--------
កាលដែលសៀមដណ្តើមយកឈៀងម៉ៃបានពីលាវ នៅរវាងឆ្នាំ១៥៧៣ និងវាយបែកបន្ទាយលង្វែកខ្ចាត់ខ្ចាយនៅអំឡុងឆ្នាំ១៥៩៣ បានធ្វើឲ្យឈ្មោះស្តេចសៀមព្រះណារ៉េត និងពួកសៀម មានកិត្តិនាមល្បីរន្ទឺ។ កាលពីឆ្នាំ១៥៥៥ ពួកប៉េហ្កាន(ភូមា) បានវាយដុតបំផ្លាញរាជធានីអយុធ្យាខ្ទេចខ្ទី រួចនាំជ័យភណ្ឌមួយចំនួនយកទៅ
ហើយថែមទំាងបាននាំយកអ្នកស្រុកជាឈ្លើយទៅជាងមួយសែននាក់ផង រហូតប៉េហ្គូ និងហង្សាវតី។ ក៏ប៉ុន្តែ ការដុតបំផ្លាញឈៀងម៉ៃ និងមឿង ( ស្រុក ឬប្រទេស ឬទឹកដី)របស់វាល ឬសៀមឯទៀតៗ នៅក្នុងអាងទន្លេមេណាមខាងលើ ពិសេស គឺការដណ្តើមយកបានរាជធានីលង្វែកនៅក្នុងអំឡុងឆ្នាំ១៥៨៣ ដល់១៥៩៣ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះពួកសៀម និងស្តេចរបស់ពួកគេឡើងខ្ពស់ត្រដែត នៅក្នុងដួងចិត្តសាធារ ណជន។
គេ(សៀម) បាននិទានថា ដើម្បីបំពេញព្រះរាជបំណងសងសឹកជាមួយស្តេចខ្មែរ ដែលទ្រង់ បានចោទថា សម្តេចខ្មែរក្បត់សៀមនោះ ព្រះណារេត បានលាងព្រះបាទា នឹងលោហិត (យកឈាមស្តេចខ្មែរលាងជើង) របស់ព្រះករុណាកម្ពុជា នៅថ្ងៃស្អែកឡើង បន្ទាប់ពីសៀមដណ្តើម បានបន្ទាយ ឬរាជធានីលង្វែក និងចាប់បានស្តេចខ្មែររួចមក។
រាជពង្សាវតាសៀម បានចាត់ទុកថា ហេតុការណ៍ ដែលកើតឡើងខាងលើនេះ ជារឿងពិត ប៉ុន្តែ ដូចយើងបានឃើញពីខាងដើមរួចមកហើយថា ព្រះសត្ថា ដែលបានដាក់រាជ្យសម្បត្តិថ្វាយព្រះជ័យដ្ឋាទី១ ជាព្រះរាជបុត្រា ព្រះរាជាទំាងពីរព្រះអង្គនេះ មិនបានគង់នៅបន្ទាយលង្វែក ឬត្រូវបានសៀមចាប់ព្រះកាយបានឡើយ ព្រោះព្រះអង្គបានចាកចោលរាជធានី លង្វែកតាំងពីមុនពេលដែលសៀមចូលមកដល់ម្ល៉េះ ហើយព្រះអង្គបានសុគតនៅក្នុងឆ្នាំបន្ទាប់ មកទៀត នៅឯស្ទឹងត្រែង ឬនៅខេត្តសម្បូរណ៍(ឥឡូវស្រុកសម្បូរណ៍) ឯណោះ ដែលនៅទីនោះ គេអាចឃើញមានព្រះចេតីយរបស់ព្រះអង្គ រហូតដល់សព្វថ្ងៃ។ ម្យ៉ាងទៀត ក្រៅពីឯកសារសៀម គេមិនដែលប្រទះឃើញឯកសារណាផ្សេងទៀតនៅកម្ពុជា ដែលបញ្ជាក់ ឬនិយាយ អំពីអំបើឃោរឃៅនេះទេ ហើយគេ ក៏មិនងាយនឹងភ្លេចបានដែរ ប្រសិនបើរឿងនេះ គឺជារឿងពិត ដែលកើតឡើងលើព្រះរាជាខ្មែរមែននោះ។
សម័យនោះ ពួកសៀមនៅមិនទាន់ចេញផុតពីភាពអនារ្យធម៌នៅឡើយទេ ព្រោះមានអរ្យធម៌ ទាបជាងប្រជាជនកម្ពុជា ឬយ៉ាងហោចណាស់ ក៏ទាបជាងកម្ពុជា មុនដែលកម្ពុជា ចាកចោល ឥណ្ទបត្តមហានគរ ឬមុនពេលដែលនាយត្រសក់ផ្អែមឡើងសោយរាជ្យ នៅសតវត្សរ៍ទី១២ដែរ។
(ដកស្រង់ពីសៀវភៅ ប្រវត្តិសាស្រ្តខ្មែររបស់លោក អាដេម៉ារ ឡឺក្លែ អតីត រ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា)
No comments:
Post a Comment