Source: Phnom Pehn Post
![]() |
នុត ចាន់ឡេង និស្សិតខ្មែរសិក្សានៅប្រទេសអ៊ីស្រាអែល |
នៅក្នុងថ្នាក់ នុត ចាន់ឡេង ត្រូវបានមិត្តភក្តិជាច្រើនចាត់ទុកថា ជានិស្សិតម្នាក់ដែលសកម្ម និងមានភាពអំណត់ក្នុងការសិក្សា។ នៅក្នុងផ្ទះ ចាន់ឡេង គឺជាកូនប្រុសម្នាក់ដែលចេះស្រឡាញ់ និងតែងតែដឹងទុក្ខធុរៈឪពុកម្ដាយ។
ដោយសារតែយល់ច្បាស់ពីទុក្ខលំបាករបស់ឪពុកម្ដាយនៅឯស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង ដែលបានខំសន្សំលុយដើម្បីផ្គត់ផ្គង់ការសិក្សានៅឯភ្នំពេញ ចាន់ឡេង តែងព្យាយាមរៀនសូត្រទាំងជំនាញនៅមហាវិទ្យាល័យ និងភាសាអង់គ្លេសដើម្បីអនាគតរបស់ខ្លួន និងក្រុមគ្រួសារ។ បើទោះជាលំបាកបន្តិចក្តី ចាន់ឡេង នៅតែខំពុះពាររហូតបានសម្រេចក្តីស្រមៃរបស់ខ្លួន។
ខណៈកំពុងសិក្សានៅឆ្នាំទីបីនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចាន់ឡេង ត្រូវបានជ្រើសរើសក្នុងបណ្តានិស្សិតជាច្រើនទៀត ឱ្យទៅចូលរួម កម្មវិធីផ្លាស់ប្ដូរការសិក្សានៅឯប្រទេសអ៊ីស្រាអែលនៃតំបន់មជ្ឈិមបូព៌ាកាលពីចុងឆ្នាំ ២០១៤ កន្លងមក។ ជោគជ័យនេះជាមោទនភាពមួយសម្រាប់គ្រួសារ រួមនឹងមិត្តភក្តិរបស់លោកផងដែរ។
នៅអ៊ីស្រាអែល ចាន់ឡេង ទទួលបានការបណ្ដុះបណ្ដាលរយៈពេលមួយឆ្នាំ នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Ruppin (Ruppin Training Center) ស្ថិតនៅខាងជើងក្រុង Tel Aviv។ នៅទីនោះ រូបលោកត្រូវសិក្សាមុខវិជ្ជាចំនួន ១០ តាមបច្ចេកវិទ្យាទំនើប និងការចុះអនុវត្តដោយផ្ទាល់នៅទីធ្លាកសិកម្មតែម្ដង។
និស្សិត វ័យ ២១ ឆ្នាំរូបនេះ បានរៀបរាប់ពីការសិក្សានៅទីនោះថា៖ «ពេលចប់មុខវិជ្ជានីមួយៗ សាស្ត្រាចារ្យនាំយើងចុះទស្សនកិច្ចសិក្សា នៅតាមកសិដ្ឋាន។ យើងប្រឡងបញ្ចប់មុខវិជ្ជាតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងអំឡុងពេលសិក្សា គ្រូមានកិច្ចការ លំហាត់ឲ្យអនុវត្តច្រើនណាស់»។
ក្នុងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីបានទៅដល់ប្រទេសអ៊ីស្រាអែល ចាន់ឡេង តែងតែសរសើរមិនដាច់ពីមាត់ពីភាពមហស្ចារ្យនៃប្រទេសមួយនេះ។ ជាទឹកដីដែលគ្របដណ្ដប់ដោយវាលខ្សាច់ប្រមាណ ៦០ ភាគរយនៃផ្ទៃប្រទេសទាំងមូល អ៊ីស្រាអែលបែរជាក្លាយទៅជាមជ្ឈមណ្ឌលកសិកម្មដ៏ចម្បងមួយទៅវិញ។
ចាន់ឡេង រៀបរាប់ថា កសិកម្មអ៊ីស្រាអែលធ្វើឡើងនៅក្នុងផ្ទះកញ្ចក់ (Greenhouse) និងនៅតាមទីវាល។
បើតាមចាន់ឡេង នៅចម្ការដំណាំ និងចម្កាបន្លែក្នុងប្រទេសអ៊ីស្រាអែល មុនពេលធ្វើការដាំដុះគឺគេយកដីមមោក ដែលបានច្នៃពីកាកសំណល់គំនរសំរាម ដីតាមបាតប្រឡាយទឹក យកទៅចាក់គរលើវាលខ្សាច់ បន្ទាប់មកគេពូនឆូតជាជួរៗ ទើបចាប់ផ្តើមដាំដុះ ដោយមានការរៀបចំប្រព័ន្ធស្រោចស្រពតំណក់ទឹកប្រើទុយោបន្តក់ទឹក។
ចំពោះការដាក់ជីគឺត្រូវបានរៀបចំជាមួយប្រព័ន្ធស្រោចស្រពរួចជាស្រេច។
អ៊ីស្រាអែល ជាប្រទេសមិនសូវសម្បូរទឹកប្រើប្រាស់ទេ ដូច្នេះទឹកសម្រាប់ស្រោចស្រពដំណាំ និងបន្លែគឺជាទឹកលូដែលត្រូវបានចម្រោះតាមបច្ចេកទេស មុននឹងប្រើប្រាស់ជាថ្មីម្តងទៀត។ នៅតាមដងផ្លូវ សុទ្ធតែមានរុក្ខជាតិលម្អ និងផ្កា។
ចាន់ឡេង បានបន្តថា៖ «ឥឡូវអ៊ីស្រាអែលមិនមែនជាវាលខ្សាច់ទៀតទេ ត្រង់ណាក៏មានពណ៌បៃតង មានផ្ការីកគ្រប់ទីកន្លែង សម្បូរសត្វណាស់។ សត្វស្លាបជាច្រើនហើរដេរដាស ស្រែកយំ ចឹកស៊ីផ្លែឈើតាមដងផ្លូវ»។
ចាន់ឡេង បានចាត់ទុកប្រជាជនអ៊ីស្រាអែលជាមនុស្សវៃឆ្លាត រវាសរវៃ ឧស្សាហ៍ព្យាយាមទាំងក្នុងការសិក្សារៀនសូត្រ ធ្វើការ រកស៊ី និងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ចាន់ឡេង ពោលថា៖ «ពួកគេគោរពពេលវេលា ធ្វើអ្វីគឺលឿនទាំងអស់ ដេក ដើរ ឈរ អង្គុយ។ ប្រជាជនគេគឺខ្លាំងៗណាស់ពុំមានពេលទំនេរទេ ធ្វើការរហូត សម្រាកតែថ្ងៃសៅរ៍មួយថ្ងៃគត់។ ថ្ងៃបុណ្យជាតិគេ ទាល់តែធំមែនទែនទើបសម្រាក ពួកគេស្រឡាញ់ការងារណាស់»។
នៅក្នុងការសិក្សា បើទោះជាលោក ចាន់ឡេង ជានិស្សិតអន្តរជាតិ មិនបានសិក្សារួមផ្ទាល់ជាមួយនឹងនិស្សិតក្នុងស្រុកយ៉ាងណាក្ដី ក៏លោកអាចយល់បានថាសិស្សនៅទីនោះ ពូកែ និងមានទេពកោសល្យគេរៀងៗខ្លួនពីកំណើតបូកផ្សំនឹងប្រព័ន្ធអប់រំដ៏ជឿនលឿន និងមានគុណភាព។
ចាន់ឡេង បានរៀបរាប់បន្តថា៖ «និស្សិតអ៊ីស្រាអែលអានសៀវភៅគ្រប់ទីកន្លែង សូម្បីតែជិះរថយន្ត។ ពេលទំនេរពួកគេលេងកីឡា ហាត់ប្រាណ»។
និយាយដល់ចំណុចនេះ និស្សិតខ្មែររូបនេះ ក៏បានបន្ថែមដែរថា៖ «និស្សិតយើងនៅកម្ពុជាក៏មិនអន់ដែរ យើងមានអ្នកឆ្លាតច្រើនណាស់។ ប្រសិនបើនិស្សិតយើងគ្រប់រូបប្រឹងរៀន ថែទាំសុខភាព កុំសេពគ្រឿងស្រវឹងគ្រឿងញៀន ប្រទេសយើងនឹងសម្បូរទៅដោយធនធានមនុស្សប្រកបដោយសមត្ថភាព»។
ថ្វីបើបញ្ហាសន្តិសុខជាកង្វល់ ដោយសារអ៊ីស្រាអែលមានជម្លោះរ៉ាំរ៉ៃជាមួយនឹងប៉ាឡេស្ទីន ចាន់ឡេង បានលើកឡើងថា ស្ថានភាពសុវត្ថិភាពសង្គម អ៊ីស្រាអែល គឺល្អប្រសើរ គ្មានចោរកម្ម និងមានសណ្តាប់ធ្នាប់ ថ្វីបើគេ ឮសូរសំឡេងយន្តហោះចម្បាំងហោះគ្រប់ពេល ប៉ុន្តែ ប្រជាជនគេរស់នៅ ប្រកបរបរ ធ្វើការងារ ដំណើរកម្សាន្តជាធម្មតា។
នៅដើមខែកញ្ញាខាងមុខនេះ នុត ចាន់ឡេង នឹងបញ្ចប់ការសិក្សាហើយត្រឡប់មកមាតុប្រទេសវិញ ដោយពាំនាំចំណេះដឹងផ្នែកបច្ចេកទេសកសិកម្មទៅចូលរួមចំណែកជួយស្ដារ និងបង្កើនគុណភាពនៃវិស័យកសិកម្មនៅកម្ពុជា។
លោកថា លោកមិនទុកវិជ្ជាទាំងនោះនៅក្នុងសៀវភៅទេ គឺយកទៅផ្សព្វផ្សាយដល់ប្រជាកសិករ។
លោកនឹងអនុវត្តមុន ធ្វើជាគំរូបង្ហាញពីលទ្ធផលជោគជ័យ ដើម្បីឲ្យប្រជាពលរដ្ឋកែប្រែពីការធ្វើកសិកម្មតាមបែបយថាផល មកអនុវត្តតាមបែបបច្ចេកទេសវិញ ព្រោះវាចំណាយតិច តែទទួលបានផលច្រើន។
លោកថា៖ «អ្វីដែលខ្ញុំបានឃើញ និងចាប់អារម្មណ៍ ខ្ញុំនឹងនាំវាទៅប្រទេសកម្ពុជាជាមួយខ្ញុំ។ ខ្ញុំយកវិជ្ជាទាំងនោះទៅជួយប្រទេសជាតិតាមដែលអាចធ្វើទៅបាន។ មិនបាច់ធ្វើនាយករដ្ឋមន្ត្រី ក៏អាចជួយប្រទេសជាតិបានដែរ»៕
He is LDP family member?
ReplyDelete