Sunday, July 26, 2015

ផែនការហូជីមិញ និងល្បិចកលបោកប្រាស់ខ្មែរ

លោកគឹម ផែន មានស្រុកកំណើត នៅកម្ពុជាក្រោម ធ្លាប់បានបួសរៀន ហើយបានទាក់ទង ស្គាល់​ពួក​យួន និងខ្មែរក្រោមខ្លះ ដែលបានបម្រើ​ចលនាតស៊ូ វៀតមិញ រហូតលោកទទួល បានឯកសារ​ជាភាសាយួន​ស្តីពីចលនា និងសកម្មភាពយួនវៀតមិញ ក្នុងគោលបំណងលេបទឹកដីខ្មែរ និងលាវ។ ដោយមើលឃើញគ្រោះមហន្តរាយ ដែលយួនកំពុងធ្វើមកលើខ្មែរដូច្នេះ លោកក៏បានងាក មកចូលរួម​ក្នុងចលនាខ្មែរសេរី របស់សឺង ង៉ុកថាញ់វិញ។ លោកបានសរសេរចុះ​ជាអត្ថបទ ប្រចាំថ្ងៃ ក្នុងទំព័រ​សារព័ត៌មានកោះសន្តិភាព(កោះសន្តិភាព ឆ្នាំ១៩៧០ មិនកោះសន្តិភាព​សព្វថ្ងៃនេះទេ) ស្តីពីគ្រោះ​ថ្នាក់ ដែលយួនកំពុងរៀបចំផែនការយកស្រុកខ្មែរ។ 


ក្នុងអត្ថបទនោះ មានភស្តុតាងថត ចម្លងជាប់ទំាង​ឈ្មោះសារព័ត៌មាន និងអត្ថបទរបស់ហូជីមិញ ដែលបានសរសេរចុះផ្សាយ នៅស្រុកបារាំង តំាងតែពីកាលហូជីមិញ នៅធ្វើជាកម្មករ ឯស្រុកបារាំងម្ល៉េះ។ចំណងជើង នោះសរសេរជាភាសាបា​រំាង​ថា (L Indochina Francaise Sera vietnamisse) ។ ក្នុងសម័យសាធារណរដ្ឋ លោកគឹមផែន មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ឯក ធ្វើការនៅក្នុង​ការិយាល័យទី២ ខាងផ្នែកយកព័ត៌មាន ក្រោយមកលោកជាប់ឆ្នោតជាតំណាងរាស្រ្ត មណ្ឌលវិហារ​សួគ៌។ ដោយមានការស្នើសុំពីមិត្តអ្នកអានជាច្រើន លោកបានរៀបចំប្រមូលសំណេររបស់លោក ដែលចុះ​ក្នុងសារព័ត៌មានកោះសន្តិភាពនោះ ចងក្រងជាសៀវភៅមួយឡើង។ សំណៅអត្ថ បទ បានចូលទៅក្នុងរោងពុម្ព ដើម្បីបោះផ្សាយជាសៀវភៅទៅហើយ តែអកុសល ប្រទេសខ្មែរ ត្រូវអន្តរកប្ប ខ្មែរក្រហមឈ្នះ របបសាធារណរដ្ឋ ត្រូវរលំ លោកក៏បានបាត់បង់ ជីវិត ក្នុងរបបប៉ុល ពតថែមទៀត។ លោកគឹម ផែន បានបកប្រែឯកសារសរសេរជាភាសាយួននោះ ស្តីពីដំណើររបស់គណៈ កម្មការយួន ដែលបានចុះមកធ្វើការសកម្មភាពជាដំបូង ក្នុងស្រុកខ្មែររវាងឆ្នាំ១៩៤៧ ដោយ អត្ថបទសរសេរថា គណៈកម្មការយួនវៀតមិញ មានពីរក្រុម មួយក្រុមៗ មានគ្នាជាង១០(ដប់) នាក់។ ក្រុមទី១ បានចុះមកហើយ បានតាំងទីទាក់ទង បង្កើតគណៈកម្មការស្នូលក្នុងតំបន់ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ជប់ មេមត់ ព្រោះនៅទីនោះ មានយួនជាច្រើនជា កម្មករចម្ការកៅស៊ូបារំាង នៅជប់ មេមត់។ ក្រុមទី២ បានបន្តដំណើរទៅខេត្តកំពត ដោយឆ្លងកាត់តាមខេត្តតាកែវ ។ នៅតាកែវ ពួកគេបានទំាងចូលរយមសប្បាយ ក្នុងពិធីចូលឆ្នាំ ខ្មែរ ក្នុងភូមិជនបទមួយ រួចទើបពួកវៀតមិញ បន្តដំណើរទៅខេត្តកំពតទៀត។ នៅទីនោះ គេបានទាក់ទង បង្កើតគណៈកម្មការធម្មការស្នូលវៀតមិញ ដោយរើសយកអភិជនយួន ដែលកើតនៅក្នុងស្រុកខ្មែរ ក្នុងចំណោមនិគមយួនជាច្រើន ដែលបានចាកចេញពីខេត្តពាម។ ក្នុងនោះ មានយួនកើតនៅស្រុកខ្មែរម្នាក់ ធ្លាប់បួសរៀន សិក្សាធម៌វិន័យនៅពុទ្ធិកៈវិទ្យាល័យ ចេះនិយាយភាសាខ្មែរស្ទាត់ ច្បាស់លាស់ ដែលខ្មែរយើងខ្លះស្គាល់ឈ្មោះ ថាអាចារ្យអន មៀន(អាចារ្យមៀន)។ ដោយលោកសឹង ង៉ុកថាញ់ ជាមេដឹកនាំខ្មែរប្រឆាំងបារាំង ហើយត្រូវបារាំងចាប់ទៅ ខ្មែរកំពុងបាត់មេកើយនោះ ហូជីមិញ ក៏ឲ្យអាចារ្យមៀន នេះក្លែងឈ្មោះជាសឹង ង៉ុកមិញ ហើយឃោសនាថា អាចារ្យមៀន ត្រូវជាប្អូនបង្កើតលោកសឹង ង៉ុកថាញ់ ដើម្បីទាក់ទងទាញយកខ្មែរឲ្យទៅបម្រើចលនាយួនវៀតមិញ។ នៅឆ្នាំ១៩៥២ ខ្មែរពីរនាក់ ដែលទៅជួបលោកសឹង ង៉ុកថាញ់ ជាមួយយួនពីរនាក់ដែរនោះ បានសួរលោកថាញ់ថា តើសឹង ង៉ុកមិញ ដែលយួនបន្តុបឲ្យធ្វើជាមេដឹកនាំនៅកំពតនោះ ពិតជាត្រូវជាប្អូនបង្កើតរបស់លោកមែនឬទេ?។ លោកថាញ់ បានឆ្លើយតបវិញថា បើសឹង ង៉ុកមិញ ធ្វើការដើម្បីខ្មែរ បម្រើផលប្រយោជន៍ខ្មែរ បម្រើឧត្តមគតិខ្មែរ មិនធ្វើឲ្យយួន នោះទើបសឹង ង៉ុកមិញ ជាប្អូនរបស់ខ្ញុំ តែសឹង ង៉ុកមិញ ធ្វើការបម្រើឲ្យយួនហូ ជីមិញ ហេតុ នេះហើយ សឹង ង៉ុកមិញ មិនមែនជាប្អូនរបស់ខ្ញុំទេ។ ហូជីមិញ បានឲ្យអាចារ្យមៀន កែឈ្មោះជាសឹង ង៉ុកមិញ ក្នុងបំនងបោកប្រាស់ខ្មែរ ដែលកំពុងបាត់បង់មេដឹកនាំរបស់ខ្លួន ឲ្យ ចូលក្នុងអន្ទាក់របស់យួន បម្រើចលនា និងផលប្រយោជន៍យួន ព្រោះងាយនឹងសម្រេច មហិច្ឆតា ដ៏ធំធេងរបស់ហូ ជីមិញ ក្នុងគំនិតពង្រីកទឹកដីបង្កើតជាសហព័ន្ធឥណ្ឌូចិន។ មេដឹកនាំយួនរូបនេះ(ហូ ជីមិញ) មើលឃើញថា តទៅអនាគត រាស្រ្តយួន មិនអាចរស់នៅ លើដែនដីដ៏តូចចង្អៀត ផ្តល់ផលកសិកម្ម ចិញ្ចឹមមាត់មិនគ្រប់នោះទេ គឺមានតែយកស្រុក ខ្មែរ និងលាវ ទើបយួនរស់។ 

តាមពិតលោកសឹង ង៉ុកថាញ់ គ្មានប្អូនបង្កើតឈ្មោះ សឹង ង៉ុកមិញទេ គឺយួនហូជីមិញ ធ្វើ ដើម្បីបំភ័ន្ត ខ្មែរឲ្យយល់ច្រឡំ ហើយនាំគ្នីគ្នាចូលទៅរួមបម្រើចលនាតស៊ូរបស់យួន ក្នុង គោលដៅយកស្រុកខ្មែរ បញ្ចូលទៅក្នុងសហព័ន្ធឥណ្ឌូចិនតែប៉ុណ្ណោះ នៅពេលណា ដែលយួន មានជ័យជម្នះលើអាណានិគមននិយមបារាំង និងចក្រព័ត្តិអាមេរិករួចរាល់ហើយ។ ដូច្នេះ គ្មានសញ្ញាណាមួយ បញ្ចាក់ថា មេដឹកនាំយួនបញ្ឈប់ សកម្មភាពពង្រីកទឹកដីសោះឡើយ។ ក្រោយទៀត ពួកវៀតមិញ បានមកបណ្តុះបណ្តាលគណៈកម្មការស្នូលនៅសំឡូត ស្ថិតនៅទិសអគ្នេយ៍ ខេត្តបាត់ដំបង ដោយបញ្ជូនយួន៥នាក់ ឲ្យមកទាក់ទង បានខ្សែឥស្សរៈ ស៊ីវ ហេង មូលសម្បត្តិ(រស់ ញឹម) លាវ កែវ មុនី អាចារ្យប្រេស ប៊ុង ហឿក រុង លើត(នួនជា)។ខ្មែរឥស្សរៈទំាងនេះ ក៏មានឈ្មោះថ្មីថា ខ្មែរវៀតមិញ។ ពួកក្រោយនេះ ក៏ធ្វើសកម្មភាពកាប់សម្លាប់រាស្រ្តខ្មែរ ដាក់មីន ធ្វើឲ្យរទេះភ្លើងផ្ទុះក្រឡាប់ ស្លាប់ខ្មែរស្លូតត្រង់ ជាច្រើន តាម ខ្សែញាក់របស់វៀតមិញ។ នេះជាការចាប់ផ្តើមរបស់យួន ក្នុងនយោបាយខ្ចីដៃខ្មែរលាបមុខ ខ្មែរ ឲ្យខ្មែរសម្លាប់ខ្មែរ។ យួនបានចាត់ទុកចលនាខ្មែរកុម្មុយនីស្ត និងលាវក្រហម ដូចជាកូនរបស់គេ។ យួនបានរៀបចំគ្រោងការ ល្អិតល្អន់ណាស់ក្នុងការបណ្តុះស្នូលខ្មែរវៀតមិញនេះ ហើយក្រោយពីទាក់ ទងយកបានពួកខ្មែរឥស្សរៈមួយចំនួនហើយ យួនក៏ចាប់ផ្តើមអប់រំផ្នែកសតិអារម្មណ៍ពួកនេះ ឲ្យស្រលាញ់យួនវៀតមិញ និងដើរតាមមាគ៌ាយួន។ ពួកខ្មែរវៀតមិញរាប់រយនាក់ពានទៅ សិក្សាទ្រឹស្តីវៀតមិញ ក្នុងសាលានយោបាយក្រុងហាណូយ ក្នុងឆ្នាំ១៩៤៧ ឯស៊ីវ ហេង បានទៅហាណូយ ក្នុងឆ្នាំ១៩៥១ ខ្លះទៀតបានទៅសិក្សានៅចិនប៉េកំាងទៀតផង ដូចជាអាចារ្យសារេន (ឡាប សារេន)បានចេញទៅហាណូយ រួចបន្តទៅប៉េកាំងក្នុងឆ្នាំ១៩៥៥ ឯ ប្រពន្ធឈ្មោះលៀត កូនប្រុសពីរ និងកូនស្រីពីរនាក់ បានចាកចេញពីផ្ទះនៅវត្តគ(ជិតផ្ទះម្តាយនួនជា) ស្រុកសង្កែរ ខេត្តបាត់ដំបង ទៅតាមប្តីក្នុងឆ្នាំ១៩៦០ តាមរយៈខ្សែចារកិច្ចយួន នៅបាត់ដំបង រួចទៅសំណាក់ផ្ទះញាតិ នៅភ្នំពេញ មុននឹងឡើងយន្តហោះទៅហាណូយ។ អាចារ្យសារេន មានស្រុកកំណើតនៅភូមិចម្ការសំរោង ជាប់ឌីប្លូមសាលាបាលីភ្នំពេញ ។ កាលនៅក្នុងព្រៃ មានមុខងារជាគណៈនយោបាយរបស់វៀតមិញ នៅស្រុកសំឡូត ខេត្ត បាត់ដំបង។ ថេមពីលើកិច្ចការនេះទៀតនោះ មេដឹកនាំយួនហូជីមិញ ប្រហែលជាគេមិនទុកចិត្តពួកខ្មែរ វៀតមិញ ក៏មិនដឹង ទើបគេរៀបចំផែនការសម្រាប់រយៈពេលវែងមួយថ្មីទៀត។ ពួកយួនបាន ដើរចាប់កុមារខ្មែរ ឬបញ្ចុះបញ្ចូលក្មេងជំទង់ យកទៅហាណូយអប់រំក្បាលខ្មែរ សម្រាប់បម្រើនយោបាយយួន។ បងៗខ្លះ ប្រហែលជានៅចាំបាន ថា រវាងឆ្នាំ១៩៥១ ដល់១៩៥៥ ម្តាយខ្មែរ តែងតែព្រមានកូនមិនឲ្យដើរលេង ខ្លាចប្រមាត់ប្រមង់ ចាប់កូនក្មេង។ វៀតមិញ បានជួលឲ្យចាប់ក្មេងខ្មែរយកទៅអប់រំ ដើម្បីសម្រេចផែនការវៀតណាមូបនីយកម្ម រាស្រ្ត និងស្រុកខ្មែរ ធ្វើជាសហព័ន្ធឥណ្ឌូចិន ដោយយកកូនខ្មែរដែលវាអប់រំទុកនោះ ឲ្យដឹកនាំស្រុក តែក្រោមការឃ្លាំមើលរបស់យួន។ ពួកក្មេងខ្មែរអស់ទំាងនោះ រហូតមកដល់សព្វថ្ងៃនេះ មានវ័យ៣០ ឬ៤០ឆ្នាំ ហើយធ្វើការក្នុងរបប ហេង សំរិន ខ្លះមិនទំាងស្គាល់ម៉ែឪ បងប្អូន បង្កើត ឬស្រុកកំណើតខ្លួនផង។ លើកលែងតែក្មេងវ័យជំទង់ ក្នុងនោះមានប៉ែន សុវណ្ណ ជាស៊ីម រស់ សម័យ ដែលយួននាំយកពីស្រុកលាជ ពោធិសាត់ទៅ ។ នៅដើមឆ្នាំ១៩៧៩ ដែលទ័ពយួនវាយឈ្លានពានប្រទេសខ្មែរនោះ ប៉ុល ពត បានដឹកជញ្ជូន ក្មេងកំព្រាធំៗ កៀរមកតាម កាត់ព្រៃអត់អាហារ ស្លាប់អស់ជាច្រើន ឯក្មេងកំព្រាតូចៗ ដែល វាប្រមូលមិនទាន់ក៏ចាក់សោរឃុំទុកចោលក្នុងមន្ទីរ លុះពេលកងទ័ពយួនចូលមក វាក៏ប្រមូលយកក្មេងកំព្រាខ្ទង់១០០០នាក់ទៅហាណូយ ដើម្បីអប់រំ បញ្ច្រកទ្រឹស្តី ទុកធ្វើជាស្នូល បម្រើផែនការយួនឈ្លានពាន តទៅអនាគតទៀត។ យួនថ្វើដូចគ្នា នឹងកូនកំព្រានៃប្រទេស លាវ។ 

 (ដកស្រង់ពីសៀវភៅ អ្នកណាជាឃាតក?)

No comments:

Post a Comment