Thursday, June 18, 2015

និស្សិត​​ខ្មែរ​នៅ​អ៊ីស្រាអែល​៖ មិន​បាច់​​ធ្វើ​​នាយក​រដ្ឋ​មន្ត្រី ក៏​ជួយ​ជាតិ​បាន​ដែរ​

YP
Source: Phnom Pehn Post

នុត ចាន់ឡេង និស្សិត​ខ្មែរ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​
នៅក្នុង​ថ្នាក់ នុត ចាន់​ឡេង ត្រូវ​បាន​មិត្តភក្តិ​ជាច្រើន​ចាត់​ទុក​ថា ជា​និស្សិត​ម្នាក់​ដែល​សកម្ម និង​មាន​ភាព​អំណត់​ក្នុង​ការ​សិក្សា​។ នៅក្នុង​ផ្ទះ ចាន់​ឡេង គឺជា​កូន​ប្រុសម្នាក់​ដែល​ចេះ​ស្រឡាញ់ និង​តែង​តែ​ដឹង​ទុក្ខធុរៈឪពុកម្ដាយ​។
​ដោយសារតែ​យល់ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ឪពុកម្ដាយ​នៅឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ខំ​សន្សំ​លុយ​ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​នៅ​ឯ​ភ្នំពេញ ចាន់​ឡេង តែង​ព្យាយាម​រៀនសូត្រ​ទាំង​ជំនាញ​នៅ​មហាវិទ្យាល័យ​ និង​ភាសា​អង់គ្លេស​ដើម្បី​អនាគត​របស់​ខ្លួន និង​ក្រុម​គ្រួសារ​។​ ​បើទោះជា​លំបាក​បន្តិច​ក្តី ចាន់​ឡេង នៅតែ​ខំពុះពារ​រហូត​បានសម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន។
​ខណៈ​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​បី​នៅ​សាក​លវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ចាន់​ឡេង ត្រូវបាន​ជ្រើសរើស​ក្នុងបណ្តា​និស្សិត​ជាច្រើន​ទៀត ឱ្យទៅ​ចូលរួម កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​នៅឯ​ប្រទេស​អ៊ីស្រាអែល​នៃ​តំបន់​មជ្ឈិមបូព៌ា​កាលពី​ចុងឆ្នាំ​ ២០១៤​ កន្លងមក​។ ជោគជ័យ​នេះ​ជា​មោទនភាព​មួយ​សម្រាប់​គ្រួសារ រួម​នឹង​មិត្តភក្តិ​របស់លោកផង​ដែរ​។​
​នៅ​អ៊ីស្រាអែល ចាន់​ឡេង ទទួល​បាន​ការបណ្ដុះបណ្ដាល​រយៈពេល​មួយ​ឆ្នាំ ​នៅឯ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល Ruppin (Ruppin Training Center) ស្ថិតនៅ​ខាងជើង​ក្រុង Tel Aviv​។ នៅ​ទីនោះ រូបលោក​ត្រូវ​សិក្សា​មុខវិជ្ជា​ចំនួន​ ១០ តាម​បច្ចេកវិទ្យា​ទំនើប និង​ការចុះ​អនុវត្ត​ដោយផ្ទាល់​នៅ​ទីធ្លា​កសិកម្ម​តែម្ដង​។​
​និស្សិត​ វ័យ​ ២១ ​ឆ្នាំ​រូបនេះ បាន​រៀប​រាប់​ពី​ការសិក្សា​នៅ​ទីនោះ​ថា​៖ «​ពេល​ចប់​មុខវិជ្ជា​នីមួយៗ សាស្ត្រាចារ្យ​នាំ​យើង​ចុះ​ទស្សនកិច្ច​សិក្សា នៅតាម​កសិដ្ឋាន​។ យើង​ប្រឡង​បញ្ចប់​មុខវិជ្ជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ក្នុងអំឡុង​ពេល​សិក្សា គ្រូ​មាន​កិច្ចការ លំ​ហាត់​ឲ្យ​អនុវត្ត​ច្រើនណាស់​»​។​
ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​បន្ទាប់ពី​បាន​ទៅដល់​ប្រទេស​អ៊ីស្រាអែល ចាន់​ឡេង តែងតែ​សរសើ​រមិន​ដាច់​ពី​មាត់​ពី​ភាព​មហស្ចារ្យ​នៃ​ប្រទេសមួយ​នេះ​។ ជា​ទឹកដី​ដែល​គ្របដណ្ដប់​ដោយ​វាល​ខ្សាច់​ប្រមាណ​ ៦០ ​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ទាំងមូល ​អ៊ីស្រាអែល​បែរជា​ក្លាយទៅជា​មជ្ឈមណ្ឌល​កសិកម្ម​ដ៏​ចម្បង​មួយ​ទៅវិញ​។​
​ចាន់​ឡេង រៀបរាប់ថា កសិកម្ម​អ៊ីស្រាអែល​ធ្វើឡើង​នៅក្នុង​ផ្ទះ​កញ្ចក់​ ​(Greenhouse)​ និង​នៅតាម​ទីវាល​។
បើតាម​ចាន់​ឡេង នៅ​ចម្ការដំណាំ និង​ចម្កា​បន្លែ​ក្នុង​ប្រទេស​អ៊ីស្រាអែល មុន​ពេលធ្វើ​ការដាំដុះ​គឺ​គេ​យក​ដីមមោក ដែល​បាន​ច្នៃ​ពី​កាកសំណល់​គំនរ​សំរាម​ ដី​តាម​បាត​ប្រឡាយទឹក យកទៅ​ចាក់គ​រលើ​វាល​ខ្សាច់ បន្ទាប់​មក​គេពូនឆូត​ជា​ជួរៗ ទើប​ចាប់ផ្តើម​ដាំ​ដុះ ដោយមាន​ការរៀបចំ​ប្រព័ន្ធ​ស្រោច​ស្រព​តំណក់ទឹក​ប្រើ​ទុយោ​បន្តក់​ទឹក​។
ចំពោះ​ការដាក់​ជី​គឺ​ត្រូវបាន​រៀបចំ​ជា​មួយ​ប្រព័ន្ធ​ស្រោចស្រព​រួចជាស្រេច​។​
​អ៊ីស្រាអែល ជា​ប្រទេស​មិនសូវ​សម្បូរ​ទឹក​ប្រើប្រាស់​ទេ ដូច្នេះ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ និង​បន្លែ​គឺ​ជា​ទឹកលូ​ដែល​ត្រូវបាន​ចម្រោះ​តាម​បច្ចេកទេស មុន​នឹង​ប្រើប្រាស់​ជាថ្មី​ម្តងទៀត​។ នៅតាម​ដងផ្លូវ សុទ្ធ​តែ​មាន​រុក្ខជាតិ​លម្អ និង​ផ្កា​។​
​ចាន់​ឡេង​ បាន​បន្តថា​៖ «​ឥឡូវ​អ៊ីស្រាអែល​មិនមែនជា​វាល​ខ្សាច់​ទៀត​ទេ ត្រង់​ណា​ក៏មាន​ពណ៌​បៃតង មាន​ផ្កា​រីក​គ្រប់​ទីកន្លែង សម្បូរ​សត្វ​ណាស់​។ សត្វស្លាប​ជាច្រើន​ហើរ​ដេរដាស ស្រែក​យំ ចឹក​ស៊ី​ផ្លែឈើ​តាម​ដងផ្លូវ​»​។​
ចាន់​ឡេង បានចាត់ទុក​ប្រជាជន​អ៊ីស្រាអែល​ជា​មនុស្ស​វៃឆ្លាត រវាសរវៃ ឧស្សាហ៍​ព្យាយាម​ទាំង​ក្នុង​ការសិក្សា​រៀនសូត្រ ធ្វើការ រកស៊ី និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​
​ចាន់​ឡេង​ ពោលថា​៖ «​ពួកគេ​គោរព​ពេលវេលា ធ្វើ​អ្វី​គឺ​លឿន​ទាំងអស់ ដេក ដើរ ឈរ អង្គុយ​។ ប្រជាជន​គេ​គឺ​ខ្លាំងៗ​ណាស់​ពុំមាន​ពេលទំនេរ​ទេ ធ្វើការ​រហូត សម្រាក​តែ​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​គត់​។ ថ្ងៃបុណ្យ​ជាតិ​គេ ទាល់តែ​ធំ​មែនទែន​ទើប​សម្រាក ពួកគេ​ស្រឡាញ់​ការងារ​ណាស់​»​។​
​នៅក្នុង​ការសិក្សា បើទោះជា​លោក ចាន់​ឡេង ជា​និស្សិត​អន្តរជាតិ មិន​បាន​សិក្សា​រួម​ផ្ទាល់​ជាមួយនឹង​និស្សិត​ក្នុងស្រុក​យ៉ាងណាក្ដី ក៏​លោក​អាច​យល់បាន​ថា​សិស្ស​នៅ​ទីនោះ ពូកែ និង​មាន​ទេពកោសល្យ​គេ​រៀងៗ​ខ្លួន​ពី​កំណើត​បូកផ្សំ​នឹង​ប្រព័ន្ធ​អប់រំ​ដ៏​ជឿន​លឿន​ និង​មាន​គុណភាព​។​
​ចាន់​ឡេង បាន​រៀបរាប់​បន្តថា​៖ «​និស្សិត​អ៊ីស្រាអែល​អាន​សៀវភៅ​គ្រប់​ទី​កន្លែង សូម្បីតែ​ជិះ​រថយន្ត​។ ពេល​ទំនេរ​ពួកគេ​លេង​កីឡា ហាត់​ប្រាណ​»​។​
​និយាយ​ដល់​ចំណុច​នេះ និស្សិត​ខ្មែរ​រូបនេះ ក៏បាន​បន្ថែម​ដែរ​ថា​៖ «​និស្សិត​យើង​នៅ​កម្ពុជា​ក៏​មិន​អន់​ដែរ យើង​មាន​អ្នក​ឆ្លាត​ច្រើនណាស់​។ ប្រសិនបើ​និស្សិត​យើង​គ្រប់រូប​ប្រឹងរៀន ថែទាំ​សុខភាព កុំ​សេព​គ្រឿង​ស្រវឹង​គ្រឿង​ញៀន ប្រទេស​យើង​នឹង​សម្បូរ​ទៅ​ដោយ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​»​។​
​ថ្វីបើ​បញ្ហា​សន្តិសុខ​ជា​កង្វល់ ដោយ​សារ​អ៊ីស្រាអែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​នឹង​ប៉ាឡេស្ទីន ចាន់​ឡេង បាន​លើក​ឡើងថា ស្ថានភាព​សុវត្ថិភាព​សង្គម អ៊ីស្រាអែល គឺ​ល្អប្រសើរ គ្មាន​ចោរកម្ម និង​មាន​សណ្តាប់ធ្នាប់ ថ្វីបើ​គេ ឮសូរ​សំឡេង​យន្តហោះ​ចម្បាំង​ហោះ​គ្រប់ពេល ប៉ុន្តែ ប្រជាជន​គេ​រស់នៅ ប្រក​បរបរ ធ្វើ​ការងារ ដំណើរ​កម្សាន្ត​ជាធម្មតា​។​
​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ នុត ចាន់​ឡេង នឹង​បញ្ចប់​ការសិក្សា​ហើយ​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​ពាំ​នាំ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​កសិកម្ម​ទៅ​ចូលរួម​ចំណែក​ជួយ​ស្ដារ និង​បង្កើន​គុណភាព​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​
​លោក​ថា លោក​មិន​ទុក​វិជ្ជា​ទាំង​នោះ​នៅក្នុង​សៀវភៅ​ទេ គឺ​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​។
លោក​នឹង​អនុវត្ត​មុន ធ្វើ​ជា​គំរូ​បង្ហាញ​ពី​លទ្ធផល​​ជោគជ័យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កែប្រែ​ពី​ការធ្វើ​កសិកម្ម​តាមបែប​យថាផល ​មក​អនុវត្ត​តាមបែប​បច្ចេកទេស​វិញ ព្រោះ​វា​ចំណាយ​តិច តែ​ទទួល​បាន​ផល​ច្រើន​។​
​លោក​ថា​៖ «​អ្វីដែល​ខ្ញុំ​បានឃើញ និង​ចាប់​អារម្មណ៍ ខ្ញុំ​នឹង​នាំ​វា​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​ខ្ញុំ​។ ខ្ញុំ​យក​វិជ្ជា​ទាំងនោះ​ទៅ​ជួយ​ប្រទេសជាតិ​តាម​ដែល​អាចធ្វើ​ទៅបាន​។ មិនបាច់​ធ្វើ​នាយករដ្ឋមន្ត្រី ក៏​អាចជួយ​ប្រទេស​ជាតិ​​បានដែរ​»៕

1 comment: