Saturday, June 27, 2015

ព្រះរាជសារព្រះករុណា ព្រះបាទនរោត្តមសីហនុ ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់




នរោត្តមសីហនុ នៃកម្ពុជា ប៉េកាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០០៤ ខ្ញុំមានកិត្តិយស សូមជម្រាប​ជូននូវការពិតអំពី​កម្ពុជា​ក្រោម​ម្តងទៀត និងអំពីកោះ ត្រល់ ព្រមទំាងបន្ទាត់​ប្រវីយេ(Ligne Brevie) Bre vie ជាឈ្មោះលោកអគ្គ​ទេសាភិបាល បារាំង ដែលត្រួតត្រាឥណ្ឌូចិនបារាំង​សែស ខ្មែរ វៀតណាម និងលាវ។ អំពីកម្ពុជា ក្រោមៈ ខ្ញុំបានជម្រាបច្រើនលើកមកហើយ នូវការពិតជាប្រវត្តិសាស្រ្ត អំពីបញ្ហាកម្ពុជា​ក្រោម។ តែដោយនៅពេលនេះ មានមារ សត្រូវ នរោត្តមសីហនុ នៅក្រៅប្រ ទេស និងក្នុងប្រទេស បានចោទប្រកាន់ខ្ញុំថា ក្បត់ជាតិ លក់ទឹកដីឲ្យបារាំង និងវៀតណាម ខ្ញុំសូមបន្ថែម នូវសេចក្តីដូចខាង​ក្រោមនេះ។ កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និងកោះត្រល់នោះ​ទេ។ ខ្ញុំមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ ថាមិនចេះស្រលាញ់ជាតិ នោះទេ។ ខ្ញុំសូមលើកមក​ជម្រាបអំពីគ្រួសារខ្ញុំ។ នៅសតវត្សរ៍ទី២០ គ្រួសារខ្ញុំ ទទួលរងនូវទុក្ខវេទនាដោយសារកម្ពុជាក្រោម។ ខ្មែរ កម្ពុជាក្រោម​ជាច្រើន បានសុំឲ្យមាខ្ញុំ(ឪពុកមា) តស៊ូទាមទារកម្ពុជាមកបញ្ចូលជាមួយកម្ពុជាលើវិញ។ លោកមាន​ត្រកូលនរោត្តម ហើយព្រះអង្គសុគត ដោយធ្វើអត្តឃាតចងព្រះសុរង(ចងក)។ មូលហេតុនៃការធ្វើអត្តឃាតនេះ គឺបណ្តាលមកពីព្រះអង្គមានការឈឺចាប់ក្នុងហរទ័យ និងការអៀន​ខ្មាសដោយសារការខិតខំទាមទារកម្ពុជាពីបារាំងសែស មិនទទួលបានជោគជ័យ។ ព្រះអង្គសុចិត្ត​ធ្វើព​លីកម្មរហូតដល់ជីវិត។ ខ្មែរកម្ពុជាក្រោម ឡើងចុះដំនាក់ជីតាខ្ញុំផ្ទាល់ ព្រះនាមព្រះនរោត្តម សុធារស ហើយ សុំឲ្យព្រះនរោត្តម​សុធារស សន្យាថា នៅពេលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គត្រូវ ទាមទារកម្ពុជាក្រោមពីបារាំង​សែសមកឲ្យកម្ពុជាលើវិញ កុំឲ្យបានទៅវៀតណាម។ ព្រះនរោត្តមសុធារស បានសន្យាជាមួយខ្មែរ​កម្ពុជា​ក្រោមទំាងនោះថា បើបារាំងថ្វាយព្រះរាជ សម្បត្តិមកឲ្យព្រះអង្គ ក្រោយពីព្រះករុណា ព្រះបាទស៊ីសុវត្ថិចូលទិវង្គត ព្រះអង្គនឹងទាមទារពីបារាំងឲ្យទាល់តែបានកម្ពុជា​ក្រោមមកភ្ជាប់​ជាមួយ​នឹងកម្ពុជាលើវិញ ដូចបុរាណសម័យ។ ពេលនោះ បារាំងសែសគិតគូរថ្វាយរាជប​ល័ង្គមក​សាខាច្បង​នរោត្តមវិញ បានសេចក្តីថា ក្រោយពីព្រះបាទស៊ីសុវត្ថិ នឹងថ្វាយព្រះនរោត្តមម្នាក់ឡើង​គ្រងរាជ្យ​សម្បត្តិ។ បារាំង បានប៉ាន(គូរ)ប្រះឆាយាលក្ខណ៍ ព្រះនរោត្តមសុធារស ដើម្បីដាក់តាំង នៅពេលព្រះ​អង្គឡើងគ្រងរាជ្យ។ ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថា នៅពេលព្រះអង្គឡើង សោយ​រាជ្យ ព្រះអង្គនឹងទាមទារកម្ពុជាក្រោមពីបារាំងវិញភ្លាម បារាំងសែសក៏សម្រេចឈប់ ថ្វាយ ព្រះ​នរោត្តម​សុធារស សោយរាជ្យ ហើយយកព្រះឆាយាលក្ខណ៍ព្រះអង្គដែលប៉ានរួចហើយ ទៅទម្លាក់​នៅ​ក្នុងទន្លេចតុ(បួន)មុខ។ ព្រះនរោត្តម សុធារស ក៏អស់រាជ្យសម្បត្តិ ដោយសេចក្តីស្នេហាជាតិ​របស់ព្រះអង្គ។ (… ) ចំពោះខ្ញុំ ក្រោយពីបារាំងសែសថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀមណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើងតទៅទៀតបាន។ ហេតុដូច្នេះ​ហើយ បានជាខ្ញុំសុំឲ្យបណ្តាប្រទេសនានាទទួលស្គាល់ជាផ្លូវការ នូវព្រំដែនកម្ពុជានាបច្ចុប្បន្កាល។ ខ្ញុំ​សូមបញ្ជាក់ថា នេះ មិនមែនមានន័យថា ខ្ញុំសុខចិត្តផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀត ណាមទេ។ ការពិត គឺសុំគេ កុំឲ្យលេបត្របាក់ជាបន្តទៅទៀតនូវ ទឹកដីកម្ពុជា ដែលតូច ណាស់ទៅ​ហើយ គឺសុំឲ្យឈប់ត្រឹមហ្នឹងហើយ ត្បិតនៅពេលនោះ ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាម​ខាងត្បូង) ទាមទារយកកោះសេះ កោះអន្តតាយ និងកោះដែល នៅជិតកែបពីកម្ពុជា។ ដូច្នេះ ខ្ញុំសូមជនរួមជាតិ មេត្តាបែងចែកឲ្យច្បាស់លាស់ពីៈ ក.នរោត្តម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុផលអំពី កម្ពុជាក្រោម កោះ​ត្រល់ បានទៅបារាំង ឬវៀតណាមនោះទេ។ ខ.យើងមិនភ្លេចភ្លាំងថាយើងខ្សោយ កងទ័ពយើងមានចំនួនតិចជាងគេ ហើយយើង ត្រូវបញ្ឈប់ប្រ​ទេស​ធំៗទំាងអស់ហ្នឹង កុំឲ្យវាទទន្រ្ទានយកទឹកដីយើងសព្វថ្ងៃនេះទៀតទេ។ យើងខ្លាចទឹកដីយើង កាន់តែរួញតូចទៅៗ។ នៅសតវត្សរ៍ទី២១នេះ ទឹកដីយើងបានបាត់បងរួចទៅហើយ។ ប្រជារាស្រ្ត ដែលធ្លាប់ តែធ្វើស្រែចម្ការ ពីដូនតាមកនៅលើទឹកដីរបស់ខ្លួន បានត្រូវវៀតណាមប្រកាសថាជាទឹកដី របស់គេ។ លោកមេធាវី Michel BUISSON របាយការណ៍របស់ឥស្សរជន និស្សិត ជាច្រើន សុទ្ធតែបានបង្ហាញនូវការបាត់បង់​ទឹកដី។ ចំណែករដ្ឋអំណាចនៅតាមព្រំដែនវិញ គ្នាពុំហ៊ាន ធ្វើអត្ថាធិប្បាយអ្វីទេ។ ដូច្នេះ នាបច្ចុប្បន្នកាលនេះ យើងបែកបាក់គ្នាទៅហើយ រវាងអ្នកដែលនិយាយថា កម្ពុជាចំណេញ​ទឹកដី (រហូតចំណេញទឹកជូនប្រជារាស្រ្តប្រើប្រាស់ទៀត) និងអ្នកដែលយល់ ឃើញថា ទឹកដីកម្ពុជា បានត្រូវគេលេបត្របាក់ ជាច្រើនណាស់ទៅហើយ។ ការពិត វាយ៉ាង ណាទៅ?។ បច្ចុប្បន្ននេះ ខ្ញុំមិន​ធ្វើ​ជាចៅក្រមកាត់សេចក្តីថា ខាងណាខុស ខាងណាត្រូវទេ។ ដោយហេតុនេះហើយ បានជាខ្ញុំមិន​ត្រឡប់ទៅកាន់មាតុប្រទេសវិញ។ ខ្ញុំសុំទោសផងចុះ ពីព្រោះការពិត យើងមិនទាន់ដឹងច្បាស់លាស់​នៅឡើយទេ។ ខ្ញុំសូមដកខ្លួនសិន ហើយសុំ កុំឲ្យចោទថា ខ្ញុំក្បត់ជាតិ។ ខ្ញុំមិនដែលក្បត់ជាតិម្តង​ណា​ទាល់តែសោះ ក្នុងមួយជីវិតខ្ញុំនេះ។ 
ផ្ទុយទៅវិញ ខ្ញុំមានតែការពារជាតិមិនដែលឈប់ឈរ។ កូនចៅ ចៅទួត ដែលសព្វថ្ងៃរស់ នៅសហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រ្តាលី ។ល។ ហើយដែលមានសេរី​ភាព បានផ្ញើអ៊ីមេលមកខ្ញុំ កោតសរសើរសម្តេចឪ សម្តេចតា សម្តេចតាទួត ថាខែងរែងមែន មិន ដែលលះបង់ឧត្តមប្រយោជន៍ជាតិ បូរណភាពទឹកដីទេ។ សម្តេចតា សម្តេចតាទួត ជាអ្នក ស្នេហាជាតិ​ដ៏បរិសុទ្ធ ចំណាស់នៅក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ បើមានកិច្ចការអ្វី ដែលអយុត្តិធម៌ចំពោះខ្ញុំទៀត ខ្ញុំនឹងមិន នៅស្ងៀមទេ គឺខ្ញុំតស៊ូជាដរាប រហូតដល់អវសាន្តនៃជីវិត។ ប៉ុន្តែ ខ្ញុំសូមជនរួមជាតិ មេត្តា យោគយល់ និងអភ័យ​ទោស ដោយខ្ញុំមិនអាចចូលទៅក្នុងប្រទេសជាតិវិញ ត្បិតអយុត្តិធម៌ មានច្រើនណាស់ចំពោះខ្ញុំ។ ខ្ញុំនឹង​ធ្វើការតាមព្រះនរោត្តមយុគន្ធរ ដែលការពារឯករាជ្យ ការពារបូរណភាពទឹកដី ហ៊ានប្រឆាំង​ជា​មួយបារាំងសែស ហើយដែលត្រូវបារាំងសែសនិរទេស ព្រះអង្គទៅនៅឯបរទេស រហូតដល់ព្រះអង្គ​សុគត។

សូមអរគុណជាអនេកប្បការ 
នរោត្តម សីហនុ

No comments:

Post a Comment