Monday, July 20, 2015

ស្បែកជើងរបស់អ្នកនយោបាយខ្មែរសំរាប់ទីលានកម្ពុជា

ចាប់តាំងពីនៅ​ឆ្នាំ​១៩៩៣ ​កម្ពុជាបានរៀបចំ​ឲ្យមាន​ការបោះឆ្នោត​លើក​ទី​មួយដែលបាន​ជួយពី អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា​អ៊ុនតាក់ ដែល​កើត​ក្រោយ​ទី​បញ្ចប់នៃ​សង្គ្រាម​នៅ​កម្ពុជា​ បើយើងរាប់អ្នកនយោបាយទាំងចាស់ទាំងថ្មីដែលមាន​ប្រជាប្រិយ​ភាព​មកទល់ពេលនេះ គឺមានមិនលើសពី១០រូបផង។ អ្នកនយោបាយចាស់ៗជាពិសេសគេ​សំដៅទៅលើប្រធានគណបក្សប្រឆាំងដែលជាតំណាងឆន្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំក្នុង​បំណង់ចង់ផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា ថាតើអ្នកនយោបាយទាំងនោះបានប្រើវិធី​សាស្ត្រ​អ្វី ទើប​​ធ្វើអោយពួកគេតែងតែទទួលបរាជ័យក្នុងដំណើរការនៃការបោះឆ្នោត​​គ្រប់អាណិត្ត​ដើម្បី​ឈាន​ដល់ការផ្លាស់ប្តូរសង្គមកម្ពុជា?


បើនិយាយពីគណបក្សហ្វុនស៊ីបិចដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណ​ឬ​ទ្ធិ​តាំង​ពីអាណិត្តទី១នៃរដ្ឋសភាកម្ពុជាធ្លាប់បានទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងភ្លូកទឹកភ្លូកដី និង​ឆ្លងដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ននៅតែមិនទាន់បានឈ្នះឆ្នោតម្តងទៀតឡើយ បើសំលឹងមើលមូលហេតុដែលនាំអោយប្រជាពលរដ្ឋគាំទ្រគណបក្សដល់ចាស់ជរាមួយនេះ គឺ​មកពីប្រជានុរាស្ត្រខ្មែរយល់ឃើញថាមានតែខ្សែព្រះរាជវង្ស ជាកូនស្តេចរាជាទើបអាចដឹកនាំ នរគខ្មែរបាន និងមានការទុកចិត្តពីនយោបាយអតីតកាលក្រោមព្រះរាជកិច្ចដឹកនាំព្រះនរោត្តម សីហនុ នាពេលកន្លងមកផង។មិនមែនជាសារនយោបាយ ដែលផ្តល់ជូនដល់ប្រជារាស្ត្រ តែជា​ការសន្យា និងប្រជាប្រិយភាពពីអាទិទេពទើបបណ្តាលអោយមានការគាំទ្រពីប្រជាពល​រដ្ឋជាប់អសនះក្នុងសភាជាតិ។ កើត ចាស់ ឈឺ ស្លាប់ជាវដ្ដដាក់របស់ជីវិតនយោបាយគណបក្ស​ហ៊ុ្វនស៊ីបិចមួយនេះ ជាពិសេសបច្ចុប្បន្នវាហាក់បីដូចជាហួសសម័យទៅហើយក្នុងការថ្លែងសារ​នយោបាយតាមបែបរឿងរាជាធិបតេយ្យបែបនេះ។ ងាកទៅមើលគណបក្សកាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញស្បែក​ជើងដែលគណបក្សនេះតែងតែប្រើដើម្បីដើរនៅលើផ្លូវនយោបាយកម្ពុជានោះ ហើយតែងតែ​ទទួលបានជោគជ័យគ្រប់អាណិត្តគឺសមត្ថផលនានា ស្ពាន ថ្នល់ សាលារៀន ជាក់ស្តែង​ធ្វើ​អោយប្រជាពលរដ្ឋអាចមើលឃើញនិងប្រើប្រាស់បាន ជាពិសេសរបស់ទិព្វគឺជាអំណោយ​ផ្តល់ជាបន្តរបន្ទាប់ជូនពលរដ្ឋក្រីក្ររ ជាងការសន្យាខ្យល់ ប៉ុន្តែក៏មានពលរដ្ឋមិនតិចដែរដែលបានមើលឃើញភាព អសន្តិសុខ អំពើអយុត្តិធម៌សង្គម​ និង​ជំងឺសង្គម​​ជាច្រើនទៀត​ នៅតែមិនអាច​ទទួលយកបាននូវការដឹកនាំតាមរបៀបរបបបែបនេះ។ ក្តីបំណងរបស់ប្រជាពលរដ្ឋដែលតំណាងអោយបក្សប្រឆាំងគឺគណបក្ស សម រង្ស៊ី បន្ទាប់ពី​គណបក្សអស់ក្តីសង្ឃឹមហ៊្វុនស៊ីបិចមក គណបក្សនេះហាក់បីដូចជានៅក្រិនមិនលូតទៅមុខ​បានក្នុងអាណិត្តទី៤ ក្តីទុកចិត្តរបស់ពលរដ្ឋខ្មែរដែលលើកឡើងថាមានតែគណបក្សសម រង្ស៊ី​ទេទើបអាចដោះស្រាយបាននោះ ដោយសារតែលោកសម រង្ស៊ីប្រើការសន្យា និងធ្វើអោយខុស​ពីរដ្ឋាភិបាលសព្វថ្ងៃ មិនពុករលួយ មិនកាប់បំផ្លាញព្រៃឈើ ដេញជនអន្តោប្រវេសន៍ គឺអាច​ទាញបានត្រឹមតែប្រជាពលរដ្ឋដែលស្អប់រដ្ឋាភិបាលប៉ុណ្ណោះ ស្បែកជើងមួយនេះបានធ្វើអោយ​សម្លេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដោយហេតុ ប្រជាពលរដ្ឋដែលស្អប់រដ្ឋាភិបាលសព្វថ្ងៃមិន​ដល់កំរិតគ្រប់គ្រាន់៥០ភាគរយបូក១នៅឡើយទេ លោកសម រង្ស៊ីក៏ប្រើស្បែកជើងមួយ​ជំហៀងបន្ថែមទៀត គឺបំផ្លើសបំផ្លោង បំភ័យពលរដ្ឋខ្មែរដូចការលើកពីបញ្ហាព្រំដែន បើមិនបោះឆ្នោតអោយគណបក្សសម រង្ស៊ីឈ្នះក្នុងអាណិត្តនេះទេ គឺប្រទេសកម្ពុជានឹង​ត្រូវរលាយក្រោមការលេបត្របាក់ពីប្រទេសវៀតណាម។​​​ ការពិតវាគ្រាន់តែវិធីទាញយកសម្លេង​ឆ្នោតបន្ថែមពីអ្នកគាំទ្រគណបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែស្បែកជើងមួយនេះហាក់បីដូចជា​គ្មានប្រសិទ្ធភាពសោះ។ ពីមួយអាណិត្តទៅមួយអាណិត្តទាំងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ទាំង​គណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី គឺកាន់តែមានវ័យចំណាស់រៀងៗខ្លួន​ទៅហើយ ប៉ុន្តែគណបក្សទាំង២នៅតែរក្សាតំណែងរបស់ខ្លួនដដែល។ អាណិត្តទី៤នៃការបោះ​ឆ្នោតជាតិ គេបានមើលឃើញគណបក្សនយោបាយថ្មី​មួយទៀត ដែលកើតចេញពី​អង្គការសង្គមស៊ីវីលគឺគណបក្សសទ្ធិមនុស្សរបស់លោកកឹម សុខា ដែលលោកធ្លាប់និយាយថា​លោកមិនបង្កើតគណបក្សនយោបាយ​ដាច់ខាត ប៉ុន្តែដោយសារប្រជាពលរដ្ឋបាត់ទំនុកចិត្តពី​គណបក្សប្រឆាំងចាស់គឺ គណបក្សសម រង្ស៊ី ទើបលោកបង្កើតគណបក្សសិទ្ធិមនុស្សនេះឡើង​។ ប្រជាពលរដ្ឋមួយចំនួនយល់ថាប្រហែលគណបក្សថ្មីនេះប្រហែលមានវិធីសាស្ត្រអី្វថ្មីហើយ​ក្នុងការឈ្នះឆ្នោតនៅអាណិត្តទី៤នេះ។ ជាសំនួរនិងចំលើយបានមកពីប្រជាពលរដ្ឋនៅ​ខេត្ត​ព្រៃវែង ឈ្នោះ កែវ ដានី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករលោកបានថ្លែងថា នឹកឃើញថាកាលពីពេលនោះលោកទើបតែមកធ្វើកម្មករសំណង់នៅរាជធានីភ្នំពេញបាន២ខែប៉ុណ្ណោះ លោកឃើញការឃោសនា​របស់គណបក្សសិទ្ធិមនុស្ស គឺពិតជាខុសពីគណបក្សសម រង្ស៊ីមែន គឺមានគោលនយោបាយអោយលុយចាស់ៗ៤មឺន​រៀល និងអោយគោ ១០០ក្បាលមកចិញ្ចឹមក្នុង១គ្រួសារ ជាពិសេសភាពពូកែរនិយាយរបស់​ លោកកឹម សុខា។ បន្ទាប់ពីលទ្ធផលបោះឆ្នោតគណបក្សនេះទទួលបានតែ៣កៅអី​ លោកដានី បែរជាយល់ឃើញថា វាគ្រាន់តែជាល្បិចរបស់អ្នកនយោបាយប៉ុណ្ណោះដើម្បីបានសន្លឹកឆ្នោតពីពួកគាត់ ទៅវិញ​។ គាត់​ដឹងដែលថាលោកកឹម សុខា ពូកែរនិយាយរហូតត្រង់ចំណុចខ្លះលោកដឹងថា វាមិនមែនជា​ការពិតទេ តែប្រហែលវាជាវិធីសាស្រ្តនយោបាយហើយមើលទៅ។ ស្បែកជើងដែលអាចអោយលោក កឹម សុខានៅឈរជើងបាននៅទីលាននយោបាយកម្ពុជា​​​និងហ៊ានបើកគណបក្ស​​ថ្មីនោះគឺ ​លោកអាចរកវិធីថ្មីៗដើម្បី​សន្យាជូនប្រជាពលរដ្ឋ​អោយបាន​ច្រើនជាងលោកសម រង្ស៊ី និងការនិយាយពីបញ្ហា ហើយបំភ័យប្រជាពលរដ្ឋអោយបានច្រើនជាងលោកសម រង្ស៊ី។ គណបក្សថ្មីថ្មោងនៅតែបន្តរបង្កើតទៀតព្រោះប្រហែលជានៅមិនទាន់ឃើញមានគណបក្សណា អាចផ្តួលដៃគូរម្ខាងទៀតគឺគណបក្សប្រជាជននេះហើយ ដែលជាហេតុផលអោយពួកគេបង្កើតថ្មីនោះ នៅអាណិត្តទី៥នេះបើសិនជា គណបក្សប្រឆាំងទាំង២ទាំង៣នោះនៅតែប្រើវិធីសាស្ត្រ​ដដែល នោះមុខជាធ្វើអោយបរាជ័យទៀតហើយ ជាពិសេសបើមិនមានការបង្រួបបង្រួមគ្នា​នោះ​​ទេ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនបានពិចារណានោះគឺ បើទោះមានការរួបរួមគ្នារវាងគណ​បក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្សក្តី វាគ្រាន់តែជារូបរាងនៃការរួបរួមប៉ុណ្ណោះ តែអ្វីទៅជា​ស្បែកជើងថ្មីសំរាប់គណបក្សមួយ១នេះ ស្បែកជើងចាស់ដែលគណបក្សនិមួយៗធ្លាប់យកមក​ប្រើនៅទីលានដែលធ្លាប់ចាញ់ជាច្រើនដងនោះ បែរជារើសយកមកប្រើដដែលក្នុងគណបក្ស​រូប​រាងថ្មីមួយនេះ​ទៅវិញ វាប្រាកដជាចុងក្រោយ លទ្ធផលនឹងទទួលបានដូចមុនមិនខាន។ វាមិនខុសអ្វីពីការវិភាគក្រោមការគិតយ៉ាងល្អិតល្អន់នោះទេ គឺចុងក្រោយនៃបរិបថនយោបាយ​ខ្មែរ ប្រជាពលរដ្ឋស្រែកច្រៀងសារជាថ្មីម្តងទៀតគឺអស់សង្ឃឹមពីគណបក្សសង្គ្រោះជាតិ​ដែល​កើតចេញពីការបង្រួបបង្រួមគ្នានោះធ្វើអោយប្រជាពលរដ្ឋខ្មែរបាត់បង់ការទំនុកចិត្តធំជាងមុនការ​រួបរួមទៅទៀត ។ ចុះបើពលរដ្ឋគាត់ចង់ងាកសំលឹងមើលរកគណបក្សនយោបាយផ្សេងទៀតក្រៅពីគណបក្ស​សង្គ្រោះជាតិដែលពួកគាត់អស់ចិត្តទៅហើយនោះ តើនៅមានគណបក្សដែលបង្កើតថ្មីបន្ទាប់​ពីគណបក្សប្រឆាំងមុនៗដែរឬទេ? បើមើលទៅស្ថានភាពបច្ចុប្បន្នគេនៅមើលឃើញថា គណបក្សនយោបាយខ្លះទៀតដែលកំពុងតែសកម្មនៅលើបណ្តាញសង្គមហ្វេសបុក និងនៅតាមសារព័ត៌មានជាតិនានា តួយ៉ាងដូចជា៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ គណបក្សមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងនៅមានគណបក្សជាច្រើនទៀតប្រមាណជា៥០គណបក្ស ប៉ុន្តែគណបក្សដែលមានសកម្ម​ភាពគឺមានតែ៣.៤គណបក្សប៉ុណ្ណោះ។ អ្វីដែលជាសំនួរដូចគណបក្សប្រឆាំងមុនៗនោះគឺ តើ​គណបក្សដែលបង្កើតថ្មីទាំងនេះមានវិធីសាស្រ្តអ្វី សំរាប់ដើរនៅលើទីលាននយោបាយកម្ពុជា​ក្នុងការឈានដល់ការឈ្នះគណបក្សប្រជាជនកម្ពុជាដែលជាម្ចាស់ពានគ្មានគូរប្រកួតមួយនេះ? បើពិនិត្យមើលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានលោកខឹម វាសនាជាប្រធាន​បានធ្វើសកម្មភាពឥតឈប់ឈរនៅលើបណ្តាលវិទ្យុនានានៅកម្ពុជាប្រមាណជាង២០ម៉ោងក្នុងមួយថ្ងៃបើយោងតាមការថ្លែងរបស់លោកខឹម វាសនាតាមវិទ្យុជាតិ និងជាពិសេសសកម្មភាពនៅលើ​បណ្តាញសង្គមហ្វេសបុក ស្ទើរ​​និយាយ​​​ថា​អ្នក​និយម​លែង​បណ្តាញ​សង្គម​មួយនេះនរណា​ក៏​បានស្គាល់លោក ខឹម វាសនា ឬគណបក្ស LDP ដែរ ទាំងនៅលើសង្គមហ្វេសបុក និងក្នុងសង្គមរស់​នៅសារនយោបាយដែលពលរដ្ឋទូទៅបានដឹងគឺថាគណបក្សនេះមាន យន្តការ៨ចំណុចក្នុង​ដឹកនាំរដ្ឋ។ លោក ជា ចន្ថា ជាអ្នករត់ម៉ូឌុបនៅម្តុំផ្សារធំថ្មីមានវ័យប្រមាណ៤៧ឆ្នាំ បាននិយាយថាលោកស្គាល់គណបក្សនេះតាមរយះកា​រស្តាប់វិទ្យុមួយនៅភ្នំពេញ និងបានចាប់អារម្មណ៍សំលេងព្រះធម៌ដែលផ្សាយចេញពីនាទី​របស់គណបក្សនេះទៅវិញ។ ងាកទៅក្នុងបណ្តាញសង្គមហ្វេសបុក យើងឃើញថាអ្នកគាំទ្រគណបក្សនេះបានឃោសនាចែកចាយសារជាសម្លេង និងរូបភាពជាច្រើនដែល​មានខ្លឹមសារទាក់ទងនិងព្រឹត្តិការណ៍សង្គម និងបានប្រើសំដីរិះគន់យ៉ាងខ្លាំងៗចំពោះ​គណបក្ស​សង្គ្រោះជាតិ ទោះបីជាអ្នកលេងភាគ​​ច្រើននៅមិនទាន់ទទួលយកគណបក្ស​នេះក៏ដោយ ក៏ពួក​គេបាន​ដឹងរួចហើយថាគណបក្សមួយនេះមិនគាំទ្រគណបក្សកាន់រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំងឡើយ។ បើនិយាយដល់គណបក្សដែលទើបតែបានទទួលស្គាល់ពីក្រសួងមហាផ្ទៃវិញគឺគណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួន សេរីរដ្ឋា គណបក្សនេះនៅមិនទាន់មានសកម្មភាព​អ្វី​នៅលើទីលាននយោបាយស្រុកខ្មែរនៅឡើយទេ ឬជាហេតុផលដោយសារតែបក្សនេះទើប​តែបង្កើត តែបើមើលក្នុងបណ្តាញសង្គមហ្វេសបុកវិញ យើងឃើញគណបក្សនេះមានសកម្ម​ភាពខ្លះដែរ ដូចជាការបង្ហាញពីរូបភាព​វីដេអូ ប្រជាពលរដ្ឋរងគ្រោះដោយអំពើអយុត្តិធម៌ពី​សំណាក់រដ្ឋាភិបាលហ៊ុន សែន​ តែវាហាក់បីដូចជាគណបក្សនេះមិនទាន់រៀបចំខ្លួននៅឡើយ​អំពីសារនយោបាយរបស់ខ្លួន។ ចំណែកគណបក្សមូលដ្ឋានរបស់លោកកែម ឡី វិញ គឺក្រោយពីក្លាយជាខ្យល់កន្ទាក់មួយសន្ទុះ​មកបន្ទាប់ពីមើលឃើញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអស់សង្ឃឹមនោះ ក៏ធ្វើអោយ​គណបក្ស​​​ដែលមិនទាន់មានរូបរាងនេះមានសកម្មភាពអ្វីពិសេសនៅ​តាមមូល​ដ្ឋាននៅឡើយទេ។ បើមើលបណ្តាលប្រព័ន្ធផ្សព្វផ្សាយនានាកាសែត សារព័ត៌មានល្បីៗ គេមិនបានឃើញរូបរាងគណបក្ស​នេះទេ គឺបែរជាឃើញតែលោកកែម ឡី ដើរតួជាអ្នកវិភាគព្រឹត្តិការណ៍នយោបាយទៅវិញ។​បន្ទាប់ពី​ស្ងាត់ពីគណបក្សលោកកែម ឡី គេក៏បានមើលឃើញការកំរើកឡើងវិញនៅគណបក្សដែល​បានស្លាប់ម្តងរួចមកហើយនោះគឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូរ ប្រធានវិទ្យុសំបុកឃ្មុំ និងជាអតីតប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ។ដោយ​សារតែលោក ម៉ម សូណង់ដូរមានវិទ្យុផ្ទាល់ខ្លួន បើទោះគណបក្សនេះមិនទាន់បានបង្កើតចេញ​ជារូបរាងនិងទទួលស្គាល់ពីក្រសួងមហាផ្ទៃក្តីក៏គណបក្សនេះបានធ្វើការឃោសនាខ្លាំងណាស់​ដែរ នៅលើវិទ្យុរបស់ខ្លួនអំពីគោលនយោបាយជាង២០ចំណុច ដើម្បីអោយពលរដ្ឋទទួលបាន​ព័ត៌មានពីគណបក្សនេះមុនពេលបោះឆ្នោតឈានមកដល់ ប្រហែលការផ្សព្វផ្សាយទាំងនេះ​ហើយជាទ្រនាប់ជើងរបស់លោកម៉ម សូណង់ដូរនោះ ឬមិនទាន់ដឹងថានៅមានសកម្មភាពអ្វី​ជាងនេះនោះទេ។ ប៉ុន្តែគួររំលឹកផងដែលថាលោក ម៉ម សូណង់ដូរគឺជាអតីតអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ ដែលលោកតែងតែយកចិត្តទុកដាក់អំពីបញ្ហាជាតិ ជាពិសេសហ៊ានរិះគន់មេដឹកនាំគណបក្ស​សង្គ្រោះជាតិបន្ទាប់ពីគណបក្សសង្គ្រោះជាតិសំរេចចិត្តចូលសភារ ដែលពួកធ្លាប់ចោទថាជា​សភារចោរមិនគ្រប់ទឹក។

No comments:

Post a Comment