Saturday, June 27, 2015

លោក​ សម រង្ស៊ី យករឿងសំងាត់របស់​ លោក ហ៊ុន សែន ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម ប្រាប់លោក កឹម​ សុខា

YP

ក្រុមមេដឹកនាំគណបក្សប្រឆាំងបានអះអាងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសារភាពថាលោក​មាន​ការពិបាក​ក្នុង​ពេលធ្វើការចរចាបញ្ហាព្រំដែន​ជាមួយប្រទេសវៀតណាម ដែលរដ្ឋាភិបាលទាំងពីរចាត់ទុកថាជាមិត្តម៉ឺន​ឆ្នាំ​នោះ។ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានប្រាប់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ​២០១៥នេះថាលោក សម រង្ស៊ី បាន​ប្រាប់​លោកថាបញ្ហាព្រំដែន​ជាមួយ​វៀតណាមនេះ លោក ហ៊ុន សែន បាននិយាយជាសម្ងាត់ជាមួយលោក សម រង្ស៊ី ថាលោកមានការ​ពិបាក ប៉ុន្តែពេលលោកនាយករដ្ឋមន្រ្តីនិយាយចេញមកក្រៅ គឺផ្ទុយពីនេះ។ កាលពីប៉ុន្មានខែមុនលោក សម រង្ស៊ី ក៏ត្រូវបានសារព័ត៌មានបរទេសមួយនិយាយជាភាសាខ្មែរ បានដក​ស្រង់​សម្តី​មកផ្សាយថា លោក សម រង្ស៊ី បានអះអាងថាលោក ហ៊ុន សែន បានត្អូញត្អែរប្រាប់​លោក​ពីការ​លំបាក​និយាយគ្នាជាមួយវៀតណាមរឿង​ព្រំដែននេះដែរ។ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលោកនាយករដ្ឋមន្រ្តីចេញបកស្រាយលើ​អះអាងរបស់​មេដឹកនាំ​បក្សប្រឆាំងថាអ្វីដែលពួកគេនិយាយនោះជាការពិត ឬយ៉ាងណាទេ។ ទោះជាបែបនេះក្តី ក្រុមអ្នកតាមដានបញ្ហានេះបានលើកឡើងថាការដែលលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន សារភាពថាពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាមដោយសារតែ​លោក ហ៊ុន សែន ធ្លាប់​ជំពាក់​គុណប្រទេសជិតខាងមួយនេះ ដែលតាំងខ្លួនជាអ្នកជួយផ្តួលរំលំរបប​ខ្មែរ​ក្រហម។ សមាជិកក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជាដែល​សកម្មចុះពិនិត្យ​បញ្ហាព្រំដែនថ្មីៗនេះ លោក ម៉ៅ ពិសេស យល់ថាការដែល​លោក ហ៊ុន សែន សារភាពថា ពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាម អាចដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជាស្ថិត​ក្នុង​គំនាប​រដ្ឋាភិបាលទីក្រុង​ហាណូ​យ។ លោក​មានប្រសាសន៍ថា​«បើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិលើកឡើងជាការពិត វាបង្ហាញថាលោក ហ៊ុន សែន គាត់កំពុងនៅក្នង​គំនាប​របស់​យួន។ អញ្ចឹងក្នុងការចរចាជាមួយយួនវាពិតហើយ វាពិបាក។ ប៉ុន្តែបើសិនជាមានសុឆន្ទៈនយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែន វាមិនពីបាកទេ។​ យើង​ត្រូវលើកទៅកម្រិត​​អន្តរជាតិ យន្តការអន្តរជាតិ តែបើយន្តការទ្វេរភាគី វាអត់អាចទៅរួចទេ»។​ សម្រាប់សាស្រ្តាចារ្យ និងជាអ្នកប្រឹក្សាយោបល់មេគង្គ លោកបណ្ឌិត យិន សុរិយា យល់ថាប្រសិន​បើ​លោកនាយករដ្ឋមន្រ្តីសារភាពនោះជាការពិតបង្ហាញថាលោក ហ៊ុន សែន ធ្លាប់ជំពាក់គុណ​វៀត​ណាមដែលលោកថាវៀតណាមជាអ្នកលើកបន្តុបឲ្យកាន់អំណាចក្រោយ​ឆ្នាំ១៩៧៩មក​ដល់​ឆ្នាំ១៩៩៣​។ ប៉ុន្តែលោក​ថាថ្វីត្បិតបែបនេះក៏ដោយ លោក ហ៊ុន សែន គួរតែប្រើទំនាក់ទំនងល្អជាមួយវៀតណាម ​ដើម្បី​ដោះស្រាយបញ្ហានេះ ហើយបើវៀតណាមនៅតែបំពានទៀត នោះកម្ពុជាត្រូវតែប្រើយន្តការអន្តរជាតិដែលមានភាគីទី៣ចូលរួម។ លោក​មានប្រសាសន៍ថា​«ខ្ញុំថាសម្តេច ហ៊ុន សែន គាត់មានទំនាក់ទំនង​ល្អជាមួយវៀតណាម គាត់គួរប្រើទំនាក់​ទំនង​ល្អហ្នឹង​ទៅ​ដោះ​ស្រាយបញ្ហានយោបាយប្រហែលជាល្អជាង។ បញ្ហានយោ​បាយវាមិនអាច​ដោះស្រាយតែតាម​ផ្លូវ​អាវុធបានទេ ទាល់តែតាមផ្លូវបញ្ញា និង​ការចរចា»។​ លោកបណ្ឌិត យិន សុរិយា ថ្លែងទៀតថា បញ្ហាព្រំដែនជាមួយវៀតណាមប្រហែលជាមេដឹកនាំ​បច្ចុប្បន្ននេះ មិនអាចដោះស្រាយបញ្ចប់ទាំងស្រុងបានទេគឺទាល់យុវជនជំនាន់ក្រោយឡើងដឹកនាំ ព្រោះអ្នកថ្មី​មិន​ជំពាក់​​គុណវៀតណាម។ ចំណែក លោក ម៉ៅ ពិសេស ថ្លែងទៀតថាបើមេដឹកនាំកម្ពុជាមានឆន្ទៈដោះស្រាយបញ្ហា​ព្រំដែនជាមួយ​វៀតណាម​ដោយមិនស្ថិតក្រោមគំនាប គួរតែផ្តល់​ឱកាសដល់​អ្នកនយោបាយណាដែលមិនជំពាក់គុណវៀតណាមជា​អ្នក​ជួយដោះស្រាយ។ លោកមានប្រសាសន៍ថា​«ជាការល្អបើសិនជាគាត់មានឆន្ទៈនយោបាយក្នុងការ​ដោះស្រាយបញ្ហាបូរណភាពទឹកដី ឲ្យមាន​ប្រសិទ្ធិភាព ហើយអាចការពារទឹកដីឲ្យបានគង់វង្ស គាត់គួរ​ពិចារណាចុះចេញពីតំ​ណែង ដើម្បីឲ្យអ្នកដែល​មិនជំពាក់​គុណយួន ឲ្យគេដោះស្រាយបញ្ហាហ្នឹងវិញទៅវាប្រសើរ​ជាង។ កុំ​គាត់ទួលភ្នំមួយ​ម្នាក់ឯង វាធ្ងន់ធ្ងរ​ទៅសម្រាប់ខ្លួនគាត់ និង​ប្រទេសជាតិទាំងមូល»។​
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានរកឃើញថាបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ បាន​ផ្ទុះ​ជា​បន្តបន្ទាប់​តាំងពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគីរី ​ខេត្ត​កណ្តាល តាកែវ និងកំពត​ជាដើម។ ក្រសួងការបរទេសកម្ពុជាបានអះអាងថាខ្លួនបានចេញកំណត់ទូតជាង១០ដងមកហើយតាំងពីឆ្នាំ២០១៣​មក ដើម្បី​តវ៉ាឲ្យវៀតណាមបញ្ឈប់​សកម្មភាព​រំលោភបំពាន​លើ​បូរណភាពកម្ពុជា និង​តំបន់​ហាមឃាត់មួយចំនួន។ ប៉ុន្តែមកដល់ពេលនេះវៀតណាមនៅតែមិនឃើញ​ឆ្លើយ​តប​នឹង​កំណត់ទូតនោះ ហើយនៅតែបន្តសកម្មភាពបំពានជាបន្តបន្ទាប់ ដែលក្រសួងការបរទេសកម្ពុជាទទួលស្គាល់ថាវៀតណាមបានចូលមកជីកស្រះនៅខេត្តរតនគិរី និងការសង់​ប៉ុស្តិ៍យោធាការពារព្រំដែន​នៅ​តំបន់​ហាមឃាត់ក្នុង​កណ្តាលជាដើម។ អ្នក​វិភាគផ្តល់ជាយោបល់ថារដ្ឋាភិបាល​កម្ពុជាត្រូវប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ ក្នុង​ឆ្នាំ១៩៦៤ និងសាក្សីរស់ គឺពលរដ្ឋខ្មែរដែលតាំងទីលំនៅតាមព្រំដែន ដើម្បីតតាំងជាមួយវៀតណាម​។ ចំណែក​គណបក្សសង្រ្គោះជាតិបានទាមទារឲ្យរដ្ឋាភិបាល​កម្ពុជាលុប​​ចោល​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០​០៥​ជាមួយវៀតណាម​នោះ ទើបអាចដោះស្រាយបញ្ហាព្រំដែននេះបានស្មើភាពគ្នា៕

No comments:

Post a Comment