​ជាតិ​ត្រូវ​បាន​​​មេរោគ​អាត្មា​និយម​​​គិត​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ស៊ី​ស្ទើរ​ខ្ទេច​គ្មាន​សល់។ តើ​នរណា​​អាច​​នឹង​​មក​ជួយ​​ខ្មែរ​បាន​​ក្រៅពី​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​រៀន​ចេះ​ជួយ​ខ្លួន​ឯង? ចុះ​បើ​ពលរដ្ឋ​ជាទូទៅ​ទ្រាំ​រស់​បាន​​នៅក្នុង​សង្គម​ដ៏​ស្មោក​គ្រោក​​នេះ​ទៅ​ហើយ តើ​នរណា​អាច​ជួយ​ស្តារ​សង្គម​ជាតិ​របស់​ពួកយើង​ឡើង​វិញ? វា​ពិតជា​ជួប​ប្រទះ​នឹង​ការ​លំបាក​ខ្លាំង​ណាស់​នៅពេល​ដែល​យើង​តស៊ូ​រក​យុត្តិធម៌​​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​រង​អំពើ​អយុត្តិធម៌​ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​​មនុស្ស​ដែល​ស្អប់​ខ្ពើម​អំពើ​អយុត្តិធម៌។​ មនុស្ស​ទាំងអស់​គ្មាន​​តម្លៃ​ទេ​បើ​សិន​ណា​ជា​គេ​មិន​បាន​​ធ្វើ​ការងារ​​ដែល​មាន​តម្លៃ។ ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​​ដាក់​ជា​សំខាន់​​ទៅលើ​ការ​កែប្រែ​ផ្នត់​គំនិត​ពលរដ្ឋ​ឲ្យ​រៀន​​ចេះ​ត្រិះរិះ​ពិចារណា​ប្រកប​​​ដោយ​​សីលធម៌​នៃ​ការ​ទទួល​​ខុស​ត្រូវ​គឺជា​រឿង​សំខាន់​បំផុត​ដែល​ខ្មែរ​ត្រូវ​ធ្វើ​មុន​គេ​ដើម្បី​ការ​ផ្លាស់ប្តូរ​​​​​សង្គម។ សង្គម​​ថ្លៃថ្នូរ​គឺ​ពលរដ្ឋ​នៃ​សង្គម​នោះ​​ចូលរួម​​គិត​អំពី​​បញ្ហា​នយោបាយ​ចូលរួម​ធ្វើ​សកម្មភាព​ទៅ​តាម​​អ្វី​ដែល​​បាន​រួម​​សម្រេច​ទាំងអស់​គ្នា​ពិសេស​គឺ​ពលរដ្ឋ​ចេះ​ចូលរួម​​ទទួល​ខុសត្រូវ​​សកម្មភាព​របស់​​ខ្លួន​ក្នុង​ការ​​ឈាន​ទៅ​ចូលរួម​កសាង​សង្គម​​មួយ​ដែល​ពលរដ្ឋ​គ្រប់​រូប​រស់នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់។ បែប​នេះ​ទើប​ជា​ពូជ​ថ្លៃថ្នូរ។ តោះ​កូន​ខ្មែរ​ទាំងឡាយ​!​ល្មម​ដល់​ពេលវេលា​​សមគួរ​ឲ្យ​​ពួកយើង​ចូលរួម​​ជួយ​​គិតគូរ​រឿង​នយោបាយ​ហើយ​៕ ប៉ាង វ៉ាន់ថោន

No comments:

Post a Comment