Sunday, April 26, 2015

ខ្មែរមានអ្នកនយោបាយគ្មានឧត្តមគតិ ក៏ជាកំហុសរបស់ពលរដ្ឋដែរ!

"អ្នកនយោបាយគឺជាក្រុមមនុស្សដែលគ្រោងនឹងទៅកាន់កាប់ការងារប្រទេសជាតិនាថ្ងៃអនាគត។ ប្រទេសមួយដែលសម្បុរអ្នកនយោបាយបោកប្រាស់ប្រជាពលរដ្ឋ និង គ្មានទស្សនៈវិស័យទេ ប្រទេសនោះនឹងប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើប្រជាពលរដ្ឋក្នុងប្រទេសនោះ មានចរិតពឹងផ្អែងតែលើអ្នកនយោបាយទាំងស្រុង។ នៅកម្ពុជា ក៏សម្បូរអ្នកនយោបាយ ធ្វើនយោបាយដូរបាយ និង បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។ បើកម្ពុជា មានអ្នកនយោបាយបែបនេះច្រើន គេមិនគួរបន្ទោសតែអ្នកនយោបាយនោះទេ តែប្រជាពលរដ្ឋក៏មានកំហុសផងដែរ។" 
​​ កន្លងមកនេះ ប្រជាពលរដ្ឋ និង អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន តែងព្រួតគ្នាស្តីបន្ទោស និង រិះគន់អ្នកនយោបាយគ្រប់ៗគ្នា នៅពេលពួកគេសង្គេតឃើញអ្នកនយោបាយខ្មែរខ្លះ មានចរិតអាត្មានិយម ពុករលួយ ភូតកហុក​ ប្រជាពលរដ្ឋ ដើម្បីបំពេញសេចក្តីស្រេកឃ្លានផ្នែកនយោបាយរបស់ខ្លួន។ កំហុសដែលគួរស្តីបន្ទោសពលរដ្ឋទាំងនោះមានដូចជា៖
ទី១. ឥរិយាបទមិនខ្វល់នឹងរឿងនយោបាយរបស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត បណ្តែលបណ្តោយអោយអ្នកនយោបាយឱកាសនិយមបោកបញ្ឆោតខ្លួនម្តងហើយ ម្តងទៀត។ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត មិនបាននាំតាមដានសកម្មភាពរបស់អ្នកនយោបាយទាំងនោះឡើយ ដោយពួកគេម្នាក់ៗគិតតែរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ពលរដ្ឋខ្លះនិយាយថា រឿងនយោបាយ ឫ រឿងស្រុកទេស ទុកឲ្យអ្នកនយោបាយ ឫ អ្នកដឹកនាំ គេធ្វើទៅបានហើយ តែយើងជាពលរដ្ឋមិនបាច់រវល់នោះទេ គឺគិតតែរឿងរកស៊ីចញ្ចឹមជីវិតរៀងៗខ្លួនទៅបានហើយ។ ផ្នត់គំនិតរបស់ពលរដ្ឋបែបនេះ បានធ្វើឲ្យអ្នកនយោបាយបង្កបញ្ហាសម្រាប់សង្គមជាតិ មួយចំ​នួនសំងំពួនជ្រោកក្នុងវិថីនយោបាយ ដោយសប្បាយចិត្ត បំប៉នមហិច្ឆតាអាក្រក់របស់ខ្លួន បំផ្លាញ់ប្រទេសជាតិយ៉ាងរីករាយ។​​ <<ពេលនោះ អ្នកនយោបាយបោកពលរដ្ឋ គេមិនត្រឹមតែជិៈសេះលែងដៃទេ ថែមទាំងរាំក្បាច់ រាំសារវ៉ាន់ និង រាំស្លួទៀតផង។ >>
ទី២. ដោយសារផ្នត់គំនិតគាំទ្រទាំងបិទភ្នែករបស់ម្ចាស់ឆ្នោត។ ពលរដ្ឋខ្លះ នៅពេលដែលពួកគេ គាំទ្រគណបក្ស ឫ អ្នកនយោបាយមួយហើយ គឺរាល់សកម្មភាពរបស់បក្ស ឫ អ្នកនយោបាយនោះ ពួកគេតែងគិតថា ត្រឹមត្រូវជានិច្ច បើទោះបីជាសកម្មភាពនោះខុស ផ្ទុយពីច្បាប់ ពុករលួយ គ្រួសារនិយម និង ប៉ះពាល់ផលប្រយោជន៍ជាតិ ឫ ប្រជាជនខ្មែរដ៏ទៃទៀតក៏ដោយ។ ពលរដ្ឋទាំងនោះ នៅតែខំប្រឹងការពារទង្វើរអាក្រក់របស់បក្ស និង អ្នកនយោបាយទាំងនោះដដែរ ពីព្រោះថា បក្ស ឫ អ្នកនយោបាយនោះ ជាមនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត បើទោះបីជាពេលខ្លះដឹងថាខ្លួនត្រូវអ្នកនយោបាយទាំងនោះបោកប្រាស់ក៏ដោយ។ ដូច្នេះវាជាសត្យានុម័តហើយថា បើខ្មែរមានពលរដ្ឋធ្វើបែបនេះ ខ្មែរក៏ត្រូវមានអ្នកនយោបាយបោកប្រាស់បែបនេះដែរ។ ហើយពលរដ្ឋក៏មានកំហុសនៅក្នុងរឿងនោះផងដែរ។ 
    ជាការពិត​​ អ្នកនយោបាយខ្លួនឯង គឺជាតួអង្គសំខាន់ ដែលត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និង សមនឹងទទួលពាក្យនិន្ទាពីសំណាក់ប្រជាពលរដ្ឋនៅពេលដែលពួកគេប្រព្រឹត្តអំពើស្មោក គ្រោកមិនបំរើផលប្រយោជន៍របស់ជាតិ។​ ពីព្រោះថា មនុស្សដែលដើរលើវិថីនយោបាយ គួរតែដឹងខ្លួនឯងមុនថា វិថីនយោបាយមិនមែនជាទីលានសម្រាប់រកស៊ី បឺតជញ្ជក់ទ្រព្យសម្បត្តិជាតិ បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ខ្លួនឡើយ។​ អ្នកដែលស្ម័គ្រចិត្តដើរលើវិថីនយោបាយ គឺជាអ្នកដែលស្ម័គ្រចិត្តលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋ និង មាតុភូមិរបស់ខ្លួនដោយសេចក្តីថ្លៃថ្នូរ។
  ដើម្បីឲ្យកម្ពុជាសម្បូរទៅដោយអ្នកនយោបាយដែលមានសន្តានចិត្តពិតប្រាកដ​ បម្រើប្រជាពលរដ្ឋ និង សង្គម កាត់បន្ថយអ្នកនយោបាយបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញ់ផលប្រយោជន៍នោះ ទាម ទារឲ្យពលរដ្ឋខ្លួនឯងដែលជាម្ចាស់ប្រទេស ត្រូវចូលរួមតាមដានសកម្មភាពរបស់អ្នកនយោបាយ​ឲ្យបានច្រើនជាងមុន។ ពលរដ្ឋត្រូវមានមនសិការជានិច្ចថា "បញ្ហាប្រទេសជាតិ ក៏ជាបញ្ហារបស់ខ្លួនឯងផងដែរ" ។ ជាងនេះទៅទៀត ពលរដ្ឋត្រូវហ៊ានបញ្ចេញមតិ និង ហ៊ានក្រោកតវ៉ា ប្រឆាំងនឹងអ្នកនយោបាយដែលមិនបម្រើប្រជាពលរដ្ឋពិតប្រាកដ។ 
  យ៉ាងណាក៏ដោយចុះ ក្នុងរយះពេលចុងក្រោយនេះ ពោលគឺក្នុងកំឡុងពេលបោះឆ្នោត និង ក្រោយបោះឆ្នោតអាណត្តិទី ៥ នេះ ពលរដ្ឋកម្ពុជា ហាក់ផ្លាស់ប្តូរផ្នត់គំនិតចាស់របស់ខ្លួនច្រើនគួរឲ្យកត់សម្គាល់ដែរ។ ពលរដ្ឋជាច្រើន បានងាកមកតាមដានពត៌មាន និង តាមដានស្ថានការណ៍នយោបាយរបស់ប្រទេស។ ពួកគេចាប់ផ្តើមជជែកពីរឿងអ្នកនយោបាយ និង បញ្ចេញយោបល់រិះគន់អ្នកនយោបាយដែលបោកប្រាស់ប្រជាពលរដ្ឋមួយចំនួន ហើយពេលខ្លះពួកថែមទាំងក្រោកឈរតវ៉ាប្រឆាំងអ្នកនយោបាយទាំងនោះក៏មានទៀតផង។ នេះជាសញ្ញាល្អ សម្រាប់ប្រទេសដែលប្រកាន់យករបប "ប្រជាធិបតេយ្យ" ។ ហើយវាក៏ជាតម្រូវការដែលមិនអាចខ្វះបានសម្រាប់ប្រទេសមួយដែលធ្លាប់វក់វីនឹងភ្លើងសង្រ្គាមមួយនេះ៕
ប្រភព៖ ជា ធារិទ្ធ

***ផ្លូវតែមួយគត់ ដើម្បីជួយស្រោចស្រងប្រទេសយើង គឺចូលរួមក្នុងនយោបាយ ដែលជាការចូលរួមប្រកបដោយការយល់ដឹង ចុចស្តាប់ទាំងអស់គ្នាខាងក្រោមនេះ៖


No comments:

Post a Comment