Thursday, June 25, 2015

នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ


ទាញ​សៀវភៅ​ប្រវត្តិសាស្ដ្រ​មក​អាន​កាលណា​ចម្ងល់​ និង​ការ​ឈឺចាប់​កើត​មាន​ឡើង​កាល​នោះ។ យើង​ឃើញ​មាន​តែ​ការ​ដណ្ដើម​អំណាច​គ្នា​ហែកហួរ​គ្នា​រហូត​ធ្វើឲ្យ​មហាចក្រភព​ខ្មែរ​ដ៏​ធំ​សម្បើម​រួញ​ទំហំ​មក​នៅ​សល់​តែ​មួយ​ក្រវេច។
ពិត​ជា​គួរ​ឲ្យ​ស្រណោះ​​ខ្លាំង​ណាស់​ពេល​ស្ដាប់​ចម្រៀង​របស់​ដូនតា​ដែល​បាន​ស្រែក​ច្រៀង​ផ្ដាំ​មក​កូន​ចៅ​ជំនាន់​ក្រោយ​ថា...ខាង​លិច​ក៏​បាត់​ខាង​កើត​ក៏​បង់​ កណ្ដាល​លិច​លង់​ស្ទើរ​លស់​ព្រលឹង... ឱ​! ខ្មែរ​អើយ​ខ្មែរ!តើ​មេរៀន​ប្រវត្តិសាស្ដ្រ​ជូរចត់​ទាំង​នោះ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​កូនចៅ​ជំនាន់​ក្រោយ? តើ​មនុស្ស​ជំនាន់​នេះ​មាន​បាន​គិត​ទេ​ថា​មិន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ​គឺ​ពួក​យើង​សម័យ​នេះ​នឹង​ក្លាយ​ជា​ដូនតា​របស់​ជំនាន់​ក្រោយ? តើ​ពួក​យើង​​ជំនាន់​នេះ​បាន​ត្រៀម​ខ្លួន​ហើយ​ ឬ​នៅក្នុង​ការ​ប្រឈម​មុខ​នឹង​ប្រវត្តិ​សាស្ដ្រ?​អ្នក​នយោបាយ​ល្បីៗ​គ្មាន​បន្សល់​ទុក​នូវ​ទស្សនៈ​​អ្វី​ជា​គតិ​ដែល​ប្រើប្រាស់​កើត​ឲ្យ​កូន​ខ្មែរ​យក​មក​ប្រើប្រាស់​បាន​សោះ។
មាន​ខ្លះ​ដែរ​ដែល​ផ្ដាំ​ថា​បើ​ខ្មែរ​បែកបាក់​ខ្មែរ​ស្លាប់។ ខ្មែរ​សាមគ្គី​ខ្មែរ​រស់។ ប៉ុន្ដែ​តើ​សាមគ្គី​ដូចម្ដេច​ទៅ? នរណា​ជា​អ្នក​មក​ធ្វើឲ្យ​ខ្មែរ​មាន​សាមគ្គី? តើ​រាល់​តែ​ជម្លោះ​សុទ្ធតែ​នាំ​ដល់​ការ​បែកបាក់​ឬ? តើ​រាល់​ការ​ត្រូវ​រ៉ូវ​សុទ្ធ​តែ​នាំ​មក​នូវ​ការ​រីកចម្រើន​ឬ? កូន​ខ្មែរ​អាច​មាន​​ការ​យល់ច្រឡំ​រវាង​ការ​ចេះ​សាមគ្គី និង​ការ​ស៊ុម​គ្រលុំ។ ពេល​អ្នក​នយោបាយ​ចែក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មិន​ដាច់​គេ​ក៏​ឈ្លោះ​គ្នា​ដោយ​និយាយ​​ថា​ឈ្លោះ​ដើម្បី​រក​ការ​រីកចម្រើន។ លុះ​ដល់​ពេល​គេ​តថ្លៃ​គ្នា​ត្រូវ​គេ​ថា​ខ្មែរ​ដល់​ពេល​រួបរួម​សាមគ្គី​គ្នា​ហើយ បើ​នៅ​តែ​ឈ្លោះ​គ្នា​ទៀត​ខ្មែរ​បែកបាក់។
អ្វីៗ​ហាក់​ដូច​ស្រេច​តែ​អ្នក​នយោបាយ​ធំៗ​និយាយ។ កូន​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រស់នៅ​ប្រៀប​បាន​នឹង​ក្មេង​អនាថា​ណា​មួយ​ត្រូវ​ប្រវេប្រវា​ហែកហួរ​អាហារ​កាយ​​ដណ្ដើម​គ្នា​រស់ ដែល​ជា​ទូទៅ​គឺ​ផ្ដឹកៗ​ស្លេកស្លាំង​ខ្វះ​អាហា​រូបត្ថម្ភ។ បែរ​ទៅ​អាហារ​​ខួរ​ក្បាល​វិញ​គ្មាន​ច្រក​អ្វី​ចូល​ជា​អាហារ​មាន​ជីវជាតិ​សោះ ផ្ទុយ​ទៅ​វិញ​​យើង​ឃើញ​ខ្មែរ​បញ្ចូល​តែ​ជាតិ​គីមី​ចូល​ខ្លួន។ បើ​មិន​មើល​រឿង​​ថៃ រឿង​កូរ៉េ​ដែល​ឃើញ​ផ្ដោត​ច្រើន​អំពី​រឿង​ច្រណែន​ឈ្នានីស​ដណ្ដើម​ទ្រព្យ​សម្បត្ដិ ដណ្ដើម​​ប្រុស​​​គ្នា ខ្មែរ​នាំ​គ្នា​មើល​កំប្លែង​មើល​ស្ទីល​រាំ មើល​ម៉ូដ​សក់​របស់​តារា​កូរ៉េ និង​មើល​កំប្លែង​ដែល​ស្រែក​ឡូឡា​ដោយ​ពាក្យ​អាសអាភាស។ បែរ​ទៅ​ពាណិជ្ជកម្ម​វិញ​ឃើញ​តែ​ផឹក​ស្រា​ ជក់​បារី​បាន​រង្វាន់។ ពង្វក់​ឡើង​វាល់​ខ្មែរ​បែប​នេះ បើ​ខ្មែរ​មិន​ស្លាប់​ទាំង​រស់​ទើប​ចម្លែក។ តាម​ផឹក​ទម្រាំ​បាន​រង្វាន់​មួយៗ​ពេល​ទទួល​រង្វាន់​រួច​ធ្វើ​បុណ្យ​ខ្មោច​ល្មម​ព្រោះ​វា​រលួយ​ខ្ទេច​គ្រឿង​ក្នុង​អស់​ទៅហើយ។
បែរ​មក​ខាង​អ្នក​សាសនា​វិញ​ទេសនា​ប្រលោម​រំអួយ​។ ស្ដាប់​លោក​ទេស​យូរៗ​មើល​​ទៅ​យាយៗ​​ទន់ជ្រាយ​លែង​​ចេះ​ពឹង​ក្បាល​ខ្លួនឯង​ចេះ​តែ​បន់ស្រន់​អាត្មា​និយម​ដឹង​តែ​មួយ​មុខ គឺ​អញ​ខំ​ធ្វើ​បុណ្យ​ឡើង​ឋានសួគ៌។ ឱ! ខ្មែរ​អើយ​ខ្មែរ! រស់នៅ​ដោយ​គ្មាន​យល់​ខ្លឹមសារ​ជីវិត​អ្វី​ទាល់​តែ​សោះ។ បើ​មាន​កូន​​ខ្មែរ​មាន​កំណើត​មួយៗ លូត​តែ​បន្ដិច​គេ​ក្ដិច​ចោល​បាត់។
បើ​តែ​យ៉ាងៗ​នេះ​តើ​ឲ្យ​ជាតិ​ដ៏​កម្សត់​មួយ​នេះ​អាច​បន្ដ​រស់​បាន​រហូត​ដល់​ពេល​ណា? តើ​អ្នក​មាន​ខ្មាស​មាត់​នឹង​ស្រែក​ថា​មោទនភាព​ជាតិ​ខ្មែរ​ដែរ​ទេ?
តើ​អ្នក​មោទនភាព​នឹង​រូប​ប្រាសាទ​អង្គរវត្ត​នៅ​នឹង​ដប​ស្រាបៀរ​មែន​ទេ?
តើ​អ្នក​មាន​មោទនភាព​នឹង​យក​ស្រា​ធ្វើ​ជា​បេះដូង​ខ្មែរ​មែន​ទេ? វា​ឈឺផ្សា​ក្នុង​បេះដូង​ខ្លាំង​ណាស់​ពេល​ដែល​ឃើញ​ខ្មែរ​ដឹក​ដៃ​គ្នា​ទៅ​សម្លាប់​ខ្លួន​ដោយ​ខ្មែរ​ខ្លួនឯង​បែប​នេះ។
ជនជាតិ​ខ្មែរ​ចម្លែក​!​ចម្លែក​ត្រង់​បើ​មាន​អ្នក​ងើប​ឡើង​មួយៗ​មុខ​ជា​ត្រូវ​បាន​គេ​ហៅថា អាពួក​ហ្វីឡូ!អា​ត្រឹម​ត្រូវ!មិន​ចូល​ស្ទឹង​តាម​បត់!​ផ្ទុយ​មក​វិញ​មនុស្ស​អាត្មានិយម​ត្រូវ​បាន​លើក​ជា​វីរជន។ បុព្វបុរស​ខ្មែរ​បើ​មិន​ក្លាយ​ជា​អ្នកតា​មុខ​តែ​ក្លាយ​ជា​យាយ​ទេព​មិន​ឃើញ​មាន​​ជា​ទស្សវិទូ​ជា​អ្នក​ប្រាជ្ញ​បណ្ឋិត​​សោះ។ គ្មាន​ជន​ដែល​គេ​រាប់​ថា​ជា​ឥស្សរជន​នយោបាយ​ណា​ម្នាក់​ចេញ​មក​សារភាព​កំហុស​ទុក​ជា​បទពិសោធ​ឲ្យ​កូន​ខ្មែរ​ឡើយ​លើស​ពី​នេះ​មាន​តែ​បន្លប់​បន្លំ​ប្រវត្តិសាស្ត្រ​ទៅវិញ​ព្រោះ​តែ​ដើម្បី​កិត្តិយស​មុខមាត់​របស់​គេ។
នេះ​ជា​អត្តចរិត​អាក្រក់​មួយ​ដែល​មិន​ដែល​ចេះ​ទទួល​ខុស​ត្រូវ​របស់​ជនជាតិ​ខ្មែរ​យើង​​ដែល​អួត​អឿ​ជឿ​ជោរ មិន​ទទួល​ស្គាល់​កំហុស​មិន​ទទួល​ស្គាល់​​ការ​ពិត។ ពួក​យើង​ជំនាន់​នេះ​គួរ​តែ​រួសរាន់​ចូលរួម​គ្នា​កែប្រែ​​ទម្លាប់​អាក្រក់​នេះ​ឲ្យ​បាន បើ​មិន​ដូច្នេះ​ទេ​ក្រោយ​ពេល​ពួក​យើង​​ជំនាន់​នេះ​ស្លាប់​អស់​មនុស្ស​​ជំនាន់​ក្រោយ​មុខ​តែ​ទទួល​មរតក​នៃ​​អត្ដចរិត​អាក្រក់ៗ​ទាំងនេះ​បន្ដ​ពី​យើង​ទៀត​មិន​ខាន។
មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​និយាយ​ការពារ​ការ​ចូល​សភា​របស់​គេ​ថា នយោបាយ​គឺ​ត្រូវ​តែ​បត់បែន​អ៊ីចឹង! នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​អ៊ីចឹង!។តើ​នយោបាយ​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​ដូចម្ដេច?​ពាក្យ​គន្លឹះ​គឺ​គោលដៅ និង​សិល្បៈ​។ ក្នុង​ន័យ​ត្រឹមត្រូវ​គោលដៅ​នោះ​ត្រូវ​តែ​ជា​គោលដៅ​រួម​របស់​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​មិនមែន​ជា​គោលដៅ​ដើម្បី​តែ​មនុស្ស​មួយ​ក្រុម​តូច​ណា​មួយ​ឡើយ។
ផលប្រយោជន៍​ផ្ទាល់​ខ្លួន​រួម​គ្នា​វា​គ្រាន់តែ​ជា​ផល​រួម​នៃ​ប្រយោជន៍​ផ្ទាល់​ខ្លួន​វា​មិនមែន​ជា​ផលប្រយោជន៍​រួម​របស់​ជាតិ​ឡើយ​ហើយ​ជាទូទៅ​បើ​មិន​ឈរ​លើ​ផលប្រយោជន៍​រួម​ទេ​មុខ​តែ​បំពាន​លើ​ផលប្រយោជន៍​មនុស្ស​រួម​សង្គម​មិន​ខាន។ ឯ​ការងារ​ឧត្ដមគតិ​ជា​ការងារ​ដែល​មិន​ត្រឹមតែ​មិន​ដើម្បី​ប្រយោជន៍​ផ្ទាល់​​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​លើស​ពី​នេះ​ការងារ​បែប​នោះ​នឹង​ផ្ដល់​​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ​ថែម​ទៀត។
មនុស្ស​ដែល​មាន​ឧត្ដមគតិ​គេ​រក​ការងារ​ឧត្ដមគតិ​របស់​គេ​ទាល់​តែ​ឃើញ​ដែល​ការងារ​នោះ​ជា​បុព្វហេតុ​នៃ​ជីវិត​របស់​គេ។ ដក​តែ​​បុព្វហេតុ​នោះ​ចេញ ជន​មាន​ឧត្ដមគតិ​យល់​ថា​ខ្លួន​គេ​គ្រាន់តែ​ជា​សម្បក​ធុង​លាមក​ដែល​អសារ​ឥតការ​មិន​ដឹង​រស់​​ដើម្បី​អ្វី។​ម្យ៉ាង​ទៀត​គោលដៅ​នោះ​ត្រូវ​តែ​ប្រកប​ដោយ​ក្រម​សីលធម៌​គោរព​ភាព​ជា​មនុស្ស​ស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សកល​របស់​អង្គការ​​សហប្រជាជាតិ។ ទី​ពីរ​គឺជា​សិល្បៈ​​។​
សិល្បៈ​ដែល​ប្រើ​នោះ​​ត្រូវ​តែ​កើត​​ពី​ចិត្ដ​ដែល​សុចរិត​ប្រកប​ដោយ​​ភាព​ស្មោះត្រង់ និង​គ្មាន​ពិសពុល​ហើយ​ប្រកប​ដោយ​បញ្ញា​។ ការ​និយាយ​ថា​នៅ​ធ្វើ​បាតុកម្ម​ក្រៅ​សភា​ហើយ​បន្ទាប់​មក​ចូល​សភា​ដោយ​និយាយ​​ថា​ នេះ​ជា​សិល្បៈ​ក្នុង​ការ​ធ្វើ​នយោបាយ​គឺជា​លេស​ដ៏​កខ្វក់​ដើម្បី​តែ​បិទបាំង​ទង្វើ​ទុច្ចរិត​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។
ដំបូង​គេ​ហៅ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​មើល​ទៅ​ធ្វើ​ដូច​ថា​គេ​នេះ​ជា​មនុស្ស​ស្រឡាញ់​ភាព​ស្អាតស្អំ​ណាស់​អ៊ីចឹង​គឺ​គេ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​រក​ភាព​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្ដែ​ការ​ពិត​នេះ​ជា​ល្បិច​បង្កើន​ថ្លៃ​ខ្លួន​របស់​គេ​សោះ។ គេ​បាន​យក​ក្បាល​ពលរដ្ឋ​មក​ទ្រាប់​ជា​ឈ្នាន់​ឈាន​ទៅ​ដាក់​ថ្លៃ​ខ្លួន​ចរចា​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ អាសូរ​តែ​ពលរដ្ឋ​ល្ងង់​ឲ្យ​អ្នក​នយោបាយ​ទុច្ចរិត​បោកប្រាស់​ទឹកចិត្ដ​បាន​។​ខំ​ជឿ​ជាក់​ស្រឡាញ់​គេ​ស្មោះ​តែ​គេ​​បោកប្រាស់​សោះ។ អ្នក​នយោបាយ​​ទុច្ចរិត​ខ្មែរ​គ្មាន​សមត្ថភាព​ណា​ទៅ​បោកប្រាស់​នរណា​ផ្សេង​បាន​ក្រៅតែ​ពី​បោក​អ្នក​គាំទ្រ​អ្នក​ស្រឡាញ់​ខ្លួន​ឡើយ។​
អាក្រក់​អី​ក៏​អាក្រក់​ខ្លាំង​យ៉ាង​នេះ​​ម្ចាស់​ថ្លៃ!​គេ​អាច​បោកប្រាស់​បំភាន់​មនុស្ស​ដែល​ស្រឡាញ់​និង​ផ្ដល់​សេចក្ដី​ទុកចិត្ដ​លើ​គេ​បាន?​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ពុល​ទីលាន​នយោបាយ​ខ្មែរ​ដែល​កំពុង​តែ​វាល់​ស្រាប់​នេះ​ឲ្យ​កាន់​តែ​វាល់​លើស​ដើម។ ទង្វើ​នេះ​ប្រៀប​ដូចជា​ការ​ដាស់​អាគម​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ឲ្យ​រស់​ឡើង​វិញ​កាន់តែ​ខ្លាំង​ជាង​មុន​។
គោលដៅ​របស់​ពួកគេ​មិន​ត្រឹម​តែ​មិន​ច្បាស់លាស់​ថែម​ទាំង​មិន​ដើម្បី​ប្រយោជន៍​រួម​របស់​ខ្មែរ​ឡើយ។ គេ​ថា​គេ​ទាមទារ​បោះឆ្នោត​ឡើង​វិញ​ឲ្យ​បាន​បើ​មិន​បាន​គឺ​មិន​ចូល​សភា​ចរចា​ជាមួយ​ចោរ​ដាច់​ខាត។ តែ​លុះ​ពេល​គេ​ចូល​សភា​គេ​ប្រឹង​ទាញ​យក​ចំណុច​នានា​ថា​នោះ​ជា​លទ្ធផល​នៃ​ការ​ចូល​សភា​របស់​គេ។
មិន​ត្រឹម​តែ​បោក​ និង​កុហក​ពលរដ្ឋ​តែ​គេ​ថែម​ទាំង​បំភាន់​ពី​លទ្ធផល​ដែល​គេ​ប្រឹង​រាប់​ថា​ជា​ផ្លែផ្កា​ពី​ការ​ជួប​ចរចា​របស់​គេ​ថែម​ទៀត។ គណបក្ស​សង្គ្រោះ​ជាតិ​លែង​អាច​បិទបាំង​ទង្វើ​របស់​គេ​បាន​ទៀត​ទើប​គេ​ឈប់​ដោះសា​រឿង​នោះ​តែ​គេ​ត្រឡប់​មក​និយាយ​ថា​កាលពី​គេ​ចូល​សភា​នោះ​គេ​មិន​បាន​ចូលចិត្ដ​ឯង​ទេ តែ​គេ​ចូល​តាម​ចិត្ដ​ពលរដ្ឋ​ដោយ​គេ​បាន​និយាយ​ថា គេ​បាន​ធ្វើ​សន្និបាត​ដែល​មាន​តំណាង​ខេត្ដ​មក​ចូលរួម​គាំទ្រ​ក្នុង​ការ​ចូល​សភា​ស្រាប់តែ​មាន​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​សួរ​ថា​តើ​អស់​លោក​ធ្វើ​សន្និបាត​នោះ​ពី​ថ្ងៃ​ណា? នៅ​ទី​ណា? តំណាង​ពលរដ្ឋ​ណា​មក​ចូលរួម​គាំទ្រ​អស់​លោក​ឲ្យ​ចូល​សភា​នោះ? ចំពោះ​មុខ​សំណួរ​នេះ​មេបក្ស​ប្រឆាំង​បាន​ឆ្លើយ​ពង្វាង​ទៅ​ឯ​ណា​ឯ​ណី​ធ្វើ​ដូច​មិន​ដឹង​ខ្លួន​ថា​មាន​រឿង​អី​កើត​ឡើង​សោះ។
ថ្មីៗ​នេះ​រិះគន់​អី​ក៏​លែង​បាន​ដែរ គេ​ថា​ថែរក្សា​វប្បធម៌​សន្ទនា! បើ​អាច​សន្ទនា​គ្នា​ជជែក​គ្នា​ដោយ​សុចរិត​​បាន​នោះ​ពិតជា​រឿង​ល្អ​ណាស់​។ តែ​បើ​វា​ជា​ការ​ស៊ុម​គ្រលុំ​វិញ តើ​នរណា​នឹង​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្ដិសាស្ដ្រ? គេ​ថា​គេ​ត្រូវ​ទន់ភ្លន់​បត់បែន។ ទន់ភ្លន់​ជា​ឥរិយាបថ​មួយ​តែ​ស៊ីនុយ​គេ​ហើយ​ឱន​ក្បាល​ជា​រឿង​មួយ​ទៀត​ផ្សេង។ អ្នក​នយោបាយ​ទុច្ចរិត​ទាំង​នោះ​បាន​ធ្វើឲ្យ​ប្រឡាក់​ខូច​ពាក្យ​សិល្បៈ​អស់។ សិល្បៈ​ក្នុង​ន័យ​ត្រឹមត្រូវ​ជា​សោភ័ណ​ជា​ព្រលឹង​ជា​ស្នូល​ខ្លឹម មិនមែន​ជា​ភាព​ក្លែងក្លាយ​ឡើយ។ សិល្បៈ​មាន​តម្លៃ​ផ្ទាល់​របស់​វា។ ប៉ុន្ដែ​ដោយសារ​តែ​កម្រិត​នៃ​សីលធម៌​ក្នុង​ការ​រស់នៅ​របស់​ខ្មែរ​បាន​ធ្លាក់​ចុះ​ហួស​នឹង​ថ្លែង​ទើប​ទីណា​ក៏​​ឃើញ​មាន​តែ​ភាព​មាយា​បំភាន់​កាឡៃ​បិទបាំង​ការ​ពិត​ហើយ​ត្រូវ​បាន​គេ​ហៅថា​ជា​សិល្បៈ។​
អ្នក​នយោបាយ​ទុច្ចរិត​ចាប់​បាន​ចំណុច​ខ្សោយ​របស់​ពលរដ្ឋ​ត្រង់​នេះ​ទើប​គេ​និយាយ​ថា​ទង្វើ​លោត​ទៅ​លិច​ទៅ​កើត​របស់​គេ​ជា​ការ​បត់បែន​ជា​សិល្បៈ។ ក្នុង​ន័យ​ត្រឹមត្រូវ​ពេល​ដែល​ដាក់​គោលដៅ​រួម​រួច​ហើយ ភាព​បត់បែន​ដែល​រាប់​ថា​ជា​សិល្បៈ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​នោះ​​គឺ​ភាព​បត់បែន​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​គេច​ចេញ​ពី​គ្រោះថ្នាក់​។ គេ​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​គឺ​ក្នុង​ន័យ​មិន​នាំ​បញ្ហា​ដល់​សមាជិក​របស់​គេ។ គេ​វាង​ទៅ​លិច​ ឬ​ទៅ​កើត​យ៉ាង​ណា​ក៏ដោយ​តែ​គោល​របស់​គេ​ដែល​បាន​សម្រេច​រួមគ្នា​មិន​ផ្លាស់ប្ដូរ​សោះ​ឡើយ។
ឥរិយាបថ​ប្រភេទ​នោះ​បើ​ប្រៀប​​នឹង​វត្ថុ​គឺ​វា​ទន់​ផង ស្វិត​ផង​ហើយ​រឹងមាំ​ថែម​ទៀត។ បើ​ទាញ​វា​ចុះ​វា​នឹង​កោង​ទាញ​កាន់តែ​ខ្លាំង​កោង​​កាន់តែ​ខ្លាំង​តែ​ពេល​វា​វាត់​ត្រឡប់​មក​វិញ​វា​នឹង​វាត់​រលាស់​កាន់តែ​ខ្លាំង​លើស​ដើម។ នោះ​ទើប​ជា​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​រួម។ ចុះ​បើ​គោលដៅ​ក៏​ទុច្ចរិត​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ក្រុម​បក្ខ​ពួក​ខ្លួន​ខាងលើៗ​ប៉ុន្មាន​នាក់​មធ្យោបាយ​ដែល​គេ​ប្រើ​ក៏​កខ្វក់ តើ​គេ​សម​នឹង​និយាយ​ថា​គេ​កំពុង​ប្រើ​សិល្បៈ​ឈាន​ទៅ​សម្រេច​គោលដៅ​​ដែរ​ឬ​ទេ?គេ​បាន​ធ្វើឲ្យ​ប្រឡាក់​ពាក្យ​ខ្មែរ​មួយ​នេះ​ហើយ​។
អ្នក​នយោបាយ​ត្រឹមត្រូវ​សុទ្ធតែ​ឈរ​លើ​គោលការណ៍ ខ្ញុំ​អាច​លះបង់​ញាតិ​មិត្ដ​ដែល​ទុច្ចរិត​បាន​តែ​ខ្ញុំ​មិន​អាច​ទម្លាក់​ចោល​នូវ​​ភាព​សុចរិត​ត្រឹមត្រូវ​បាន​ឡើយ​។​ បើ​ទោះបី​ជា​មនុស្ស​រាប់​លាន​នាក់​មិន​គាំទ្រ​ប៉ុន្ដែ​គេ​នៅ​តែ​រឹងមាំ មិន​រញ្ជួយ​តាម​សម្ពាធ​ខាង​ក្រៅ​គឺ​បុគ្គល​នោះ​មាន​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ធ្វើ​កិច្ចការ​ឆ្លើយតប​នឹង​ទស្សន​វិស័យ​របស់​គេ។ បែប​នេះ​ទើប​សម​ជា​អ្នក​នយោបាយ។ ជាពិសេស​ក្នុង​កាលៈទេសៈ​ខ្មែរ​បែប​នេះ។
បេះដូង​ស្មោះត្រង់​សុចរិត​លះបង់​ដើម្បី​ជាតិ​ជា​គុណសម្បត្ដិ​ទី​មួយ​របស់​អ្នក​នយោបាយ​គឺ​អ្នក​នយោបាយ​ត្រឹមត្រូវ​ធ្វើ​នយោបាយ​ដោយ​បេះដូង​សង្គ្រោះ​គ្មាន​គិត​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ មិន​តែ​ប៉ុណ្ណោះ​គឺ​មាន​តែ​ប្រឆាំង​នឹង​គំនិត​ថា​នយោបាយ​ជា​មុខរបរ​រកស៊ី​ថែម​ទៀត​។​គុណសម្បត្តិ​បន្ទាប់​គឺ​គុណសម្បត្ដិ​ផ្នែក​ខួរក្បាល។ ក្រៅពី​ចំណេះ​ជំនាញ​បច្ចេកទេស​​ដែល​តម្រូវ​ឲ្យ​មាន​អ្នក​នយោបាយ​ត្រូវ​ជា​ជន​ដែល​មាន​ទស្សនវិស័យ​ឆ្លុះ​ជ្រៅ​មុតស្រួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដល់​ឫសគល់ ដោយ​ឈរ​ជាប់​ជានិច្ច​លើ​ស្ថានភាព​ជាក់ស្ដែង។
សមត្ថភាព​វែកញែក​របស់​ខួរក្បាល​ត្រូវ​អាស្រ័យ​លើ​បេះដូង​ដែរ​ថ្លា​ស្អាត។ ប្រសិន​បើ​បេះដូង​គេ​កខ្វក់ នោះ​អ្វី​ដែល​ក្បាល​​ផលិត​បាន​គឺ​គ្រាន់តែ​ជា​ល្បិច​​ពិសពុល​តែ​ប៉ុណ្ណោះ។ វា​អាច​​ផ្ដល់​ជា​ប្រយោជន៍​ខ្លះ​ដែរ​មើល​ពី​ខាង​ក្រៅ ប៉ុន្ដែ​ទង្វើ​នោះ​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ទទួល​ឡើយ ព្រោះ​គេ​ធ្វើអ្វី​ក៏​នៅ​តែ​ក្នុង​ន័យ​មាន​តួអង្គ​អញ​របស់​គេ​នៅក្នុង​នោះ​ដដែល។ គុណសម្បត្ដិ​ទី​បី​គឺ​កណ្ដាប់​ដៃ​។ នោះ​​គឺ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​កិច្ចការ​ស្រប​តាម​ទស្សនវិស័យ​ដែល​ខ្លួន​បាន​លើក​ឡើង​។ ​
យើង​នឹង​មិន​អាច​ជ្រើស​បាន​អ្នក​នយោបាយ​ដែល​មាន​​គុណសម្បត្ដិ​ដូច​ខាងលើ​បាន​ឡើយ​បើ​កាលណា​យើង​ទាំងអស់​គ្នា​ដែល​ជា​ប្រជាពលរដ្ឋ​គ្មាន​គុណសម្បត្ដិ​ក្នុង​ការ​រើស​។​ គុណសម្បត្ដិ​របស់​មនុស្ស​ដែល​យើង​ទៅ​រើស​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ប៉ុន្ដែ​គុណសម្បត្ដិ​ផ្ទាល់​របស់​យើង​ដែល​ជា​អ្នក​​​ទៅ​រើស​គេ​វា​រិត​តែ​សំខាន់​ខ្លាំង​ណាស់​ទៅ​ទៀត។ មនុស្ស​បែប​ណា​នឹង​ទៅ​គាំទ្រ​មនុស្ស​បែប​​នោះ​ហើយ​គេ​មុខ​ជា​ទៅ​រើស​មនុស្ស​ប្រភេទ​នោះ​មក​ធ្វើ​ជា​ប្រមុខ​គេ​មិន​ខាន។
អាស្រ័យ​ហេតុ​នេះ​ហើយ​ជា​ជាង​បន្ទោស​តែ​អ្នក​នយោបាយ​ពលរដ្ឋ​គ្រប់ៗ​រូប​​គួរតែ​ចូលរួម​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា​របស់​ពលរដ្ឋ​ផង​គ្នា។​ កាលណា​ពលរដ្ឋ​លែង​ងាយ​ស្រួល​ឲ្យ​គេ​បោក​បាន​នោះ​បន្ដិច​ម្ដងៗ​នឹង​រុញ​ឲ្យ​អ្នក​នយោបាយ​ប្ដូរ​អត្ដចរិត​មិន​ខាន៕
ប៉ាង វ៉ាន់ថោន, vanthownpang@yahoo.com

No comments:

Post a Comment